ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចិន​ចុះ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​កម្ពុជា ​ផ្ដល់​ជំនួយ​«ប្រញាប់»​១៤០​លាន​ដុល្លារ


លោករដ្ឋមន្ត្រីការបរទេសចិន Wang Yi និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅឯវិមានសន្ដិភាព ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០។ (អូន ឆេងប៉រ/វីអូអេ)

កម្ពុជា​និង​ចិន​បាន​ចុះ​កិច្ច​ព្រមព្រៀង​ពាណិជ្ជ​កម្ម​សេរី​ទ្វេភាគី​ (Free Trade Agreement) ជា​ផ្លូវការ​ នៅ​ថ្ងៃច័ន្ទ​នេះ ហើយ​ទីក្រុង​ប៉េកាំង ក៏​បាន​សម្រេច​ផ្តល់​ជំនួយ​ឥត​សំណង​ដល់​ទីក្រុង​ភ្នំពេញ​ប្រមាណ ​១៤០ ​លាន​ដុល្លារ​អាមេរិក។

កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្មសេរី​ដំបូង​ដែល​កម្ពុជា​ធ្វើ​ជាមួយ​រដ្ឋ​បរទេស​នេះ ត្រូវ​បាន​ចុះ​ហត្ថលេខានៅ​ទី​បញ្ចប់​នៃ​ដំណើរ​ទស្សន​កិច្ច​ផ្លូវការ​ រយៈ​ពេល​ពីរ​ថ្ងៃ​ នៅ​កម្ពុជា​របស់​លោក វ៉ាង យី (Wang Yi) រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ចិន។​

​កម្ពុជា​អះអាង​ថាកិច្ច​ព្រម​ព្រៀង ​FTA ​ជាមួយ​ចិន​នេះ នឹង​ធ្វើ​ឲ្យ​ខ្លួន​ដែល​ជា​ប្រទេស​ផលិត​ស្បៀង អាច​បង្កើន​នាំ​ចេញ​កសិ​ផល​ចូល​ទៅ​ទីផ្សារ​ចិន​ដីគោក បើ​ទោះទំហំពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​មាន​ទំហំ​ខុស​គ្នា​ឆ្ងាយ ហើយ​ប្រទេស​ចិន​ខ្លួន​ឯង​ជា​ប្រទេស​មួយ​ដែល​ដាំ​ដុះ​កសិផលស្ទើរ​តែ​សព្វ​មុខ​ក៏​ដោយ។

ក្នុង​ពិធី​ចុះ​ហត្ថលេខា​នៅ​ការិយាល័យ​នាយករដ្ឋមន្ត្រី​កម្ពុជា លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជកម្ម​ បាន​ថ្លែងថា​កិច្ច​ព្រម​ព្រៀង​នេះ​នឹង​នាំ​ឲ្យកម្ពុជា និងចិនក្លាយជាដៃ​គូ​ពាណិជ្ជ​កម្ម​រឹង​មាំ​និង​យូរ​អង្វែង។ លោក​បន្ថែម​ថា កិច្ច​ព្រម​ព្រៀង​នេះ​នឹង​ផ្តល់​ប្រយោជន៍​ដល់​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ ហើយ​ការអនុវត្ត​កិច្ច​ព្រមព្រៀង ​នឹង​ចាប់​ពី​ដើម​ឆ្នាំ​ ២០២១។

សមភាគី​ចិន​របស់លោក ប៉ាន សូរស័ក្តិ គឺ​លោករដ្ឋមន្ត្រី​ពាណិជ្ជ​កម្ម​ចិន Zhong Shan បាន​ថ្លែង​តាម​ប្រព័ន្ធ​ទូរ​គមនាគមន៍​ពី​ទី​ក្រុង​ប៉េកាំង​មក​ថា រដ្ឋាភិបាល​ចិន​នឹង​ត្រៀម​ខ្លួន​ធ្វើ​ការ​ជាមួយ​កម្ពុជា ​ដើម្បី​អនុវត្ត​កិច្ច​ព្រមព្រៀង​នេះ​ចូល​ជា​ធរមាន​ឱ្យ​ឆាប់​បំផុត។

