លោកស្រីអង់សាន ស៊ូជី (Aung San Suu Kyi) មេដឹកនាំមីយ៉ាន់ម៉ា និងនាយករដ្ឋមន្ត្រីកម្ពុជាលោកហ៊ុន សែន បានឯកភាពគ្នាក្នុងការជំរុញ និងពង្រីកចំណងទាក់ទងខាងពាណិជ្ជកម្ម ការអប់រំ វប្បធម៌ និងទេសចរណ៍រវាងប្រទេសទាំងពីរ។ នេះបើយោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីប្រទេសកម្ពុជា។
លោកស្រី អង់សាន ស៊ូជី ទីប្រឹក្សារដ្ឋរបស់ប្រទេសមីយ៉ាន់ម៉ា បានកំពុងបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា រយៈពេលពីរថ្ងៃ ដែលជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោកស្រីស៊ូជីនៅកម្ពុជា។
តាមព័ត៌មានសង្ខេបដែលបានសរសេរលើទំព័រហ្វេសប៊ុករបស់លោក ហ៊ុន សែន នៅថ្ងៃអង្គារនេះបានបញ្ជាក់ឲ្យដឹងថា លោកស្រីស៊ូជីបានចូលជួបពិភាក្សាជាមួយមេដឹកនាំយូរឆ្នាំរបស់កម្ពុជា និងបានពិភាក្សាផ្លាស់ប្តូរយោបល់លើការពង្រឹងទំនាក់ទំនង ក្នុងវិស័យសេដ្ឋកិច្ច អប់រំ វប្បធម៌ និងសាសនាជាដើម។
ក្នុងជំនួបនោះ លោក ហ៊ុន សែន បានប្រាប់លោកស្រីស៊ូជីថា «ទាក់ទងទៅនឹងបញ្ហាវប្បធម៌នៅឆ្នាំ២០២០ ខាងមុខនេះគឺជា ខួប៦៥ឆ្នាំនៃការបង្កើតទំនាក់ទំនងរវាងប្រទេសទាំងពីរ ដូច្នេះយើងគប្បីណារៀបចំរួមគ្នានូវសកម្មភាពឲ្យមានភាពអធិកអធមផង និងជំរុញវិស័យទេសចរណ៍ រវាងប្រទេសទាំងពីរផង ជាពិសេសខេត្តសៀមរាប និងខេត្តបាហ្គាន ដែលជាខេត្តពោរពេញទៅដោយប្រាសាទបេតិកភណ្ឌ»។
ទាក់ទិនវិស័យអប់រំ លោក ហ៊ុន សែន បានស្នើឲ្យមានការផ្លាស់ប្ដូរទំនាក់ទំនងរវាងនិស្សិតកម្ពុជា និងនិស្សិតមីយ៉ាន់ម៉ាទៅវិញទៅមក ក្រោមការគាំទ្ររបស់រដ្ឋាភិបាលប្រទេសទាំងពីរ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានសម្រេចផ្តល់អាហារូបករណ៍ចំនួន១០ ទៅដល់ប្រទេសមីយ៉ាន់ម៉ាផងដែរ ដើម្បីផ្តល់ឱកាសឲ្យនិស្សិតមីយ៉ាន់ម៉ាមកសិក្សានៅកម្ពុជាសម្រាប់ឆ្នាំ២០១៩-២០២០។
សម្រាប់បញ្ហាសេដ្ឋកិច្ច លោក ហ៊ុន សែន បានស្នើឲ្យមានការពិនិត្យលើបញ្ហាពន្ធត្រួតគ្នា និងវិស័យដទៃទៀត ដែលកម្ពុជា និងមីយ៉ាន់ម៉ា មានសក្តានុពលក្នុងការជំរុញឲ្យមានការរីកលូតលាស់ឡើងខ្លាំងថែមទៀត។ ភាគីទាំងពីរក៏បានពិភាក្សាលើការបង្កើនទំហំពាណិជ្ជកម្មឲ្យបានច្រើនជាងទំហំពាណិជ្ជកម្មបច្ចុប្បន្នដែលមានត្រឹមតែ១០លានដុល្លារ។
លោកស្រី អង់សាន ស៊ូជី និងលោក ហ៊ុន សែន «បានឯកភាពគ្នា ជំរុញវិស័យសំខាន់ៗទាំងនេះ ហើយក៏បានផ្ដល់ការទុកចិត្ត និងឲ្យរដ្ឋមន្ត្រីដែលពាក់ព័ន្ធនៃប្រទេសទាំងពីរ ធ្វើការងារនោះជាបន្តបន្ទាប់ទៀត»។
