មន្ត្រីជាន់ខ្ពស់នៃក្រសួងការបរទេសសហរដ្ឋអាមេរិក បានថ្លែងនៅសប្តាហ៍ថ្មីៗនេះថាទណ្ឌកម្មដោយការហាមមិនឲ្យនាំចេញអាវុធ និងសម្ភារៈយោធាចូលប្រទេសកម្ពុជា អាចដកចេញបាននៅពេលណានោះគឺអាស្រ័យលើបញ្ហាពាក់ព័ន្ធនឹងទំនាក់ទំនងចិន-កម្ពុជានៅមូលដ្ឋានយោធាជើងទឹករាមកម្ពុជាដែលសហរដ្ឋអាមេរិកសង្ស័យពីវត្តមានមូលដ្ឋានកងទ័ពចិន និងអាស្រ័យទៅលើការរីកចម្រើនផ្នែកបញ្ហាលទ្ធិប្រជាធិបតេយ្យ ដែលសហរដ្ឋអាមេរិកបារម្ភ។ នេះបើតាមការអះអាងមន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិក។
លោកស្រី Karen Chandler ឧបការីរងរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកទទួលបន្ទុកកម្មវិធីនិងប្រតិបត្តិការនៃការិយាល័យកិច្ចការនយោបាយយោធារបស់ក្រសួងការបរទេសបានថ្លែងប្រាប់វីអូអេក្នុងបទសម្ភាសន៍ពិសេសនិងកម្មវិធីចេញផ្សាយរបាយការណ៍ថ្មី «ដើរលើផែនដីមានសុវត្ថិភាព៖ ការបង្ហាញរបាយការណ៍ថ្មី ភាពជាអ្នកដឹកនាំសហរដ្ឋអាមេរិកជាសកលក្នុងការបំផ្លាញអាវុធធម្មតា របស់អាមេរិក និង ការបោសសម្អាតគ្រាប់មីន»។
អ្នកស្រី Karen Chandler បានបន្ថែមថា៖ «ខ្ញុំមិនអាចទស្សន៍ទាយពីអនាគតទេ ដូច្នេះខ្ញុំមិនអាចនិយាយច្បាស់លាស់ថាពេលណាកម្ពុជាត្រូវលុបចេញពីបញ្ជីទណ្ឌកម្មទេ។ អ្វីដែលខ្ញុំអាចនិយាយគឺថាសហរដ្ឋអាមេរិកប្តូរផ្តាច់ដើម្បីការរីកចម្រើននៃប្រទេសកម្ពុជា ក្រៅពីសេរីភាពសម្រាប់កម្ពុជានិងសេរីភាពផ្នែកលទ្ធិប្រជាធិបតេយ្យផងដែរ។ នៅពេលលោកប្រធានាធិបតី Biden អញ្ជើញទៅកម្ពុជាកាលពីខែវិច្ឆិកាឆ្នាំមុនលោកប្រធានាធិបតីបានលើកទឹកចិត្តដល់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បើកលំហទំនាក់ទំនងនយោបាយនិងសង្គមស៊ីវិល ហើយអនុញ្ញាតដល់ពលរដ្ឋបញ្ចេញមតិដោយសេរីនៅមុនពេលបោះឆ្នោតឆ្នាំ២០២៣»។
អ្នកស្រី Karen Chandler បានបន្ថែមថាជាផ្នែកមួយនៃការបើកលំហប្រជាធិបតេយ្យ គឺមានន័យផងដែរដែលថាត្រូវមានការពិនិត្យឡើងវិញនូវទំនាក់ទំនង ដែលមន្ត្រីក្រសួងការពារជាតិកម្ពុជាមានជាមួយនឹងចិន៖ «ដូច្នេះក្តីបារម្ភជាចម្បងមួយ ដែលសហរដ្ឋអាមេរិកមានគឺទំនាក់ទំនង និង ជាពិសេសវត្តមានការចែករំលែកបច្ចេកវិទ្យាដ៏រសើប ដែលអាចកើតមាន នៅឯមូលដ្ឋានយោធាជើងទឹករាម ដោយសារវត្តមានរបស់យោធាចិនដែលនៅក្នុងប្រទេសកម្ពុជា។ ហើយសហរដ្ឋអាមេរិកជឿថាកម្ពុជាគួរពិនិត្យមើលឡើងវិញ រឿងនោះ។ ពលរដ្ឋកម្ពុជាគួរពិនិត្យមើលទំនាក់ទំនងទាំងនោះ ពីព្រោះទំនាក់ទំនងនោះនឹងមិនជួយធានាដល់បូរណភាពពលរដ្ឋកម្ពុជាទេ»។
