គណៈកម្មាការ​សភា​នឹង​ពិភាក្សា​សមាសភាព​គ.ជ.ប.​ថ្មី​នៅ​សប្តាហ៍​នេះ​

អ្នក​បោះឆ្នោត​រក​មើល​ឈ្មោះ​នៅ​ក្នុង​បញ្ជី​ឈ្មោះ​នៅ​ការិយាល័យ​បោះឆ្នោត​មួយ​នៅ​ខេត្ត​កណ្តាល​កាល​ពី​ថ្ងៃ​ទី​២៨ ខែ​កក្កដា ឆ្នាំ​២០១៣។

នៅ​សល់​តែ​ពីរ​ថ្ងៃ​ទៀត​តែ​ប៉ុណ្ណោះ​ គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា​និង​បើក​កិច្ច​ប្រជុំ​នីតិវិធី​ដើម្បី​ជ្រើស​រើស​សមាសភាព​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោតថ្មី​ទាំង​៩​រូប។​ ​ក៏​ប៉ុន្តែគណបក្ស​សង្គ្រោះ​ជាតិ​ និង​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​មិន​ទាន់​បាន​បញ្ជាក់​ឈ្មោះ​បេក្ខជន​ជា​ផ្លូវ​ការ​នៅ​ឡើយ​ទេ។​

លោក ​ឈាង វ៉ុន​ អ្នក​នាំពាក្យ​រដ្ឋ​សភា​ មាន​ប្រសាសន៍​ថា​ នៅ​ថ្ងៃ​ទី​២៧​ខាង​មុខ​នេះ ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋ​សភា​នឹង​បើក​កិច្ច​ប្រជុំ​របស់​ខ្លួន​ដើម្បី​ពិនិត្យ​មើល​នីតិ​វិធី​នៃ​ការ​ប្រកាស​និង​ការ​ជ្រើស​រើស​បេក្ខភាព​សម្រាប់​ដាក់​ជូន​សភា​ពេញ​អង្គ​អនុម័ត។​

លោក​បាន​បញ្ជាក់​ថា​ គណៈ​កម្មាធិការ​អចិន្ត្រៃយ៍​មាន​ពេល​១០​ថ្ងៃ​ដើម្បី​ទទួល​ពាក្យ​សម្រាប់​បេក្ខភាព​គណៈកម្មាធិការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត​ថ្មី។​

បន្ទាប់​មក​គណៈកម្មាធិការ​នេះនឹង​យក​ទៅ​ជូន​គណបក្ស​នយោបាយ​ទាំង​ពីរ​ដើម្បី​ជ្រើស​រើស​បេក្ខជន​៤​រូប​ម្ខាង​ម្នាក់។​

លោក​បាន​បញ្ជាក់​ថា​ គណៈ​កម្មាធិការ​អចិន្ត្រៃយ៍​និង​ដាក់​សមាស​ភាព​សមាជិក​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ជូន​សភា​ពេញ​អង្គ​អនុម័ត​នៅ​ថ្ងៃ​ទី​១៣​ខែ​មេសា​ខាង​មុខ​នេះ។​

យោង​តាម​កិច្ច​ព្រម​ព្រៀង​កាល​ពី​ថ្ងៃ​ទី​២២​ខែ​កក្កដា​ គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ព្រម​ព្រៀង​គ្នា​នឹង​ជ្រើស​រើស​សមាសភាព​គ.ជ.ប.​ថ្មី​មាន​ចំនួន​៩​រូប​ ដែល​រូប​ត្រូវ​ជ្រើស​ចេញ​ពី​គណបក្ស​ដែល​មាន​អាសនៈ​នៅក្នុង​រដ្ឋ​សភា​ ចំណែក​បេក្ខភាព​ទី​៩​ត្រូវ​ជ្រើស​ចេញ​ពី​បុគ្គល​ឯករាជ្យ​ដោយ​មាន​ការ​ព្រម​ព្រៀង​ពីគណបក្ស​ទាំង​ពីរ។​

លោក​ឈាង វ៉ុន​មាន​ប្រសាសន៍​ថា ​ចំពោះ​បេក្ខភាព​អ្នក​ស្រី​ពុង ឈីវកេក គណបក្ស​ទាំង​ពីរ​បាន​យល់​ព្រម​ទទួល​យក​ហើយ​ តែ​អាស្រ័យ​លើ​ថា​ តើ​អ្នក​ស្រី​ទទួល​យក​លក្ខខណ្ឌ​ច្បាប់​ថ្មី​ដែរ​ឬ​យ៉ាង​ណា។