អ្នកសិក្សាស្រាវជ្រាវក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកលើកឡើងថា ប្រទេសកម្ពុជា និងមីយ៉ាន់ម៉ាដែលជាប្រទេសស្ថិតក្នុងឋានៈជាប្រទេសក្រីក្រមួយចំនួនរបស់សមាគមប្រជាជាតិអាស៊ីអាគេ្នយ៍ នឹងប្រឈមឧបសគ្គក្នុងការពង្រីកវិសាលភាពនៃទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ខណៈដែលការនាំចេញផលិតផលរបស់ប្រទេសទាំងពីរមានទំហំប្រហាក់ប្រហែលគ្នា។
ប៉ុន្តែប្រទេសទាំងពីរនិងប្រទេសក្រីក្រផ្សេងទៀតរបស់អាស៊ានអាចប្រើយន្តការអាស៊ាន ក្នុងការបន្ថយគម្លាតនៃការអភិវឌ្ឍក្នុងតំបន់ ដើម្បីបន្ថយការពឹងផ្អែកខ្លាំងទៅលើប្រទេសចិន។
លោក ឈាង វណ្ណារិទ្ធ អ្នកវិភាគកិច្ចការតំបន់ប្រាប់ VOA ថា កម្ពុជានិងប្រទេសមីយ៉ាន់ម៉ា ឬភូមា សុទ្ធតែជាប្រទេស ដែលបានពឹងផ្អែកលើចិន ដូចទៅនឹងអ្វីដែលប្រទេសឡាវកំពុងធ្វើផងដែរ។
លោកថា កម្ពុជា និងភូមា អាចពិបាកក្នុងការពង្រីកទំហំពាណិជ្ជកម្ម នៅគ្រាដែលប្រទេសទាំងពីរ មានកម្លាំងផលិតទំនិញនាំចេញក្នុងកម្រិតមួយប្រដំប្រសងគ្នា តែប្រទេសទាំងពីរនេះអាចពង្រីកទំនាក់ទំនងទ្វេភាគី តាមយន្តការអាស៊ាន ដើម្បីបង្កើនការតភ្ជាប់រវាងប្រទេសទាំងពីរ និងក្នុងតំបន់។
អ្នកវិភាគរូបនេះបញ្ជាក់ថា៖
«ការធ្វើទស្សនកិច្ចហ្នឹង គឺជំរុញនូវទំនាក់ទំនងទ្វេភាគី ជាពិសេស ផ្នែកសេដ្ឋកិច្ច យើងអាចមានលទ្ធភាពពង្រឹងបន្ថែម ទាក់ទងនឹងទំនាក់ទំនងផ្នែកសេដ្ឋកិច្ចហ្នឹង ជាពិសេសអាលំហូរនៃការវិនិយោគហ្នឹង តើកម្ពុជាយើងអាចស្វែងរកឱកាសវិនិយោគហ្នឹងយ៉ាងណា នៅប្រទេសភូមា ហើយទាក់ទងពាណិជ្ជកម្មប្រហែលជាពិបាកនឹងជំរុញបន្ថែម ពីព្រោះថា ផលិតផលនាំចេញនៃប្រទេសទាំងពីរហ្នឹងវាប្រហាក់ប្រហែលគ្នា។ ក៏ប៉ុន្តែ សំខាន់ជាងនេះ ខ្ញុំគិតថា ការតភ្ជាប់នៅក្នុងតំបន់មេគង្គក៏ដូចជា ការពង្រឹងនូវសហគមន៍អាស៊ាន អាហ្នឹងទំនាក់ទំងទ្វេភាគីសំខាន់។ ហើយនិយាយចំទៅ កម្ពុជា ភូមា ឡាវហ្នឹង ជាប្រទេសក្រីក្រជាងគេបំផុតហើយ នៅក្នុងអាស៊ាន ដូច្នេះប្រទេសទាំងបីហ្នឹងគួរតែសហការគ្នាបន្ថែមទៀត ទាក់ទងធ្វើយ៉ាងណាឲ្យយន្តការអាស៊ានហ្នឹងវាជួយកាត់បន្ថយនូវគម្លាតនៃការអភិវឌ្ឍហ្នឹងបាទ»។