គណបក្សជំទាស់ដ៏ធំក្នុងប្រទេសកម្ពុជាគឺគណបក្សសង្គ្រោះជាតិត្រូវបានតុលាការកំពូលរំលាយមុនការបោះឆ្នោតឆ្នាំ២០១៨ ដោយសារមានការចោទប្រកាន់ថា ចង់ផ្តួលរំលំរដ្ឋាភិបាលកម្ពុជារបស់ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន។ មេដឹកនាំគណបក្សនេះកំពុងជាប់ឃុំក្នុងផ្ទះ ក្រោយតុលាការបានកាត់ទោសឲ្យជាប់គុក២៧ឆ្នាំកាលពីដើមខែមីនាឆ្នាំ២០២៣ ហើយកំពុងបន្តសំណុំរឿងទៅសាលា ឧទ្ធរណ៍។ ដោយឡែកអតីតមេដឹកនាំម្នាក់ទៀតលោក សម រង្ស៉ីកំពុងបន្តនិរទេសខ្លួននៅក្រៅ ប្រទេស។ ក្រុមមន្ត្រីរបស់លោកជាច្រើនក៏បន្តនិរទេសខ្លួននិងត្រូវបានដកសិទ្ធធ្វើនយោបាយ។ ពួកគេក៏កំពុងជាប់ក្តីក្តាំនៅតុលាការ។ រីឯមន្ត្រីខ្លះបានចុះចូលជាមួយគណបក្សកាន់អំណាច។
សហរដ្ឋអាមេរិក និងក្រុមបស្ចឹមប្រទេស និងអ.ស.ប. បានទទូចឲ្យមានការពិភាក្សានយោបាយ ដើម្បីបើកផ្លូវឲ្យមានលំហសេរីភាពនយោបាយ សង្គមស៊ីវិលនិងសារព័ត៌មានឯករាជ្យឡើងវិញ។
មន្ត្រីយោធាកម្ពុជា មិនបានឆ្លើយតបនឹងសំណួររបស់វីអូអេនៅឡើយទេទាក់ទងនឹងទណ្ឌកម្មផ្នែកយោធាដែលសហរដ្ឋអាមេរិកបានដាក់កាលពីខែវិច្ឆិកាឆ្នាំ២០២១ លើនាយឧត្តមសេនីយ៍ពីររូប គឺលោកនាយឧត្តមសេនីយ៍ ចៅ ភិរុណ អគ្គនាយកនៃអគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស និងនាយឧត្តមនាវី ទៀ វិញ មេបញ្ជាការកងទ័ពជើងទឹកពេលនោះឲ្យស្ថិតនៅក្នុងបញ្ជីខ្មៅពាក់ព័ន្ធនឹងអំពើពុករលួយនិងតម្លាភាពនៃការសាងសង់។
ចំណាត់ការរបស់សហរដ្ឋអាមេរិកនេះ គឺយោងទៅលើការអភិវឌ្ឍតំបន់កងទ័ពជើងទឹករាមក្នុង ខេត្តព្រះសីហនុ ដែលសហរដ្ឋអាមេរិកមិនសប្បាយចិត្តនឹងការវាយបំផ្លាញចោលអគារជំនួយ របស់សហរដ្ឋអាមេរិកដល់យោធាកម្ពុជា។
ក្រុមមន្ត្រីកម្ពុជាចាប់ពីអ្នកនាំពាក្យរដ្ឋាភិបាល រដ្ឋមន្ត្រីការពារជាតិ និងនាយករដ្ឋមន្ត្រី បានបដិសេធជាបន្តបន្ទាប់នូវវត្តមានកងទ័ពចិននៅមូលដ្ឋានយោធាជើងទឹកកម្ពុជាតាំងពីមានការចោទប្រកាន់ប៉ុន្មានឆ្នាំថ្មីៗនេះ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបដិសេធភ្លាមៗក្រោយពេល