លោក​និយាយ​ថា៖ ​«យើង​ព្រម​ព្រៀង​យក​ហើយ​ឲ្យតែ​គាត់​បំពេញ​លក្ខខណ្ឌ​តាម​ច្បាប់»។​

យោង​តាម​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា ​ដែល​ស្នើ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ បាន​ឲ្យដឹង​ថា​ បេក្ខភាព​សមាសភាព​គ.ជ.ប.​ថ្មី​ខាង​គណបក្ស​ប្រជាជន​កម្ពុជា​ទាំង​បួន​រូប​រួម​មាន៖​ លោក​ប៊ិន ឈិន​ លោក​កើត រិទ្ធ​ លោក ព្រំ សុខា​ និង​លោក​ស៊ិច ប៊ុនហុក។ ចំណែក​បេក្ខភាព​សមាសភាព​ខាង​គណបក្ស​សង្គ្រោះជាតិ​មាន​តែ​លោក​ គួយ ប៊ុនរឿន​ម្នាក់​ប៉ុណ្ណោះ​រហូត​ដល់​ពេល​នេះ​ ហើយ​បេក្ខភាព​៣​នាក់​ផ្សេង​ទៀត​មិន​ទាន់​បាន​ប្រកាស​ឲ្យដឹង​ជា​សាធារណៈ​ទេ។

លោក​ឈឹម ផលវរុន​ អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ​មាន​ប្រសាសន៍​ថា ​លោក​មិន​ទាន់​ដឹង​ពិត​ប្រាកដ​ចំពោះ​បេក្ខ​ភាព​ខាង​គណបក្ស​ប្រជាជន​នៅ​ឡើយ​ទេ។​

លោក​និយាយ​ថា៖​ «មក​ដល់​ពេល​នេះ​ យើង​អត់​ទាន់​ដឹង​ជា​ចំហ​ដែរ ​គ្រាន់​តែ​ថា ​ជា​គោល​ការណ៍​ ធម្មតា​យើង​ត្រូវ​ការ​បួន​នាក់។ ​ដើម្បី​ជ្រើស​រើស​ល្អ​ វា​ទាល់​តែ​មាន​ជម្រើស​ច្រើន​ណាស់​ ហើយ​បាន​ពិភាក្សា​គ្នា។​ ប៉ុន្តែ​មក​ដល់​ថ្ងៃ​នេះ​ យើង​អត់​មាន​តួលេខ​អ្វី​ពិត​ប្រាកដ​នៅ​ឡើយ​ទេ»។​

លោក​គួយ ប៊ុនរឿន​ មន្ត្រី​កិច្ច​ការ​បោះ​ឆ្នោត​ខាង​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​បញ្ជាក់​ថា​ គណបក្ស​សង្គ្រោះ​ជាតិ​មិន​ទាន់​បាន​បង្ហាញ​បេក្ខភាព​ណា​ខ្លះ​ដែល​នឹង​ក្លាយ​ទៅ​ជា​សមាជិក​គ.ជ.ប.​ថ្មី​នៅ​ឡើយ។

លោក​និយាយ​ថា៖ ​«អត់​ទាន់​មាន​ទេ។ ​ចាំ​មើល​នីតិ​វិធី​របស់​រដ្ឋ​សភា​សិន។ ​ ហើយ​នៅ​ពេល​ដែល​ថ្នាក់​ដឹក​នាំ​គាត់​បញ្ចប់​បេសក​កម្ម​នៅ​ឯក្រៅ​ប្រទេស​នឹង​ជជែក​ជាមួយ​ថ្នាក់​ដឹក​នាំ​ទៅ។ ​ពេល​ហ្នឹង​បាន​សម្រេច​តែ​ម្តង»។

លោក​បាន​បញ្ជាក់​ថា​ ចំពោះ​បេក្ខភាព​អ្នក​ស្រីពុង ឈីវកេក​ គណបក្ស​សង្គ្រោះ​ជាតិ​នៅ​តែ​ត្រូវការ​អ្នក​ស្រី​ ដូច​ដែល​បាន​ឯកភាព​គ្នា​រវាង​គណបក្ស​ទាំង​ពីរ ​ដោយ​មិន​មាន​ការ​បែ្រប្រួល​ទេ៕