កម្ពុជា​គ្រោង​ចុះ​ហត្ថលេខា​ពាណិជ្ជកម្ម​សេរី​ជាមួយ​កូរ៉េ​ខាង​ត្បូង​នៅ​សប្តាហ៍​ក្រោយ

រូប​ឯកសារ៖ ​លោក Moon Jea-in ប្រធានាធិបតី​កូរ៉េខាង​ត្បូង​ (ឆ្វេង) និង​លោក​​នាយករដ្ឋមន្ត្រី ហ៊ុន សែន ចូល​រួម​សន្និសីទ​សារព័ត៌មាន​មួយ​​នៅ​​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​១៥ ខែ​មីនា ឆ្នាំ​២០១៩ ក្នុង​អំឡុង​ទស្សនកិច្ច​៣​ថ្ងៃ​របស់​​លោក​​នៅ​កម្ពុជា។ (AP)

បន្ទាប់​ពី​សម្រេច​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្ម​សេរី​ជាមួយ​ប្រទេស​ចិន រដ្ឋាភិបាល​កម្ពុជា​គ្រោងចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី​ថ្មី​មួយ​ទៀត​ជាមួយ​កូរ៉េខាង​ត្បូង ដែល​ពិធី​ចុះ​ហត្ថលេខា​នេះ​នឹង​ធ្វើ​ឡើង​នា​សប្តាហ៍​ក្រោយ។ នេះ​បើ​យោង​តាមមន្ត្រី​ជាន់​ខ្ពស់​នៃ​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា។

កិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្ម​សេរី​កម្ពុជា​-កូរ៉េ​ខាង​ត្បូង នឹង​ជា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទី​ពីរ​ដែល​កម្ពុជា​មាន​ជាមួយ​រដ្ឋ​បរទេស។

លោក ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និង​អ្នក​នាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម​បាន​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា​ភាគី​កម្ពុជា​និង​កូរ៉េ​ខាង​ត្បូង​នឹង​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​នេះ នៅ​ថ្ងៃ​អង្គារ​ទី​ ២៦ ខែ​តុលា​ ខាង​មុខ​នេះ ដោយ​ធ្វើ​តាម​ប្រព័ន្ធវីដេអូ​អន​ឡាញ ដោយសារ​បញ្ហា​ជំងឺ​កូវីដ​១៩។

លោកបន្ថែម​ថា​បន្ទាប់​ពី​ចុះ​ហត្ថលេខា​ភាគី​ទាំង​សង​ខាង​ត្រូវ​បំពេញ​នីតិវីធី​ផ្ទៃ​ក្នុង​រៀងៗ​ខ្លួន។ សម្រាប់​កម្ពុជា កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី​នេះ​ត្រូវ​ឆ្លង​កាត់​ការ​ពិនិត្យ​សម្រេច​ពី​រដ្ឋសភា និង​ព្រឹទ្ធសភា មុន​ប្រទាន​ថ្វាយ​ព្រះ​មហាក្សត្រ​ឡាយ​ព្រះ​ហស្ថលេខា។ បន្ទាប់​ពី​នេះ កម្ពុជា​ត្រូវ​ជូន​ដំណឹង​ទៅ​ភាគី​កូរ៉េ​ខាង​ត្បូង ដើម្បី​ទទួល​ការ​ឆ្លើយ​តប​និង​ដាក់​ចេញកិច្ចព្រមព្រៀង​ជា​ធរមាន នៅ​ចន្លោះ​ពេល​ពី​៣០ទៅ​៩០​ថ្ងៃ ពោល​គឺ​នៅ​ឆ្នាំ​២០២២ ខាង​មុខ។ នេះ​បើ​តាម​អ្នក​នាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម។

