ជម្រើស​ដ៏​លំបាក​សម្រាប់​ប្រព័ន្ធ​បោះឆ្នោត​កម្ពុជា

ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​នៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​​កម្ពុជានៅ​​​​ក្នុង​​បន្ទប់​ផ្សាយ​​របស់​​វីអូអេ​​ភ្នំពេញ។​

Your browser doesn’t support HTML5

ជម្រើស​ដ៏​លំបាក​សម្រាប់​ប្រព័ន្ធ​បោះឆ្នោត​កម្ពុជា

វ៉ាស៊ីនតោន - កម្ពុជា​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ផ្លូវ​បំបែក​មួយ​ដែល​ត្រូវ​ពិចារណា​ជ្រើសរើសរវាង​ប្រព័ន្ធ​បោះឆ្នោត​ដែលផ្តល់​អំណាច​ដល់​គណបក្ស​នយោបាយ​ខ្លាំង​ជាង​អ្នក​តំណាង​រាស្រ្ត​និង​ផ្តល់​សិទ្ធិ​ធំ​ដល់​អ្នក​តំណាង​រាស្រ្ត​ប៉ុន្តែ​អាច​នឹង​បាត់​បង់​ឱកាស​សម្រាប់​គណបក្ស​តូចៗ​ក្នុង​ការ​ចូល​ប្រឡូក​ក្នុង​ឆាក​នយោបាយ។

លោក​អ៊ូ​ វីរៈ​ ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​នៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​បានបញ្ជាក់​ក្នុង​កម្មវិធី ហេឡូវីអូអេ​កាលពីថ្ងៃ​ច័ន្ទ​ថា​ក្នុង​ប្រព័ន្ធ​បោះឆ្នោត​សមាមាត្រ​នាពេល​បច្ចុប្បន្នប្រជាពលរដ្ឋ​ខ្លះ​មិន​ទាំង​ស្គាល់​ឈ្មោះ​តំណាង​រាស្ត្រ​នៅ​តំបន់​របស់​គាត់​ផងដោយ​សារបេក្ខ​ជន​ត្រូវ​គណបក្ស​ជា​អ្នក​ដាក់​ហើយ​ពលរដ្ឋ​បោះឆ្នោត​ជ្រើសរើស​គណបក្ស​ដែល​គេ​ស្រឡាញ់​ហើយ​គណបក្ស​មានឥទ្ធិពលខ្លាំង​ពេក​ទៅលើ​អ្នក​តំណាងរាស្រ្ត។

លោក​បាន​បន្ថែម​ថា៖​

«ជាពិសេស​នៅ ពេល​ដែល​បក្ស​មាន​ឥទ្ធិពល​រៀប​បញ្ជី​ឈ្មោះ បេក្ខជន​នៅ​ក្នុង​ខេត្ត​នីមួយៗ​ បក្ស​ក៏ មាន​សិទ្ធិ​ប្តូរ​តំណាង​រាស្រ្ត​ផងដែរ គឺ​នៅ​ពេល​ណា​ដែល​បក្ស​មិន​សប្បាយ​ចិត្ត​បក្ស​ដក​បុគ្គល​នោះ ចេញ​ពី​គណបក្ស​គឺ​ជា​ស្វ័យ​ប្រវត្តិ​បុគ្គល​នោះ បាត់​បង់​អាសនៈ​សភា​ផងដែរ»។​

ប៉ុន្តែ​លោក​បាន​បញ្ជាក់​ថា​ប្រព័ន្ធ​សមាមាត្រ​ផ្តល់​ឱកាស​ឱ្យ​មាន​អ្នក​តំណាង​រាស្រ្ត​មក​ពី​គណបក្ស​ច្រើននៅ​ក្នុង​សភាជាតិ​បើ​ទោះ ជា​គណបក្ស​នោះ​តូចក៏ដោយ។

