មន្ត្រីនៃមន្ទីរសុខាភិបាលខេត្តកណ្ដាល បានបើកឲ្យមានការពិនិត្យឈាមដល់ប្រជាពលរដ្ឋរស់នៅក្នុងឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្ដាល បន្ទាប់ពីមានប្រជាពលរដ្ឋចំនួន១៤នាក់ក្នុងចំណោមប្រជាពលរដ្ឋជាង២០នាក់ ត្រូវបានរកឃើញថា មានផ្ទុកមេរោគអេដស៍កាលពីសប្ដាហ៍កន្លងទៅ។
ប្រជាពលរដ្ឋទាំង១៤នាក់នោះ កំពុងរស់នៅភូមិពាម ស្ថិតក្នុងឃុំសំបួរមាស។ ពួកគេស្ថិតក្នុងចំណោមប្រជាពលរដ្ឋ១.០៣៦នាក់ ដែលរស់នៅទីនោះ។
ប៉ុន្តែ មន្ត្រីសុខាភិបាលខេត្តកណ្ដាល មានមន្ទិលសង្ស័យ ហើយមិនទាន់ទទួលស្គាល់ទិន្នន័យនេះទេ។
លោក អ៊ុក ស៊ីថា ប្រធានកម្មវិធីប្រយុទ្ធប្រឆាំងជំងឺអេដស៍ និងកាមរោគ ខេត្តកណ្ដាល មានប្រសាសន៍ថា មន្ទីរសុខាភិបាលខេត្ត មិនទាន់ទទួលស្គាល់ចំនួននៃអ្នកផ្ទុកមេរោគអេដស៍ជាង១០នាក់នោះទេ ដោយសារតែមន្ទីរសុខាភិបាល ពុំទាន់ទទួលបានទិន្នន័យច្បាស់លាស់។
«គេថា ១២នាក់ ១៣នាក់ ១៤នាក់ តែទិន្នន័យនឹង ខ្ញុំអត់អាចទទួលយកបាន ដោយសារអី? ដោយសារថា វាអត់មានទិន្នន័យក្នុងដៃ»។
Your browser doesn’t support HTML5
លោកថ្លែងបញ្ជាក់ថា ក្រុមការងារមួយ នឹងត្រូវបង្កើតឡើង ដើម្បីទៅបូមឈាមបញ្ជាក់ពីប្រវត្តិនៃការឆ្លងរបស់អ្នកផ្ទុកមេរោគទាំងនោះ។
លោក អ៊ុក ស៊ី ថា ក៏ពុំទាន់អាចឲ្យដឹងអំពីមូលហេតុនៅពីក្រោយនៃការឆ្លងមេរោគនេះ ដែលលោកជឿថា នឹងមិនដូចករណីឆ្លង ដែលបានកើតឡើងនៅក្នុងភូមិរកា ស្រុក សង្កែ ខេត្តបាត់ដំបងនោះទេ។
«មិនៗ មិនអាច ព្រោះការដែលយើងសាកល្បង២៥០នាក់ មានតែបីនាក់ ប៉ុណ្ណឹង។ គិតថា មិនអាចដូចនៅរកាបានទេ» ។
ក៏ប៉ុន្តែ បន្ទាប់ពីការបញ្ចប់ដំណើរការពិនិត្យឈាម ដែលធ្វើឡើងពីម៉ោង៧ព្រឹក រហូតដល់ម៉ោងជិត៤:៣០នាទីរសៀលកាលពីថ្ងៃច័ន្ទកន្លងទៅនេះ លោក អ៊ុក ស៊ីថា បញ្ជាក់ថា ប្រជាពលរដ្ឋដែលមកពិនិត្យឈាមទាំងអស់នោះ មានចំនួនសរុប ២៧៩នាក់។
ក្នុងចំណោមប្រជាពលរដ្ឋទាំងអស់នោះ មានប្រជាពលរដ្ឋ៤នាក់ ត្រូវរកឃើញថា មានផ្ទុកមេរោគអេដស៍។ ក្នុងនោះ មានស្ត្រី ៣នាក់ និងបុរសម្នាក់។ ស្ត្រីដែលរកឃើញថាមានផ្ទុកមេរោគនេះ គឺមានអាយុ ២៧ឆ្នាំ ហើយពីរនាក់ផ្សេងទៀត គឺមានអាយុ ៥៦ឆ្នាំ និង ៦៣ឆ្នាំ ខណៈដែលបុរសដែលរកឃើញថាមានមេរោគនេះដែរ មានអាយុ៦៣ឆ្នាំ។