លោក​ ប៉ែន សុវិជាតិ បាន​បញ្ជាក់​ពី​លទ្ធភាព​ប្រសើរ​ជាង​មុន​ក្នុង​ការ​ពង្រឹង​វិស័យ​ផលិត​កម្ម​និង​កសិកម្ម​ក្នុង​ស្រុក​តាម​រយៈ​កិច្ចព្រម​ព្រៀង​ពាណិជ្ជ​កម្ម​សេរី​ខាង​លើ​នេះ​និង​ឱកាស​ទាញ​ចំណេញ​ផ្នែក​វិនិយោគ​និង​ទីផ្សារ​ប្រសើរ​ជាង​មុន​សម្រាប់​កម្ពុជា។

លោក​ប្រាប់​វីអូអេ​ថា៖ «ចំពោះ​កម្ពុជា​យើង ការ​នាំ​ចេញ​ផលិតផល​កសិកម្ម​ការ​នាំ​ចេញ​ផលិត​ផល​ឧស្សាហកម្ម​ខ្នាត​តូច។ ការ​ជួយ​ឲ្យ​សហគ្រាស​តូច​និង​មធ្យម​បាន​រស់រាន​និង​រីកចម្រើន​ហើយ​អាច​ទទួល​បាន​បច្ចេកវិទ្យា​ថ្មីៗ គឺ​ជា​ក្តី​រំពឹង​ទុក​មួយ​ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម​សេរី​ជាមួយ​នឹង​កូរ៉េខាង​ត្បូង»។

លោក​បន្ត​ថា​កម្ពុជា​ក៏​រំពឹង​ទុក​ថា​ការ​ផ្លាស់ប្តូរ​វិនិ​យោគ​ទៅ​វិញ​ទៅ​មក​ការ​ស្រូប​ទាញ​វិនិយោគ​ពី​ភាគី​កូរ៉េ​ខាងត្បូង ការ​ផ្លាស់ប្តូរ​បច្ចេកវិទ្យា​តាម​រយៈ​ការ​ធ្វើ​វិនិ​យោគ និង​ការ​ទទួល​បាន​ចំណែក​ទីផ្សារ​កាន់​តែ​ធំ នៅ​ពេល​មាន​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​នេះ។

យ៉ាង​ណាក្តី លោក ប៉ែន សុវិជាតិ បាន​ឲ្យ​ដឹង​ថា លោក​មិន​ទាន់​អាច​ជម្រាប​ជូន​ជា​សាធារណជន​ពាក់ព័ន្ធ​នឹង​ផលិត​ផល​ណា​ខ្លះ​ដែលកម្ពុជា​អាច​នឹង​នាំ​ទៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង ដូច​បាន​កំណត់​ក្នុង​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី ដោយ​សារ​តែ​កិច្ច​ព្រម​ព្រៀង​មិន​ទាន់​ចូល​ជា​ធរមាន។

កម្ពុជា​និង​កូរ៉េខាងត្បូង​បាន​បញ្ចប់​ការ​ចរចាជា​ផ្លូវ​ការ​ស្តី​ពី​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី​រវាងគ្នា កាល​ពី​ថ្ងៃ​ទី៣ ខែ​កុម្ភៈ ឆ្នាំ​២០២១ ដោយ​ប្រទេស​ទាំង​ពីរ​រំពឹង​ថា កិច្ចព្រម​ព្រៀង​នេះ​នឹង​ជួយ​ពង្រឹង​សេដ្ឋកិច្ច​ឡើង​វិញ​បាន​ឆាប់​រហ័ស​ក្នុង​អំឡុង​ពេល​និង​ក្រោយ​ពេល​វិបត្តិ​ជំងឺ​កូវីដ​១៩។​