ប្រទេសកម្ពុជា និងភូមាបានរងការកំណត់យកពន្ធពីសំណាក់សហភាពអឺរ៉ុបលើការនាំចូលអង្កររយៈពេលបីឆ្នាំទៅកាន់ទីផ្សារសហភាពអឺរ៉ុបដែលមានសមាជិក២៨ប្រទេស ដោយចាប់ផ្តើមកាលពីខែមករា ដើម្បីទប់ស្កាត់អ្វីដែលសហភាពអឺរ៉ុបនិយាយថា ជាវិធានការការពារផលិតកររបស់សហភាពអឺរ៉ុបដូចជា ប្រទេសអ៊ីតាលី ដែលប្រឆាំងនឹងការនាំចូលអង្ករដែលបានកើនឡើង។
ជាងនេះទៅទៀត ប្រទេសកម្ពុជានិងមីយ៉ាន់ម៉ាកំពុងប្រឈមការបាត់បង់ការអនុគ្រោះពន្ធសម្រាប់ការនាំចូលទំនិញទៅទីផ្សារសហភាពអឺរ៉ុបដែលជាទីផ្សារពាណិជ្ជកម្មធំជាងគេក្នុងពិភពលោក ដោយសារតែកំណត់ត្រាវិបត្តិនៃការរំលោភសិទ្ធិមនុស្ស ប៉ុន្តែទណ្ឌកម្មដែលអាចនឹងកើតមាននេះគឺដាច់ដោយឡែកពីវិធានការការពារទីផ្សារអង្ករអឺរ៉ុប។
ប្រទេសទាំងពីរដដែលនេះទទួលបានផលប្រយោជន៍ពីកម្មវិធីពាណិជ្ជកម្មរបស់សហភាពអឺរ៉ុបឈ្មោះ«គ្រប់មុខទំនិញទាំងអស់លើកលែងតែសព្វាវុធ» ឬហៅថា EBA ដែលអនុញ្ញាតឱ្យប្រទេសអភិវឌ្ឍន៍តិចតួចបំផុតក្នុងពិភពលោកអាចនាំទំនិញភាគច្រើនទៅលក់នៅទីផ្សារសហភាពអឺរ៉ុបដោយមិនបាច់បង់ពន្ធគយ។
លោក ឈាង វណ្ណារិទ្ធ បានបញ្ជាក់ទៀតថា សម្ពាធពីលោកខាងលិចមកលើកម្ពុជា និងភូមាបានកំពុងតែធ្វើឲ្យប្រទេសទាំងពីរ ងាកទៅស្និទ្ធជាមួយនឹងប្រទេសចិន។
«កម្ពុជា និងភូមាហ្នឹង គឺទទួលរងឥទ្ធិពល និងគេហៅថា សម្ពាធពីលោកខាងលិច ដូច្នេះយើងឃើញថា និន្នាការនៃប្រទេសទាំងពីរហ្នឹងក៏ងាកទៅរកចិនស្រដៀងគ្នាហ្នឹងដែរ។ អ៊ីចឹងទេ នៅក្នុងសហគមន៍អាស៊ាន ប្រហែលជាប្រទេសដែល ដែលស្និទ្ធជាមួយចិនជាងគេហ្នឹង គឺប្រទេសដែលក្រីក្រជាងគេក្នុងអាស៊ានហ្នឹងតែម្តង គឺមានកម្ពុជា ឡាវ ភូមាហ្នឹង»។
ដោយឡែកលោកសម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ ដែលត្រូវបានរំលាយចោលកាលពីឆ្នាំ២០១៧ បានលើកឡើងពីការតស៊ូខាងនយោបាយរបស់អ្នកស្រីស៊ូជីដែលត្រូវយោធានៃប្រទេសមីយ៉ាន់ម៉ា បានដាក់ឲ្យស្ថិតក្នុងការឃុំខ្លួនក្នុងផ្ទះអស់រយៈពេលជាងមួយទសវត្សរ៍។
លោក សម រង្ស៊ី បានភ្ជាប់ករណីអ្នកស្រីស៊ូជីជាមួយករណីលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ដែលត្រូវបានអាជ្ញាធរទីក្រុងភ្នំពេញដាក់ឲ្យស្ថិតក្នុងការឃុំខ្លួនក្នុងផ្ទះ ជាងប្រាំមួយខែមកហើយនោះ។
លោក សម រង្ស៊ី ដែលកំពុងរស់នៅដោយនិរទេសខ្លួននៅឯក្រៅប្រទេស បានផ្តល់ការអធិប្បាយលើទំព័រហ្វេសប៊ុករបស់លោកនៅថ្ងៃទី៣០ ខែមេសាក្នុងន័យដើមថា៖
