កម្លាំងសមត្ថកិច្ចរាជធានីភ្នំពេញ កាលពីថ្ងៃសៅរ៍ បានឃាត់ខ្លួនជនបរទេសជាង១០០នាក់ ដែលភាគច្រើនជាជនជាតិចិន នៅក្នុងការចុះបង្រ្កាបខុនដូមួយកន្លែងនៅខណ្ឌចំការមន ដែលត្រូវបានរាយការណ៍ថាសង្ស័យការបើកល្បែងអនឡាញ ដែលកម្ពុជាបានបិទចាប់តាំងពីខែមករា ឆ្នាំ២០២០។ ទោះជាយ៉ាងណា អាជ្ញាធរពាក់ព័ន្ធបានបដិសេធមិនអត្ថាធិប្បាយលើរឿងនេះ ដោយស្នើឲ្យសួរទៅខាងតុលាការវិញ។
នៅក្នុងប្រតិបត្តិការចុះឡោមព័ន្ធអគារខុនដូមួយកន្លែង លើផ្លូវ៥០៨ ក្នុងសង្កាត់ផ្សារដើមថ្កូវខណ្ឌចំការមន កម្លាំងកងរាជអាវុធហត្ថបានឃាត់ខ្លួនមនុស្សប្រុសស្រី ជាង១០០នាក់ ក្នុងនោះភាគច្រើនជាជនជាតិចិននិងបន្ទាប់មកជាជនជាតិវៀតណាម។ នេះបើយោងតាមសារព័ត៌មានភ្នំពេញប៉ុស្តិ៍ដែលចេញផ្សាយកាលពីថ្ងៃទី២២ ខែសីហា។ ការបង្រ្កាបនោះដឹកនាំដោយអយ្យការសាលាដំបូងរាជធានីភ្នំពេញ។
លោក អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានប្រាប់វីអូអេនៅថ្ងៃចន្ទនេះថាពិតជាមានការបង្ក្រាបករណីនេះមែន ប៉ុន្តែលោកសុំមិនអត្ថាធិប្បាយបន្ថែមនោះទេ ដោយឲ្យទៅសួរអ្នកនាំពាក្យអយ្យការរបស់សាលាដំបូងរាជធានីភ្នំពេញវិញ។
លោកថ្លែងថា៖ «កងរាជអាវុធហត្ថបង្ក្រាបមែន ក៏ប៉ុន្តែក្រោមការដឹកនាំសម្របសម្រួលពីអយ្យការ។ អញ្ចឹងសុំសួរទៅអយ្យការរាជធានីភ្នំពេញ»។
លោក សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក៏បានស្នើឲ្យសួរទៅខាងតុលាការវិញ។
លោកថ្លែងថា៖ «ប្រតិបត្តិការហ្នឹងគឺនៅក្នុងរាជធានីភ្នំពេញ ហើយការដឹកនាំការអនុវត្ត គឺដោយព្រះរាជអាជ្ញា អមសាលាដំបូងរាជធានីភ្នំពេញ»។
លោក ថេង សុថុល អភិបាលខណ្ឌចំការមនបានប្រាប់វីអូអេថាកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញជាអ្នកចុះបង្ក្រាប ប៉ុន្តែលោកបដិសេធមិនអត្ថាធិប្បាយបន្ថែម។
លោកថ្លែងថា៖ «ទាក់ទងទៅប៉េអឹមក្រុងដោយសារករណីនេះខាងប៉េអឹមក្រុងគេចុះមកធ្វើការ»។
វីអូអេបានទាក់ទងលោក ប្លង់ សុផល អ្នកនាំពាក្យតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ប៉ុន្តែលោកបញ្ជាក់ថាមិនទាន់មានព័ត៌មានទាក់ទងនឹងករណីនេះ។ ចំណែកលោក អ៊ី រិន្ទ អ្នកនាំពាក្យម្នាក់ទៀតរបស់សាលាដំបូងរាជធានីភ្នំពេញ បានបង្វែរសំណួរនេះទៅលោក ប្លង់ សុផល វិញ។
លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដែលទទួលបន្ទុកការងាររបស់ព្រះរាជអាជ្ញារងនៅតុលាការក្រុង សុំមិនធ្វើអត្ថាធិប្បាយជុំវិញករណីនេះ។