លោក គី សេរីវឌ្ឍន៍ អ្នក​វិភាគ​សេដ្ឋកិច្ច​នៃ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា​បាន​ថ្លែង​ថា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-កូរ៉េ​ខាង​ត្បូងនឹង​ជួយ​លើក​កម្ពស់​សេដ្ឋកិច្ចកម្ពុជា​តាម​រយៈ​ការ​ជំរុញ​កំណើន​ក្នុងវិស័យ​ផលិតកម្ម​ឯកជន​ដែលនឹង​ផ្តល់​ពន្ធ​បន្ថែម​ជូន​រដ្ឋ ហើយ​អាច​ទូទាត់​នឹង​ពន្ធ​ដែល​កម្ពុជា​លែង​អាច​ប្រមូល​បាន​ពី​ការ​នាំ​ចូល​ពី​កូរ៉េ​ខាង​ត្បូង។ លោក​ចាត់​ទុក​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-កូរ៉េ​ខាង​ត្បូង ជា​«ការ​បើក​ច្រក​ទី​ផ្សារ» ដើម្បី​ជំរុញ​វិស័យកសិកម្ម​នៅ​កម្ពុជា​ឲ្យ​បាន​កាន់តែ​ខ្លាំង​ជាង​មុន។ យ៉ាងណាក្តី ​សេដ្ឋវិទូ​រូប​នោះ​បញ្ជាក់​ថា​ការ​នាំចេញ​ផលិត​ផល​កសិកម្ម​ពី​កម្ពុជា​ទៅ​កូរ៉េ​ខាង​ត្បូង​សម្រេច​ទៅ​បាន​លុះ​ត្រា​តែកម្ពុជា​មានកិច្ច​ព្រម​ព្រៀង​ភូតគាម​អនាម័យ។

លោក​មាន​ប្រសាសន៍​ថា៖ «វិស័យ​កសិកម្ម​របស់​យើង​ដែល​នាំ​ចេញ​នេះ​គឺ​មិន​ប្រាកដ​ថា​អាច​នឹង​នាំ​ផលិត​ផល​កសិកម្ម​ទៅ​ប្រទេស​កូរ៉េ​បាន​ទេ វា​ត្រូវ​តែ​មាន​កិច្ច​ព្រម​ព្រៀង​មួយ​ទៀត​គឺ​កិច្ច​ព្រម​ព្រៀង​នៃ​ភូតគាម​អនាម័យ។ កាល​ណា​យើង​មិន​ទាន់​បាន​បំពេញ​កិច្ច​ព្រម​ព្រៀង​ភូតគាម​អនាម័យ​ទោះ​ជា​ចុះ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី​ក៏​ដោយ​ក៏​ពិបាក​នៅ​ក្នុង​ការ​នាំ​ទៅ​ដែរ ព្រោះ​វា​ជាប់​របាំង​មិន​មែន​ពន្ធ​បាទ»។

កាល​ពី​ខែ​តុលា ឆ្នាំ​មុន ប្រទេស​កម្ពុជា​បាន​ចុះ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​ប្រទេស​ចិន ដោយ​កម្ពុជា​រំពឹង​ខ្លាំង​លើ​ការ​នាំ​ចេញ​ផលិតផល​កសិកម្ម ក្នុង​នោះ​មាន​ផ្លែ​ចេក ស្វាយ មៀន​ប៉ៃលិន​ជា​ដើម​ទៅ​ប្រទេស​ចិន។ ប៉ុន្តែ​របាំង​អនាម័យ​និង​ភូតគាម ដែល​រដ្ឋាភិបាល​ប្រទេស​នីមួយៗ​បាន​ដាក់​ចេញ​ក្នុង​គោល​បំណង​ដើម្បី​ការពារ​សុខភាព អាយុ​ជីវិត​របស់​ពលរដ្ឋ​នៅ​តែ​ជា​បញ្ហា​សម្រាប់​ប្រទេស​កម្ពុជា។