យ៉ាងហោចណាស់ មានពលរដ្ឋក្នុងឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបងចំនួន២៨០នាក់ត្រូវបានរកឃើញថា មានផ្ទុកមេរោគអេដស៍នៅក្នុងការឆ្លងមួយ ដែលគេចោទថាបង្កឡើងដោយគ្រូពេទ្យឯកជនមិនមានច្បាប់អនុញ្ញាតនៅក្នុងឃុំម្នាក់ ដែលប្រើប្រាស់ម្ជុលចាក់ថ្នាំរួមគ្នាក្នុងពេលព្យាបាលអ្នកជំងឺ។
តុលាការសាលាដំបូងខេត្តបាត់ដំបង កាលពីខែតុលាឆ្នាំ ២០១៥ បានសម្រេចផ្ដន្ទាទោសគ្រូពេទ្យម្នាក់ ឈ្មោះ យ៉ែម ជ្រិន ឲ្យជាប់ពន្ធនាគារ២៥ឆ្នាំ «ពីបទបើកកន្លែងពិគ្រោះព្យាបាលជំងឺដោយគ្មានការអនុញ្ញាតពីក្រសួងសុខាភិបាល បទប្រព្រឹត្តក្នុងចេតនាចម្លងមេរោគអេដស៍ទៅអ្នកដទៃ និងបទទារុណកម្ម» ប្រព្រឹត្តនៅឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង។
មនុស្សចំនួនជាង១០នាក់ដែលបានឆ្លងមេរោគនេះ ត្រូវមន្ត្រីសុខាភិបាលខេត្តបាត់ដំបង ឲ្យដឹងថា បានស្លាប់បាត់បង់ជីវិត។ មនុស្សភាគច្រើននៅក្នុងភូមិនោះ បានអះអាងថា ពួកគេបានទទួលសេវាពិនិត្យ និងព្យាបាលដោយគ្រូពេទ្យ យ៉ែម ជ្រិន ដែលជាគ្រូពេទ្យមានប្រជាប្រិយភាពម្នាក់ប្រចាំភូមិ។
អ្នកស្រី ប៊ូ កេត វ័យ ៦៧ ឆ្នាំ អ្នកភូមិពាម ខេត្តកណ្តាល មានប្រសាសន៍ទាំងក្ដុកក្ដួលចិត្ត នៅពេលដឹងថា អ្នកស្រីមានផ្ទុកមេរោគនេះ។ អ្នកស្រីថ្លែងថា៖
«អ្នកដែលកើតជាមួយខ្ញុំហ្នឹង សុទ្ធតែអត់មានប្ដីសោះ សុទ្ធតែមេម៉ាយ រួចចាស់ៗ។ ខ្ញុំនឹកគុណដែរខាងអង្គការ ខាងគេចុះមកជួសនឹងណា៎។ អត់ដឹងថាគេជួសមើលរោគអីទេ។ ថាពេទ្យគេមកជួស ឈាមមើលគេអីៗអ្ហ៎! អូជួសទៅអញ្ចឹងគិត។ ចុះទៅនាំគ្នាជួស ជួសទៅ វាចេញលទ្ធផលអញ្ចឹងមកនេះ។ ដល់អញ្ចឹងគេឲ្យទៅពេទ្យសម្ដេចឪទៀត។ ដល់ទៅ វាទៀត។ ទៅទៀតទៅ ដល់ពេល លើកក្រោយទៅមួយសារពីថ្ងៃច័ន្ទ ទៅម្ដង ថ្ងៃអង្គារទៅម្ដងទៀត វាមានរោគអញ្ចឹង។ រោគអញ្ចឹង គេធ្វើក្រដាស ធ្វើអ្វីឲ្យយើងណាត់ថ្ងៃជួបបើកថ្នាំបើកអីទៅណា៎។ តែយើង អារម្មណ៍របស់យើង វានៅតែគិតថា វានៅតែខ្មាសគេអញ្ចឹង។ វាមិនសម អាយើងចំណាស់ហ្នឹងហើយ ទៅមានរោគចឹងៗនេះ»។
អ្នកស្រី ណែម យ៉ង់ មេឃុំសំបួរមាស សំដែងក្ដីតក់ស្លុត ចំពោះប្រជាពលរដ្ឋ១៤នាក់ដែលគេរកឃើញថា បានឆ្លងមេរោគអេដស៍ ព្រមគ្នាក្នុងពេលតែមួយ។