ដែលកាសែត The Wall Street Journal បានដកស្រង់ពីប្រភពមន្ត្រីអាមេរិកម្នាក់និងមន្ត្រីដែលធ្វើកិច្ចការនេះ តែមិនបានប្រាប់ឈ្មោះ មកផ្សព្វផ្សាយឲ្យដឹងដំបូងកាលពីខែកក្កដាឆ្នាំ២០១៩ថាប្រទេសចិនបានចុះហត្ថលេខាលើកិច្ច ព្រមព្រៀង ជាសម្ងាត់មួយ ដើម្បីអនុញ្ញាតឲ្យកងទ័ពរបស់ខ្លួនប្រើប្រាស់មូលដ្ឋានទ័ពជើងទឹកកម្ពុជា រយៈពេល៣០ឆ្នាំ ខណៈដែលរដ្ឋាភិបាលទីក្រុងប៉េកាំងដំណើរការបង្កើនសមត្ថភាពយោធារបស់ខ្លួនក្នុងការពិនិត្យមើលឥទ្ធិពលយោធានៅជុំវិញពិភពលោក។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបានដកស្រង់សម្តីដោយសារព័ត៌មានក្នុងស្រុក មកបញ្ជាក់ថានេះជាព័ត៌មានប្រឌិតដ៏អាក្រក់បំផុតប្រឆាំងកម្ពុជា។ លោកនាយករដ្ឋមន្ត្រីបានបន្ថែមថា៖ «គ្មានរឿងបែបនេះកើតឡើងនោះទេ ព្រោះមូលដ្ឋានយោធាបរទេស វាបានប្រឆាំងនឹងរដ្ឋធម្មនុញ្ញរបស់កម្ពុជា»។
លោកបានចោទជាសំណួរដែរថា តើកម្ពុជាត្រូវការវត្តមានយោធាចិនលើទឹកដីរបស់ខ្លួនដើម្បីអ្វី? ហើយបានទទូចថា ៖«ល្មមឈប់ប្រើព័ត៌មានក្លែងបន្លំអំពីវត្តមានកងទ័ពចិនលើទឹកដីកម្ពុជាដើម្បីប្រឆាំងនឹងយើងហើយ»។
ក្រុមមន្ត្រីកម្ពុជាបានបន្ទរតាមអត្ថាធិប្បាយរបស់លោកនាយករដ្ឋមន្ត្រីហើយថាកម្ពុជា ជាប្រទេសឯករាជ្យ អធិបតេយ្យ អព្យាក្រឹត មិនអនុញ្ញាតឲ្យមានមូលដ្ឋានកងទ័ពបរទេសនៅលើទឹកដីរបស់ខ្លួនឡើយ។
ដោយបារម្ភអំពីកំណើនឥទ្ធិពលចិននៅកម្ពុជា សហរដ្ឋអាមេរិក កាលពីថ្ងៃទី៨ ខែធ្នូ បានសម្រេចដាក់ទណ្ឌកម្ម ដោយហាមមិនឲ្យនាំចេញអាវុធ និងសម្ភារៈយោធាចូលកម្ពុជា។ នេះបើយោងតាមសេចក្តីសម្រេចរបស់សហរដ្ឋអាមេរិក។ ទណ្ឌកម្មនេះ ត្រូវបានប្រកាសដោយក្រសួងពាណិជ្ជកម្មអាមេរិក ដោយលើកហេតុផលថា មានអំពើពុករលួយ ការរំលោភសិទ្ធិមនុស្ស និងកំណើនឥទ្ធិពលយោធាចិននៅកម្ពុជា។
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិក អ្នកស្រី Gina Raimondo ថ្លែងនៅក្នុងសេចក្តីប្រកាសព័ត៌មាន កាលពីខែធ្នូឆ្នាំ២០២១ថា៖ «យើងជំរុញឲ្យរដ្ឋាភិបាលកម្ពុជា ធ្វើឲ្យមានវឌ្ឍនភាពប្រកបដោយអត្ថន័យក្នុងការដោះស្រាយអំពើពុករលួយ និងការរំលោភសិទ្ធិមនុស្សនិងកាត់បន្ថយឥទ្ធិពលរបស់យោធាចិននៅកម្ពុជា ដែលវាគំរាមកំហែងដល់សន្តិសុខតំបន់ និងពិភពលោក»។