ខ្លឹម​សារទាំង​ស្រុង​នៃ​កិច្ច​ព្រម​ព្រៀង​នេះ​មិន​ត្រូវ​បាន​បង្ហាញ​ជាសាធារណៈ​នោះ​ទេ​ ហើយ​មន្រ្តី​ជាន់​ខ្ពស់​របស់​រដ្ឋាភិបាល​ក៏​មិន​បាន​អនុញ្ញាត​ឲ្យ​សួរ​សំណួរ​នោះ​ទេ ក្រោយ​បញ្ចប់ការ​ចុះ​កិច្ច​ព្រម​ព្រៀង​នេះ។

កិច្ច​ព្រម​ព្រៀង​នេះ​ធ្វើ​ឡើង ​ស្រប​ពេល​សហភាព​អឺរ៉ុប​ទើប​នឹង​ដាក់​ទណ្ឌកម្ម​ផ្នែក​ពាណិជ្ជ​កម្ម​ «គ្រប់​មុខ​ទំនិញ​លើក​លែង​សព្វា​វុធ ​ឬ ​Everything But Arms (EBA)» កាល​ពី​ខែ​សីហា ដោយ​ចាប់​ផ្ដើម​យក​ពន្ធ​លើ​ទំនិញ​ ២០% ដែល​នាំ​ចេញ​ពី​កម្ពុជា ជា​ការ​ឆ្លើយ​តប​នឹង​ការ​ «រំលោភ​បំពាន​ជា​ប្រព័ន្ធ​និង​យ៉ាង​ធ្ងន់ធ្ងរ»​ លើ​សិទ្ធិ​ពលរដ្ឋ​និង​សិទ្ធិ​នយោបាយ​ក្នុង​ប្រទេស​នេះ ក្រោយ​ការ​ចាប់​ខ្លួន​លោក ​កឹម សុខា​ និង​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ មុន​ការ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ​ ២០១៨។​

លោករដ្ឋមន្ត្រីការបរទេសចិន Wang Yi និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅឯវិមានសន្ដិភាព ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០។ (អូន ឆេងប៉រ/វីអូអេ)
លោករដ្ឋមន្ត្រីការបរទេសចិន Wang Yi និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅឯវិមានសន្ដិភាព ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០។ (អូន ឆេងប៉រ/វីអូអេ)

លោករដ្ឋមន្ត្រីការបរទេសចិន Wang Yi នៅឯវិមានសន្ដិភាព ក្នុងរាជធានីភ្នំពេញ អំឡុង​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០។ (អូន ឆេងប៉រ/វីអូអេ)
លោករដ្ឋមន្ត្រីការបរទេសចិន Wang Yi នៅឯវិមានសន្ដិភាព ក្នុងរាជធានីភ្នំពេញ អំឡុង​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០។ (អូន ឆេងប៉រ/វីអូអេ)

មុន​មាន​ការ​ចុះហត្ថលេខា​ដែល​ប្រព្រឹត្ត​ទៅ​នៅ​ម៉ោងជិត​ ១​ រសៀល​ថ្ងៃច័ន្ទ​នេះ​ លោក ​ហ៊ុន សែន ​ក៏​មាន​ជំនួប​ទ្វេភាគី​ជាមួយ​លោក វ៉ាង យី ផង​ដែរ។

លោក អ៊ាង សុផល្លែត ជំនួយ​ការ​របស់​នាយករដ្ឋមន្រ្តី​កម្ពុជា បាន​ប្រាប់​អ្នក​សារព័ត៌មានថា កិច្ច​ព្រម​ព្រៀង​នេះ​មាន​សារ​សំខាន់​ណាស់ ហើយ​លើក​ឡើង​ថា​ ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ​របស់​សហ​ភាពអឺរ៉ុប​ (EBA)​ នឹង​បាត់​បង់​នៅ​ថ្ងៃ​ណា​មួយ ហើយ​ពាណិជ្ជកម្ម​សេរី​នេះ មិន​បាត់​បង់​នោះ​ទេ។