លោកស្រី និយាយថា មិនទាន់មានការកំណត់ច្បាស់ពីមូលហេតុ ដែលបណ្ដាលឲ្យមានការឆ្លងនេះ ថាមកពីការប្រើម្ជុលសឺរ៉ាំងរួមគ្នា ឬក៏មូលហេតុផ្សេងណានោះដែរ។
អ្នកស្រីអះអាងថា ប្រជាពលរដ្ឋ មិនទទួលការព្យាបាលពីគ្រូពេទ្យឯកជន ឬគ្រូពេទ្យប្រចាំភូមិនោះទេ ក្រៅតែពីគ្រូពេទ្យដែលទទួលការអប់រំត្រឹមត្រូវនៅរាជធានីភ្នំពេញ។
លោក ធឿន ច័ន្ទតារា និយាយប្រាប់ VOA បន្ទាប់ពីការពិនិត្យឈាម ថា លោកពុំបានដឹងច្បាស់ពីការឆ្លងមេរោគអេដស៍របស់ប្រជាពលរដ្ឋទាំង១៤នាក់នោះទេ។
យ៉ាងណាក៏ដោយ ទំហំនៃការឆ្លងនេះ បានធ្វើឲ្យលោកមានការព្រួយបារម្ភហើយស្ម័គ្រចិត្តមកពិនិត្យឈាម។ លោកចង់ឲ្យអ្នករស់នៅក្នុងភូមិជាមួយលោក មកពិនិត្យឈាម ដើម្បីត្រៀមសម្រាប់ការព្យាបាល ប្រសិនបើការពិនិត្យនោះ បង្ហាញពីផលវិជ្ជមាននៃការឆ្លងមេរោគនេះ។
«ខ្ញុំ ចង់ឲ្យទាំងអស់គ្នាពិនិត្យជួសឈាមឲ្យហើយទៅ។ យើងកុំឲ្យនៅមន្ទិលសង្ស័យរហូតអញ្ចឹងទៅណា៎។ យើង មកជួសហ្មងទៅ អាហ្នឹងដឹងថាច្បាស់លាស់តែម្ដង។ ដឹងថា មានហើយឬមិនមាន អាហ្នឹងស្រណុកចិត្តស្រួល ព្រោះដឹងថាកើតហើយក៏វាល្អដែរ យើងព្យាបាលទៅ»។
កម្ពុជាធ្លាប់ជាប្រទេសដែលមានការឆ្លងរាលដាលមេរោគអេដស៍យ៉ាងខ្លាំង ដែលមានអត្រាប្រេវ៉ាឡង់អ្នកផ្ទុកមេរោគអេដស៍រហូតដល់២,៦ភាគរយនៅឆ្នាំ២០០២ ប៉ុន្តែបានខិតខំទប់ស្កាត់ និងបានទម្លាក់អត្រានោះមកដល់០,៧ភាគរយនៅឆ្នាំ២០១០ ដែលសម្រេចបានលឿនជាងគោលដៅដែលដាក់នៅក្នុងឆ្នាំ២០០៣ថា នឹងទម្លាក់មកត្រឹមតែ១,៨ភាគរយប៉ុណ្ណោះនៅឆ្នាំនេះ។
អ្នកជំនាញខាងមេរោគអេដស៍ ធ្លាប់មើលឃើញថា ករណីដែលបានកើតឡើងនៅភូមិរកាខេត្តបាត់ដំបង ជាការអាម៉ាស់មុខមួយសម្រាប់រដ្ឋាភិបាលកម្ពុជា ដោយសារតែខេត្តនេះ ជាខេត្តដែលកម្ពុជាយកធ្វើជាគំរូក្នុងការបង្ហាញពីភាពជោគជ័យនៃរាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធនឹងជំងឺអេដស៍។
មន្ត្រីសុខាភិបាលខេត្តកណ្ដាល នៅតែមានសុទិដ្ឋិនិយមថា ភូមិពាមនៅខេត្តកណ្ដាល មិនអាចក្លាយជាភូមិរកាទីពីរបាននោះទេ ព្រោះអត្រានៃការឆ្លងដែលបានរកឃើញនៅក្នុងចំនួនមនុស្ស២៧៩នាក់នោះ នៅមានតិចតួចនៅឡើយ៕