ប្រតិកម្មតបទៅនឹងការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកលើការហាមឃាត់ការលក់ដូរអាវុធមកឲ្យកម្ពុជា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែនធ្លាប់បានបញ្ជាឲ្យយកអាវុធ និងសម្ភារៈយោធារបស់អាមេរិក ដែលកម្ពុជាមាន មករក្សាទុកក្នុងឃ្លាំង ឬបំផ្លាញចោលតែម្តង។ នេះ បើយោងតាមសាររបស់នាយករដ្ឋមន្រ្តីដែលបង្ហោះនៅលើហ្វេសប៊ុករបស់លោក កាលពីរសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១។
លោក ហ៊ុន សែន ឲ្យដឹងថា លោកអរគុណសហរដ្ឋអាមេរិកចំពោះបម្រាមការលក់ដូរអាវុធ និងសម្ភារៈយោធាមកកម្ពុជានាពេលនេះ។ លោកបញ្ជាក់ថា ការសម្រេចរបស់អាមេរិក «គឺបានឆ្លុះបញ្ចាំងពីភាពត្រឹមត្រូវនៃការសម្រេចចិត្តរបស់ខ្ញុំ កាលពីឆ្នាំ១៩៩៤ ដែលនៅពេលនោះ ខ្ញុំបានធ្វើការសម្រេចចិត្ត ដោយមិនធ្វើការផ្លាស់ប្តូរប្រព័ន្ធអាវុធកម្ពុជាដែលមានពេលនោះ ទៅទិញប្រព័ន្ធអាវុធអាមេរិក»។
លោក ហ៊ុន សែន បញ្ជាក់ថា៖ «ទន្ទឹមនឹងនេះ ខ្ញុំសូមដាក់ចេញបទបញ្ជាដល់អង្គភាពប្រដាប់អាវុធទាំងអស់ ឲ្យធ្វើការត្រួតពិនិត្យឡើងវិញជាបន្ទាន់អំពីអាវុធ និងសម្ភារៈយោធា ដែលកម្ពុជាមានបច្ចុប្បន្ន ហើយត្រូវប្រមូលអាវុធ និងសម្ភារៈយោធាអាមេរិកទាំងអស់ ប្រសិនបើមាន យកទៅរក្សាទុកក្នុងឃ្លាំង ឬយកទៅកម្ទេចចោលតាមការជាក់ស្តែង»។
លោកហ៊ុន សែនបានបន្ថែមថា៖ «សម្រាប់នយោបាយការពារជាតិរបស់កម្ពុជា ហើយវាក៏ជាសារព្រមានមួយប្រាប់ទៅខ្មែរដែលគ្រប់គ្រងរាជរដ្ឋាភិបាលជំនាន់ក្រោយឲ្យបានជ្រាបថា បើចង់មានឯករាជ្យភាពលើវិស័យការពារជាតិ សូមកុំប្រើប្រាស់អាវុធរបស់អាមេរិក»។
លោក ហ៊ុន សែន បន្ថែមថា តាមការចំណាំរបស់លោក អ្នកដែលធ្លាប់ប្រើប្រព័ន្ធអាវុធអាមេរិកជាច្រើន «បានចាញ់សង្រ្គាម» ដូចជាក្នុងរបបសាធារណរដ្ឋខ្មែររបស់លោកលន់ នល់ និង សង្រ្គាមនៅអាហ្គានីស្ថាន។
សហរដ្ឋអាមេរិកស្វាគមន៍ការបដិសេធរបស់កម្ពុជារឿងមូលដ្ឋានយោធាចិនក្រោយពេលដែលកម្ពុជាច្រានចោលរបាយការណ៍អំពីមូលដ្ឋានកងទ័ពចិននៅក្នុងសមុទ្ររាមខេត្តព្រះសីហនុ។
មកដល់ពេលនេះក្រុមមន្ត្រីសហរដ្ឋអាមេរិកនៅតែបង្ហាញពីក្តីបារម្ភ ហើយភាគីកម្ពុជានៅតែបន្ត បដិសេធនិងពន្យល់ពីបញ្ហានេះ ហើយបានបង្ហាញពីផលវិបាកខ្លះៗដល់កម្ពុជាដែលជាប់ក្នុងបញ្ជីទណ្ឌកម្ម។