«ហើយសម្ដេចបានមានប្រសាសន៍​ថា ការ​ចុះ​ហត្ថលេខាលើ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​នៅ​ថ្ងៃនេះ​ គឺមាន​សារៈសំខាន់​ណាស់។ EBA ​គង់​មាន​ថ្ងៃ​ណាមួយ​នឹង​បាត់​បង់។ ប៉ុន្តែ​កិច្ច​ព្រម​ព្រៀង​ទីផ្សារ​សេរី​រវាង​កម្ពុជា​និង​ចិន​ គឺ​នៅ​កម្ពុជា​ជា​រៀង​រហូត»។

លោក ​អ៊ាង សុផល្លែត បន្ត​ថា ភាគីចិនរក្សាជំហរ​បន្ត​គាំទ្រ​ប្រទេស​កម្ពុជា។

«ឯកឧត្ដម [Wang Yi] ក៏បានបន្ត​ថា ចិន​នៅ​តែ​បន្ត​គាំទ្រ​កម្ពុជា​យ៉ាង​រឹងមាំ​ជា​ទី​បំផុត ធ្វើ​យ៉ាងណា​ឲ្យ​កម្ពុជា​រក្សា​ឲ្យ​បាន​នូវ​អធិបតេយ្យ និង​ភាព​ថ្លៃ​ថ្នូរ​របស់​កម្ពុជា»។

មុន​ការ​ចុះកិច្ច​ព្រម​ព្រៀង​នេះ លោក វ៉ាង យី បាន​ជួប​ជាមួយ​អតីតរដ្ឋមន្រ្តី​ការបរទេស​កម្ពុជា លោក ហោ ណាំហុង កាល​ពី​ល្ងាចថ្ងៃ​អាទិត្យ ភ្លាមៗ​ក្រោយ​លោក​បាន​ចុះ​ពី​លើ​យន្ត​ហោះ។

ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​ចេញ​ផ្សាយ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវ​ការ​របស់​ខ្លួន​លោក ​ហោ ណាំហុង ​បាន​លើក​ឡើងថា ភាគី​ចិន​បាន​ប្រគល់​នូវ​កំណត់​ទូត​អំពី​ «​ជំនួយ​ឥត​សំណង​សម្រាប់​គម្រោង​ប្រញាប់​ក្នុង​ការ​អភិវឌ្ឍ​កម្ពុជា» ​ដែល​មាន​ទឹក​ប្រាក់​ ៩៥០ ​លានយ័ន ​(ប្រហែល​១៤០​លាន​ដុល្លារ)។ លោក ហោ ណាំហុង មិន​បាន​បញ្ជាក់​ទេ​ថា​នេះ​ជា​ជំនួយ​អ្វី​និង​លើ​វិស័យ​ណា។

​ជំនួយ​ផ្សេង​ទៀត​រួម​មាន​គម្រោងខ្សែកាប្លិ៍អុប​ទិក​ក្រោម​បាត​សមុទ្រ ទីក្រុងព្រះ​សីហនុ​-ទីក្រុងហុងកុង គម្រោង​សាងសង់ផ្លូវ គម្រោង​ខ្សែ​បញ្ជូន​អគ្គិសនីជនបទ​គម្រោងជំរុញ​ផលិកម្ម​ស្រូវ និង​នាំចេញអង្ករ គម្រោងប្រព័ន្ធ​ស្រោច​ស្រព និង​ការពារទឹក​ជំនន់ស្ទឹងព្រែក​ត្នោត។ នេះ​បើ​យោង​តាម​សេចក្ដីថ្លែង​ការណ៍​ដដែល​របស់​លោក ហោ ណាំហុង។