«ដំណើរទស្សនកិច្ច លោកស្រី អ៊ុង សានស៊ូជី នៅកម្ពុជាសប្តាហ៍នេះ ធ្វើឲ្យសាធារណមតិចងចាំថា លោកស្រី អ៊ុង សានស៊ូជី ត្រូវបានរបបផ្តាច់ការ នៅប្រទេសភូមា ឃុំឃាំងក្នុងគេហដ្ឋានរបស់លោកស្រី រយៈពេលសរុប ១៤ឆ្នាំ តែលោកស្រីមិនដែលជាប់ឃុំឃាំងក្នុងពន្ធនាគារទេ។ ការឃុំឃាំងក្នុងផ្ទះបែបនេះ បានធ្វើឲ្យពិភពលោកទាំងមូល ទាមទារឲ្យមានការដោះលែងលោកស្រី អ៊ុង សានស៊ូជី ឲ្យទទួលបានសេរីភាពពេញលេញឡើងវិញ»។
លោក សម រង្ស៊ី បានអធិប្បាយបន្ថែមក្នុងន័យដើមថា៖«ឥឡូវនេះ លោកកឹម សុខាក៏កំពុងតែត្រូវបានរបបផ្តាច់ការឃុំឃាំងក្នុងផ្ទះជាង ៦ខែមកហើយ ដូចលោកស្រី អ៊ុង សានស៊ូជី ពីមុនអញ្ចឹងដែរ។ ដូច្នេះពិភពលោកទាំងមូល ក៏ទាមទារឲ្យរបបហ៊ុន សែន ដោះលែងលោក កឹម សុខា ឲ្យទទួលបានសេរីភាពពេញលេញឡើងវិញ ពីព្រោះតុលាការអាយ៉ងទីក្រុងភ្នំពេញ រកភស្តុតាងក៏គ្មានសាក្សីក៏គ្មានក្នុងការចោទប្រកាន់គ្មានមូលដ្ឋាន មកលើលោក កឹម សុខា ដែលជាប្រធានគណបក្សសង្គ្រោះជាតិ»។
យ៉ាងណាក៏ដោយ តាមរបៀបវារៈនៃការបំពេញទស្សនកិច្ចរបស់លោកស្រីស៊ូជីនៅកម្ពុជា បញ្ហានយោបាយមិនត្រូវបានលើកឡើងមកពិភាក្សានោះទេ ហើយក្រោយការជួបមេដឹកនាំសំខាន់ៗរបស់កម្ពុជា រួមទាំងអង្គព្រះមហាក្សត្ររបស់ប្រទេសនេះ លោកស្រី ស៊ូជី គ្រោងនឹងទៅទស្សនាប្រាង្គប្រាសាទបុរាណខ្មែរដ៏ល្បីល្បាញនៅឯខេត្តសៀមរាបនៅថ្ងៃពុធស្អែកនេះ។
លោកស្រី ស៊ូជី ក៏គ្រោងនឹងចាកចេញពីប្រទេសកម្ពុជាតាមជើងហោះហើរពិសេសរបស់លោកស្រីពីទឹកដីសៀមរាបអង្គរនៅថ្ងៃពុធដដែលនោះ។
ក្រោយការឡើងកាន់អំណាចរបស់លោកស្រី ស៊ូជី បន្ទាប់ពីការបោះឆ្នោតជាតិនៅឆ្នាំ២០១៥ ភាពស្រងាកចិត្តបានកើតមាននៅប្រទេសដែលមានភូមិផងរបងជាមួយចិន ដោយសារតែការព្រងើយកន្តើយរបស់លោកស្រីស៊ូជី ទៅនឹងអ្វីដែលគេចោទប្រកាន់ថា ជាការរើសអើងពូជសាសន៍ផងដែរ។
លោកស្រីដែលត្រូវបានគេចាត់ទុកថា ជាភ្លើងបំភ្លឺផ្នែកសិទ្ធិមនុស្សក្នុងប្រទេសនេះ ហើយដែលត្រូវបានគេផ្តល់តួនាទីឲ្យក្នុងជួររដ្ឋាភិបាលកាលពីឆ្នាំ២០១៦ ក្រោយពេលគណបក្សអ្នកស្រីបានឈ្នះការបោះឆ្នោតភ្លូកទឹកភ្លូកដីនោះ បន្តមិនមាត់មិនកអំពីប្រធានបទរឿងជនអំបូររ៉ូហ៊ីងយ៉ាទេ។ លោកស្រីបានថ្លែងការពារក្នុងបទសម្ភាសន៍កាលពីមុនមក ដោយបានច្រានចោលការចោទប្រកាន់ទាំងឡាយអំពីការបោសសម្អាតអំបូរជាតិសាសន៍។
ការមកបំពេញទស្សនកិច្ចនៅកម្ពុជារបស់ម្ចាស់ពានរង្វាន់ណូបែលសន្តិភាពរូបនេះ កើតមានឡើងបន្ទាប់ពីលោកស្រីបានបញ្ចប់ទស្សនកិច្ច នៅរដ្ឋធានីប៉េកាំង ប្រទេសចិន ជាទីដែលមានការរៀបចំវេទិកាលើកទីពីរស្តីពី «ក្រវាត់ផ្លូវពាណិជ្ជកម្មចិន» ហៅកាត់ថា BRI៕