លោកស្រី Karen Chandler បានបន្ថែមថាប្រទេសដែលជាប់ទណ្ឌកម្មយោធា នឹងជួបផលវិបាក៖ «នៅពេលមានទណ្ឌកម្មយោធាកើតឡើង ពេលនោះវាមានការប៉ះទង្គិចលើវិស័យការពារជាតិ និង វាធ្វើឲ្យមានការលំបាកឬមិនអាចទៅរួចក្នុងការនាំចូលនិងនាំចេញប្រភេទអាវុធជាក់ស្តែង នានាពីសហរដ្ឋអាមេរិក ដូច្នេះកម្ពុជាត្រូវរកមើលកន្លែងផ្សេង»។
ថ្លែងប្រាប់វីអូអេកាលពីសប្តាហ៍មុន លោកបណ្ឌិត អ៊ា សុផល ព្រឹទ្ធបុរសរងនៃ សាកលវិទ្យាល័យ Arizona State University មានប្រសាសន៍ថាកម្ពុជាមិនខ្វល់រឿងទណ្ឌកម្មនោះទេ ដោយកម្ពុជាទំនងជាមិនទិញដូរអាវុធពីសហរដ្ឋអាមេរិកឡើយ៖ «កម្ពុជាមិនទិញអាវុធច្រើន បើមានអាវុធអាមេរិកលក់ឲ្យក្តី ដូច្នេះមើលទៅដូចជាប្រាប់មនុស្ស ម្នាក់ផឹក ប៉ឹបស៊ី ថាមិនអាចផឹក កូកា កូឡាទៀតទេ។ ពួកគេមិនខ្វល់នោះឡើយ»។
ចំណែករឿងឧត្តមសេនីយ៍យោធាវិញ លោក សុផលថាពួកគេមិនខ្វល់ច្រើនទេព្រោះពួកគេដឹងថារឿងនេះគង់តែ កើតឡើងទេ ដោយសារថាពួកគេទំនងជាចល័តទ្រព្យសម្បត្តិរបស់ពួកគេ ទាំងអស់ដោយសារមានផ្លូវវាង ដូចជាលាក់លុយក្នុងធនាគារនៅប្រទេសក្រៅ ក្នុងក្រុមហ៊ុនគ្មានអត្តសញ្ញាណ និងក្នុងក្រុមហ៊ុនខ្យល់ដើម្បីលាក់អត្តសញ្ញាណពួកគេ។ រឿងនេះដូចជាឯកសារ បាណាម៉ា និង ក្រុមហ៊ុន Mosack-Fonseca រៀបរាប់ពីអំពើពុករលួយរបស់មន្ត្រីពិភពលោក ដែលក្នុងនោះ មានឈ្មោះឥស្សរជនខ្មែរក្នុងបញ្ជីផងដែរ។
លោក សុផល ជាអ្នកនិពន្ធសៀវភៅ «ជំនួយនៅកម្ពុជា៖ តើជំនួយបរទេសបំផ្លាញលទ្ធិប្រជាធិប តេយ្យ ដោយរបៀបណា?» (Aid Dependence in Cambodia: How Foreign Assistance Undermines Democracy) បានបន្ថែមថា៖ «កម្ពុជាគួរបញ្ឈប់ធ្វើរឿងដែលនាំឲ្យមានទណ្ឌកម្ម ដោយហាមមិនឲ្យនាំចេញអាវុធ និង សម្ភារៈយោធាចូលប្រទេសកម្ពុជា តែជំហានដំបូងគឺត្រូវប្រកាន់ជំហរអព្យាក្រិតឲ្យបានច្រើនជាងមុន ហើយងាកពីចិន។ ការណ៍នោះគឺថាមិនអនុញាតឲ្យចិន មានមូលដ្ឋានកងទ័ពក្នុងប្រទេសកម្ពុជា ហើយនេះគឺជាជំហានធំមួយឆ្ពោះទៅមុខ»។
អ្នកស្រី Joanne Lin Weiling អ្នកស្រាវជ្រាវនាំមុខនៅឯមជ្ឈមណ្ឌលសិក្សាអាស៊ាននៃ វិទ្យាស្ថាន ISEAS Yusof Ishak ក្នុងប្រទេសសិង្ហបុរី បានយល់ស្របថា មានជំហានជាច្រើនត្រូវបំពេញមុនពេលទណ្ឌកម្មយោធាហាមប្រាមការនាំចូលនាំចេញអាវុធត្រូវលើកបាន និងជម្រះក្តីបារម្ភរបស់សហរដ្ឋអាមេរិក។