កាល​ពី​ថ្ងៃ​ចន្ទ រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម លោក វេង សាខុន បាន​បង្ហោះ​សារ​នៅ​លើ​ហ្វេសប៊ុក​របស់​លោក​ថា​កម្ពុជា​មិន​អាច​នាំចេញ​កសិផល​មួយ​ចំនួន​ទៀត​ទៅ​កាន់​ប្រទេស​ចិន​បាន ដោយ​សារ​ផលិតផល​កសិកម្ម​ទាំង​នោះ ត្រូវ​តែ​បំពេញ​តាម​លក្ខខណ្ឌ​តម្រូវ​ខាង​ស្តង់ដា​អនាម័យ​និង​ភូតគាម​អនាម័យ​និង​សុវត្ថិភាព​ចំណី​អាហារ ដែល​កំណត់​ដោយ​ច្បាប់​និង​លិខិត​បទដ្ឋាន​គតិ​យុត្ត​របស់​ប្រទេស​ចិន។

វីអូអេ​មិន​ទាន់​ទទួល​បាន​ការ​ឆ្លើយ​តប​ពី​ស្ថានទូត​កូរ៉េ​ខាង​ត្បូង​ប្រចាំ​នៅ​កម្ពុជា​តាម​សារ​អ៊ីមែល​បាន​នៅ​ឡើយ​ទេ។

ទំហំ​ពាណិជ្ជ​កម្ម​ទ្វេភាគី​រវាង​កម្ពុជា​និង​កូរ៉េ​ខាង​ត្បូង​សម្រេច​បាន​ជាង​៨៨៥​លាន​ដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ​២០២០។ នេះ​បើ​យោង​ទៅ​តាម​ទិន្នន័យ​ពី​សមាគម​ពាណិជ្ជកម្ម​អន្តរជាតិ​កូរ៉េ ដែល​បង្ហោះ​នៅ​លើ​គេហទំព័រ​របស់​ខ្លួន។

ក្នុង​នោះ កម្ពុជា​បាននាំចេញ​ទំនិញ​សរុប​ក្នុង​តម្លៃ ៣១៨​លាន​ដុល្លារ​អាមេរិក​ទៅ​កូរ៉េខាង​ត្បូង ខណៈ​កម្ពុជា​បាន​នាំ​ចូល​មក​វិញ ក្នុង​តម្លៃ​៥៦៧​លាន​ដុល្លារ​អាមេរិក​ពី​កូរ៉េ​ខាង​ត្បូង។ ទំនិញ​ដែល​កម្ពុជា​នាំចេញ​ទៅ​កូរ៉េ​ខាង​ត្បូង ភាគ​ច្រើន​ជា​សម្លៀក​បំពាក់ និង​ផលិត​ផល​ស្បែក​ជើង និង​កាបូប​ជា​ដើម។ ចំណែក​កូរ៉េ​ខាង​ត្បូង​នាំ​ចូល​មក​កម្ពុជា ដូច​ជា​ភេសជ្ជៈ គ្រឿង​អេឡិចត្រូនិក ឱសថ និង​រថយន្ត​ដឹក​ទំនិញ។

គួរ​បញ្ជាក់​ថា​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី​នេះ ធ្វើ​ឡើង​បន្ទាប់​ពីកម្ពុជា​បាន​បាត់​បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​«គ្រប់​មុខ​ទំនិញ លើក​លែង​សព្វាវុធ» ឬ Everything But Arms (EBA) ចំនួន​២០% ដែល​ប៉ះពាល់​ដល់​ការ​នាំ​ចេញ​សម្លៀក​បំពាក់​ទៅ​ប្រទេស​នៅ​អឺរ៉ុប។ ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ ​EBA ​មួយ​ផ្នែក កើត​ឡើង​បន្ទាប់​ពី​សហភាព​អឺរ៉ុប​បាន​រក​ឃើញ​ការ​រំលោភ​សិទ្ធិ​មនុស្ស​ជា​ប្រព័ន្ធ​ធ្ងន់​ធ្ងរ និង​ការ​ធ្លាក់​ចុះ​លទ្ធិ​ប្រជា​ធិប​តេយ្យ​ក្នុង​ប្រទេស​កម្ពុជា៕