លោកថ្លែងថា៖ «ទាក់ទងអ្នកនាំពាក្យទាក់ទងអ្នកនាំពាក្យ អត់និយាយពីរឬបីនាក់បានទេ»។
ចំណែកលោក តាំង ស៊ុនឡាយ ប្រធានសាលាដំបូងរាជធានីភ្នំពេញ បានបដិសេធមិនអត្ថាធិប្បាយដូចគ្នា ដោយបង្វែរសំណួរទៅព្រះរាជអាជ្ញាវិញ។
លោក កែវ វណ្ណថន អគ្គនាយករង និងជាអ្នកនាំពាក្យនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ ប្រាប់វីអូអេថាលោកមិនទាន់បានទទួលសំណុំរឿងនេះទេ។
លោកថ្លែងថា៖ «ប្រសិនបើជនបរទេសហ្នឹងគាត់បញ្ជូនមកដល់ដៃខ្ញុំ [បើ]បែបហ្នឹង សួរថាខ្ញុំបន្តនីតិវិធីបែបម៉េច អាហ្នឹង ខ្ញុំនិយាយបាន ពីព្រោះឥឡូវខ្ញុំអត់មានអីទាំងអស់ខ្ញុំអត់ដឹងផងហ្នឹង»។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពីស្ថានទូតចិនប្រចាំនៅកម្ពុជា តាមសារអ៊ីមែលបាននៅឡើយទេនៅថ្ងៃចន្ទនេះ ។
រដ្ឋាភិបាលកម្ពុជា បានសម្រេចបិទល្បែងអនឡាញ ចាប់តាំងពីដើមឆ្នាំ២០២០ ដែលបណ្តាលឲ្យជនជាតិចិនជាច្រើនដែលធ្វើការផ្នែកនេះនៅកម្ពុជា បានចាកចេញពីប្រទេសកម្ពុជាទៅប្រទេសរបស់ខ្លួនវិញ ជាពិសេសពីខេត្តព្រះសីហនុ ដែលសំបូរទៅដោយកាស៊ីណូ។ កាលពីកន្លងទៅ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចាត់ទុកថាល្បែងអនឡាញ«ប៉ះពាល់ដល់សន្តិសុខសណ្ដាប់ ធ្នាប់សាធារណៈនិងរបៀបរៀបរយសង្គម» ហើយបានដាក់បទបញ្ជាឲ្យអាជ្ញាធរបិទល្បែងអនឡាញនេះ ឲ្យបាន«ម៉ឺងម៉ាត់» និងមាន«ប្រសិទ្ធភាពខ្ពស់»។
លោក អំ សំអាត នាយករងទទួលបន្ទុកឃ្លាំមើលនិងការពារសិទ្ធិមនុស្សនៃអង្គការលីកាដូ ជំរុញឲ្យអាជ្ញាធរចាត់វិធានការច្បាប់តឹងរ៉ឹងបន្ថែមទៀត ដើម្បីកុំឲ្យកម្ពុជាក្លាយជាប្រទេសងាយរងគ្រោះ ដោយជនបរទេសមួយចំនួនដែលឆ្លៀតឱកាស ឬលួចបើកល្បែងស៊ីសងតាមប្រព័ន្ធអនឡាញ និងមានការចាប់ជំរិតជាដើម។
លោកថ្លែងថា៖ «ទាក់ទងហ្នឹងអន្តោប្រវេសន៍ ឬក៏ការលេងល្បែងតាមប្រព័ន្ធអនឡាញនេះ គួរតែរឹតបន្តឹងហើយហ្នឹង ធ្វើម៉េចអនុវត្តឲ្យមានប្រសិទ្ធភាព[ជាងនេះ]ទៀត ដើម្បីចៀសវាងជនបរទេសមួយចំនួនដែលយកប្រទេសយើងធ្វើជាឧបករណ៍ក្នុងការលេងល្បែង ឬក៏ឧបករណ៍ក្នុងការចាប់ជំរិតតាមប្រព័ន្ធអ៊ីនធឺណិតអីហ្នឹង»។
កាលពីកន្លងទៅ អាជ្ញាធរកម្ពុជាបានចាប់បញ្ជូនជនជាតិចិនទៅប្រទេសរបស់ពួកគេជាបន្តបន្ទាប់។ ក្រសួងមហាផ្ទៃធ្លាប់ឲ្យដឹងថាការបណ្ដេញជនជាតិចិនចេញពីកម្ពុជា ផ្អែកតាមអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណៈចិន៕