ស្ថានីយ៍​ទូរទស្សន៍មជ្ឈឹមចិន ​CCTV ដែល​គ្រប់​គ្រង​ដោយ​រដ្ឋ បាន​ចុះ​ផ្សាយ​ដោយ​ស្រង់សម្ដី​លោក វ៉ាង យី ក្នុង​ពេល​ជួប​ជាមួយ​លោក ហោ ណាំហុង ថា ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្ម​សេរី​នេះ មិន​ត្រឹម​តែ​ជួយ​លើក​កម្ពស់​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​នោះ​ទេ ប៉ុន្តែ​វា​ថែម​ទាំងចូលរួម​ចំណែក​ជួយ​កម្ពុជា​ដោះ​ស្រាយ​បញ្ហា​ប្រឈម ដោយ​សារ​ជំងឺ​រាត​ត្បាត​កូវីដ​១៩។

ប្រព័ន្ធ​ឃោសនា​ផ្លូវការ​ដដែល​បាន​ចុះ​ផ្សាយ​ការ​លើក​ឡើង​របស់​រដ្ឋមន្រ្តី​ការបរទេស​ចិន​បន្ថែម​ថា៖ «ប្រទេស​ចិន​នៅ​តែ​ត្រៀម​ខ្លួន​រួ​ច​រាល់ ដើម្បី​បន្តពង្រឹង​នូវ​ការ​ទុក​ចិត្ត​ផ្នែក​នយោ​បាយ​និង​បង្កើន​ការ​គាំទ្រ​ទ្វេ​ភាគី ហើយបង្ហាញ​ផ្លូវ​រួមគ្នា និង​លើក​កម្ពស់​ការ​អភិវឌ្ឍ​ចំណង​ទាក់​ទង​ទ្វេភាគី​ក្រោយ​ការ​បញ្ចប់​ជំងឺ​កូវីដ​១៩»។

បើ​តាម​លោក ហោ ណាំហុង ភាគី​ចិន​បាន​យល់ព្រម​ទិញ​ស្វាយ ​(ដែល​បានចុះ​អនុស្សារណៈ​រួច​ហើយ) និង​ត្រី​ទៅ​ប្រទេស​ចិន និង​ស្នើ​ជំរុញ​ការនាំចូលឲ្យបាន​ឆាប់។ លោក​ក៏​បាន​ស្នើ​ប្រទេស​ចិនជួយ​ទិញ​ផលិត​ផល​កសិកម្ម​ខ្មែរ​ឲ្យ​បាន​ច្រើន​ថែម​ទៀត រួម​មាន​ម្រេច ទុរេន ស្ករស ផ្លែ​តាង៉ែន​ជាដើម។ លោក​ក៏​បាន​ស្នើឲ្យ​ចិន​ពិនិត្យ​លទ្ធភាព​លើក​ទឹកចិត្ត​ដល់​វិនិយោ​គិន​ចិន ក្នុង​ការ​ផ្ទេរ​រោង​ច​ក្រពី​ប្រទេស​ចិន មក​ប្រទេស​កម្ពុជា​ឲ្យ​បាន​ច្រើន។

ទំហំ​ពាណិជ្ជ​កម្ម​ទ្វេភាគី​កម្ពុជា​ចិន​មាន​ទឹក​ប្រាក់​ប្រមាណ ​៩,៤ ពាន់​លាន​ដុល្លារ​អាមេរិក​ កាល​ពី​ឆ្នាំ​ ២០១៩ ដែល​ក្នុងនោះ ភាគ​ច្រើន​លើស​លប់​ជា​ការ​នាំ​ចូល​ពី​ចិន​មក​កម្ពុជា។​ នេះ​បើ​យោង​តាម​ក្រសួង​ពាណិជ្ជ​កម្ម​កម្ពុជា។​ ប្រទេស​ទាំង​ពីរ​គ្រោង​បង្កើន​ទំហំ​ពាណិជ្ជ​កម្ម​ទ្វេភាគី​ដល់ ​១០ ​ពាន់​លាន​ដុល្លារ​ត្រឹម​ឆ្នាំ​ ២០២៣។