អ្នកស្រីបានថ្លែងថា៖ «ការលើកបម្រាមអាវុធអាចធ្វើទៅបានអាស្រ័យលើជំហានមួយចំនួនដែលកម្ពុជាត្រូវប្រកាន់យក និងដោះស្រាយក្តីបារម្ភរបស់សហរដ្ឋអាមេរិក មិនថាជារឿងឥទ្ធិពលយោធាចិន បញ្ហាសិទ្ធិមនុស្ស ឬដំណើរការលទ្ធិប្រជាធិបតេយ្យទេ។ មួយផ្នែកនៃការធ្វើតាម រឿងដកទណ្ឌកម្មនេះ វាក៏អាស្រ័យលើថាតើទំនាក់ទំនងការទូតរវាងកម្ពុជានិងអាមេរិក នឹងបន្តរីកចម្រើនប៉ុណ្ណា ហើយថាតើការជឿជាក់ជាយុទ្ធសាស្ត្រអាចជឿនលឿនប៉ុណ្ណា»។
ប៉ុន្តែលោកស្រី Joanne Lin Weiling បានកត់សម្គាល់ការផ្លាស់ប្តូរជាសំខាន់ចុងក្រោយចំពោះគោលនយោបាយការបរទេសកម្ពុជាដែលមានការសាទរខ្លាំងពីអន្តរជាតិ រួមទាំងសហរដ្ឋអាមេរិកផងដែរ៖ «នៅពេលសហរដ្ឋអាមេរិកបារម្ភអំពីកំណត់ត្រាសិទ្ធិមនុស្ស និង ដំណើរការបោះឆ្នោតតាមបែបលទ្ធិប្រជាធិបតេយ្យ ក៏ដូចជាឥទ្ធិពលខ្លាំងរបស់ចិននៅកម្ពុជា រួមទាំងវត្តមានចិននៅមូលដ្ឋានទ័ពជើងទឹករាម សហរដ្ឋអាមេរិក យ៉ាងណាក៏ផ្តល់គុណតម្លៃចំពោះការគាំទ្រដ៏ខ្លាំងក្លាររបស់កម្ពុជា ទាក់ទងនឹងសណ្តាប់ធ្នាប់តាមច្បាប់ក្នុងការចេញមុខបង្កើតសេចក្តីសម្រេចរួមគ្នា នៅឯអង្គការសហប្រជាជាតិ ដើម្បីថ្កោលទោសការឈ្លានពានរុស្ស៉ី ក្នុងប្រទេសអ៊ុយក្រែន។ នៅក្នុងបរិបទនេះ កម្ពុជាបានបង្ហាញជំហឯករាជ្យជាយុទ្ធសាស្ត្រធំណាស់ ក្នុងគោលនយោបាយការបរទេសរបស់ខ្លួន ដែលថាខ្លួនមិនស្របតាមចិន»។
ក្នុងអំណះអំណាងមួយលោកស្រី បានលើកយកការស្ទង់មតិចុងក្រោយមួយរបស់វិទ្យាស្ថាន ISEAS Yusof Ishak ដែលពលរដ្ឋកម្ពុជាចំនួន៩០ភាគរយ គាំទ្ររដ្ឋាភិបាលកម្ពុជាក្នុងការឆ្លើយតបទៅនឹងសង្គ្រាមឈ្លានពានអ៊ុយក្រែនពីកងទ័ពរុស្ស៊៊ីហើយនៅពេលសួរអំពីការជ្រើសរើសរវាងសហរដ្ឋអាមេរិកនិងចិន មានតួលេខខ្ពស់រហូតដល់៧៣,១ភាគរយ ដែលចង់មានសម្ព័ន្ធភាពជាមួយសហរដ្ឋអាមេរិក ជាជាងចិន។
អ្នកស្រី Joanne Lin Weiling បានបន្ថែមថា គោលនយោបាយការបរទេសកម្ពុជាងាកចេញពីចិនដោយដំណើរការទៅមុខផ្តោតលើបញ្ហាជាក់ស្តែង ជាជាងទទួលរងឥទ្ធិពល៖ «នៅពេលអ្នកដឹកនាំកម្ពុជាជំនាន់ក្រោយកាន់អំណាច រឿងនេះទំនងជាថាកម្ពុជាអាចងាកចេញពីការពឹងពាក់ចិនទាំងស្រុង ហើយងាកទៅចាប់យកពហុទំនាក់ទំនងវិញ។ ពេលនោះ វាអាចមានការបើកលំហសង្គមស៊ីវិល និង នយោបាយ ដែលសហរដ្ឋអាមេរិក ផ្តល់គុណតម្លៃខ្ពស់»៕