លោក​បាន​បញ្ជាក់​ថា​មាន​និន្នាការ​ខ្លះ​បាន​លើក​ឡើង​ថា​កម្ពុជា​គួរ​តែ​ជ្រើស​រើស​ប្រព័ន្ធ​ឯកត្តនាមដែល​អនុញ្ញាត​ឱ្យពលរដ្ឋ​បោះឆ្នោត​ជ្រើស​រើស​អ្នក​តំណាង​របស់​ពួកគេ​ដោយ​ផ្ទាល់​និង​បើក​ឱកាស​ឱ្យ​អ្នក​ឯករាជ្យ​អាច​ឈរ​ឈ្មោះ​បាន។ ក្នុង​ករណី​នោះ​ គឺ​ភូមិសាស្រ្ត​ប្រទេស​កម្ពុជា​ត្រូវ​បែង​ចែក​ជា​មណ្ឌល​បោះឆ្នោត​ចំនួន​១២៣​ទៅ តាម​ចំនួន​អ្នក​តំណាង​រាស្រ្ត​ដែល​ត្រូវ​ជ្រើសរើស។​

លោក​អ៊ូ វីរៈ​បាន​លើក​ពី​គុណវិបត្តិ​នៃ​ប្រព័ន្ធ​ឯកត្តនាម​ថា«ការបោះឆ្នោត​ឯកត្តនាម​នេះ​ក៏ ទទួល​រងការរិះគន់​ផងដែរ​ព្រោះ​ថា​អ្នក​ដែល​មាន​លុយ​មាន​ឱកាស​ក្នុង​ការ​ឈ្នះ​ដែរ»​ដែល​លោក​ថា​នេះ​ជាការ​ដក​ឱកាស​របស់​គណបក្ស​ថ្មីនិង​តូចៗ​ក្នុង​ការ​ដាក់​បេក្ខភាព​របស់​ពួកគេ។​ ប្រការ​នេះ​ធ្វើ​ឱ្យ​សំឡេង​របស់​ជន​ជាតិ​ភាគតិច​ឬសំឡេ​ង​ភាគតិច​អាច​បាត់​បង់​សំឡេង​ដែល​ធ្វើ​ឱ្យ​ពលរដ្ឋ​ធុញទ្រាន់​ក្នុង​រឿង​នយោបាយ។

ក្នុង​ការ​បោះឆ្នោត​ឆ្នាំ​២០១៣​កន្លង​មក​នេះ​ខេត្ត​ដែល​មាន​មួយ​អាសនៈ​ចំនួន​៩មណ្ឌលត្រូវ​បាន​គណបក្ស​ប្រជាជន​កម្ពុជា​ឈ្នះ​យក​អាសនៈ​ទាំង​អស់។

លោក​ឈាង វុន ប្រធាន​គណៈកម្មការ​កិច្ចការ​បរទេស​និង​ព័ត៌មាននៃ​គណបក្ស​ប្រជាជន​កម្ពុជាបាន​យល់ស្រប​ដែរ​ថា​ប្រព័ន្ធសមាមាត្រ​ពិត​ជា​ផ្តល់​អំណាច​ដល់​គណបក្ស​នយោបាយ​គឺ​ទាំង​គណបក្ស​កាន់​អំណាច​និង​គណបក្ស​ប្រឆាំងប៉ុន្តែ​លោក​យល់​ថា​ប្រព័ន្ធ​ចម្រុះ​អាច​ជា​ជម្រើស​មួយ​ដែល​គណបក្ស​របស់​លោក​គួរ​តែ​គិត​គូរ​ដល់​ដែរនៅ​ក្នុង​ពេល​អនាគត។ ប្រព័ន្ធ​ចម្រុះ គឺ​ជាការ​បូក​បញ្ជូល​គ្នា​រវាង​ប្រព័ន្ធ​សមាមាត្រ​និង​ប្រព័ន្ធ​ឯកត្តនាម៕​