លោក Jayant Menon សេដ្ឋវិទូ​និង​ជា​អ្នក​ស្រាវជ្រាវ​នៅ​វិទ្យា​ស្ថាន​សិក្សា​អាស៊ីអាគ្នេយ៍ ​ISEAS ​ក្នុង​ប្រទេស​សិង្ហបុរី បាន​ឱ្យ​ដឹង​ថា​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​ចិន​នឹង​បង្កើន​ «ភាព​ងាយ​រង​គ្រោះ»​ របស់​កម្ពុជា​ក្នុង​កាលៈ​ទេសៈ​ ឬ​សេណា​រីយោ​ ដែល​សេដ្ឋកិច្ច​ចិន​ជួប​បញ្ហា។​ លោកប្រាប់ VOA​ តាម​សារ​អ៊ីម៉ែល​ថា៖

«ដើម្បី​បន្ថយ​ហានិភ័យ​នេះ កម្ពុជា​គួរ​សំឡឹង​ទៅ​មុខ​បន្ថែម​ទៀត​ក្នុង​ការ​ធ្វើ​ពិពិធកម្ម​បង្កើន​ប្រភព​ផ្សេងៗ​នៃ​លំហូរ​ពាណិជ្ជ​កម្មវិនិយោគ​ចូល​ក្នុង​ប្រទេស ដែល​ធ្វើដូច្នេះ​នឹងបន្ថយ​ការ​ពឹង​ពាក់​លើស​កម្រិត​ទៅ​លើ​ដៃគូ​ពាណិជ្ជកម្ម​តែមួយ​ឬ​តិច​តួច។​ កិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្ម​សេរី​នេះ​គួរ​តែ​ត្រូវ​បាន​ពិចារណា​ឱ្យ​ល្អិតល្អន់ ​ក្នុង​បរិបទ​ដែល​ថា​ តើ​វា​ប៉ះពាល់​ដល់​កម្មវត្ថុ​នៃ​ការ​ធ្វើ​ពិពិធ​កម្ម​យ៉ាង​ណា តើវា​បង្កើន​ការ​ពឹង​អាស្រ័យ​[ចិន]​ដល់​កម្រិត​ណា»។​

បណ្ឌិត អៀ សុផល សាស្ត្រាចារ្យរង​ជំនាញ​ការទូត​នៅ​មហា​វិទ្យាល័យ Occidental សហរដ្ឋ​អាមេរិក បាន​លើក​ឡើង​ថា កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្មសេរី​នេះ​នឹង​បង្កើន​ឥទ្ធិពល​ចិន​ដែល​មាន​ស្រាប់​នៅ​កម្ពុជា លើ​ការ​គ្រប់គ្រង​លំហូរ​វិនិយោគ​ការ​កុម្ម៉ង់​ទិញ ​និង​ការ​ផ្ដល់​ហិរញ្ញប្បទាន​ដល់​វិនិយោគ​ក្នុង​ប្រទេស​កម្ពុជា។

ហានិភ័យ​អាច​បន្ថយ​ឱ្យ​នៅ​ទាប​បាន លុះ​ត្រា​ណា​កម្ពុជា​ «ប្រកាស​ខ្លួន​ឯករាជ្យ» ​ពី​ឥទ្ធិពល​ប្រទេស​ចិន​ តាម​រយៈ​ការ​ធ្វើ​តុល្យកម្ម​ជាមួយ​ទំនាក់​ទំនង​នឹង​សហរដ្ឋអាមេរិក​ ហើយ​បក​ត្រឡប់​ក្រោយ​មក​អនុវត្ត​លទ្ធិ​ប្រជា​ធិបតេយ្យ​ឱ្យ​បាន​ខ្ជាប់​ខ្ជួន​ឡើង​វិញ។​ នេះ​បើ​យោង​តាម​បណ្ឌិត​អៀ សុផល៕

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG