អង្គការសិទ្ធិមនុស្ស Human Rights Watch និងអង្គការសិទ្ធិមនុស្សក្នុងស្រុកចំនួន ៦០ បានស្នើសុំឲ្យទម្លាក់បទចោទប្រកាន់និងដោះលែងសកម្មជនសិទ្ធិលំនៅដ្ឋានតំបន់បឹងកក់ចំនួនពីររូប គឺលោកស្រី ទេព វន្នី និងអ្នកស្រី បូវ សោភា នៅក្នុងសំណុំរឿងការធ្វើ«យុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅ» តាមបែបអហិង្សាហើយដែលរដ្ឋាភិបាលយល់ថា ជាចលនានៃការធ្វើបដិវត្តន៍។
ការទទូចក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកនេះបានកើតមានឡើង នៅក្រោយពីត្រូវតុលាការរាជធានីភ្នំពេញសម្រេចឃុំខ្លួនលោកស្រី ទេព វន្នីជ័យលាភីរង្វាន់ស្រ្តីជាអ្នកដឹកនាំរបស់អង្គការ Vital Voices និងអ្នកស្រីបូវ សោភា កាលពីថ្ងៃពុធពីបទ«ញុះញង់ឲ្យប្រព្រឹត្តបទមជ្ឈឹម និងបទឧក្រិដ្ឋជាអាទិ៍»។ សកម្មជនទាំងពីរត្រូវអាជ្ញាធរខណ្ឌដូនពេញចាប់ឃុំខ្លួនដោយសារពួកគេបានធ្វើពិធីដាក់បណ្តាសាលើអ្នកដែលរំលោភសិទ្ធិមនុស្ស និង ការតវ៉ាបែបអហិង្សាដោយការស្លៀកសម្លៀកបំពាក់ពណ៌ខ្មៅ ដើម្បីឲ្យមានការដោះលែងអ្នកជាប់ឃុំជាសកម្មជនសិទ្ធិមនុស្ស មន្ត្រីបោះឆ្នោត គជប ហើយនឹង សុំឲ្យមានការស៊ើបអង្កេតពិតប្រាកដលើឃាតកម្ម លោក កែម ឡី អ្នកវិភាគសង្គមដ៏ល្បីល្បាញនោះ។
លោក Brad Adams នាយកអង្គការ Human Rights Watch ប្រចាំតំបន់អាស៊ីបានថ្លែងថាអាជ្ញាធរគួរទម្លាក់បទចោទនិងដោះលែងសកម្មជនទាំងពីរនាក់នេះ ជាបន្ទាន់។ លោកថ្លែងបានបន្ថែមថា៖
«ការចោទប្រកាន់ដែលគ្មានមូលដ្ឋានប្រឆាំងនឹងសកម្មជនទាំងពីរគឺជាការកើនឡើងចុងក្រោយ ដែលថារដ្ឋាភិបាលធ្វើបាបអ្នករិះគន់បែបអហិង្សាដោយឥតកោតក្រែងកាន់តែខ្លាំងឡើង»។
លោកបានបន្ថែមថាវិធានការនេះគឺបង្ហាញថាគ្មានអ្នករិះគន់រដ្ឋាភិបាលណាត្រូវរួចពីការយាយីរបស់រដ្ឋាភិបាលទេបន្ទាប់ពីការរិះគន់។
ស្រដៀងគ្នានេះដែរ ក្រុមអង្គការសង្គមស៊ីវិលក្នុងស្រុកចំនួន ៦០ បានថ្លែងរួមគ្នានៅក្នុងសេចក្តីថ្លែងការណ៍មួយចុះថ្ងៃទី ១៨ ខែសីហា ថា តុលាការរាជធានីភ្នំពេញ បានធ្វើខុសពីនីតិវិធីរបស់តុលាការ ក្នុងការបង្គាប់ឲ្យបើកសវនាការជំនុំជម្រះ។ ពួកគេបានទាមទារឲ្យតុលាការដោះលែង សកម្មជនទាំងពីរនាក់នេះ ជាបន្ទាន់ និងអំពាវនាវឲ្យអាជ្ញាធរទម្លាក់ចោលការចោទប្រកាន់ដែលមិនត្រឹមត្រូវលើសកម្មជនទាំងពីរ ហើយសូមធានា នូវសិទ្ធិក្នុងការប្រមូលផ្តុំដោយអហិង្សា ដូចជាអ្នកដែលគាំទ្រយុទ្ធនាការអហិង្សាថ្ងៃពណ៌ខ្មៅ ដែលត្រូវបានការពារដោយច្បាប់ជាតិ និងអន្តរជាតិផងដែរ។
នៅក្នុងសេចក្តីថ្លែងការណ៍ដដែលនោះ នាង ណាលី ពីឡូក នាយករងផ្នែកតស៊ូមតិនៃអង្គការលីកាដូបានថ្លែងថា៖
«សំណុំរឿងនេះបង្ហាញសារជាថ្មីថារដ្ឋាភិបាលមិនមានចេតនាក្នុងការលើកស្ទួយការបញ្ចេញមតិ ដោយអហិង្សាក្នុងសង្គមប្រជាធិបតេយ្យទេ។ ការចោទប្រកាន់ដោយគ្មានមូលដ្ឋានទាំងនេះគឺជាការបង្ក្រាបជាបន្តបន្ទាប់ ទៅលើប្រជាពលរដ្ឋកម្ពុជាដែលទទួលការគំរាមកំហែងហើយប៉ុន្តែនៅតែ មិនទាន់ព្រមបញ្ឈប់សកម្មភាពធ្វើយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅនេះ»។
លោក សុក សំអឿន មេធាវីការពារសិទ្ធិមនុស្ស បានប្រាប់ VOA ថា លោកមិនបានតាមដានពីអង្គហេតុនៃការនាំឲ្យមានការកាត់ក្តីភ្លាមៗនៅតុលាការនោះទេ ដែលជាហេតុនាំឲ្យលោកមិនបានសន្និដ្ឋានបានថា តើជាការត្រឹមត្រូវ ឬយ៉ាងណាចំពោះការកាត់ក្តីមានលក្ខណៈតក់ក្រហល់ ដែលធ្វើឡើងចំពោះសកម្មជនដីធ្លីបឹងកក់ ដែលកំពុងជាប់ឃុំនោះ។
ក៏ប៉ុន្តែលោកពន្យល់ថា តុលាការអាចធ្វើការកាត់ក្តីបន្ទាន់មួយបាន ប្រសិនបើការប្រព្រឹត្តសកម្មភាពណាមួយ គឺជាបទល្មើសជាក់ស្តែង មានភស្តុតាងគំាទ្រគ្រប់គ្រាន់។
«នៅក្នុងច្បាប់ គេមាននីតិវិធីកាត់ភ្លាមៗដែរ ប្រសិនបើព្រះរាជអាជ្ញា គេមានភស្តុតាង គ្រប់គ្រាន់ ហើយបើសិនជា ករណីហ្នឹងជាបទល្មើសជាក់ស្តែង វាមាននីតិវិធីរបស់គេ។ ទាស់តែត្រង់ថា ជនជាប់ចោទ គេមានសិទ្ធិ នឹងទាមទារបង្វិលរឿងហ្នឹងទៅស៊ើបអង្កេត ទៅឲ្យចៅក្រមស៊ើបអង្កេត ស៊ើបវិញ បើសិនជាជនជាប់ចោទ ទាមទារ។ បើសិនជាជនជាប់ចោទវាអត់ទាមទារ វាទៅមុខហើយ»។
លោក លី សុផាណា ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃសុក្រ បដិសេធមិនធ្វើអធិប្បាយ ព្រោះលោកជាប់ប្រជុំ។ VOA មិនអាចទាក់ទង លោកចៅក្រម ពេជ្រ វិជ្ជាធម៌ បានទេ នៅថ្ងៃសុក្រនេះ។
ទោះជាយ៉ាងណាក្តីអ្នកស្រី បូ ឆវី វ័យ ៤០ ឆ្នាំ សកម្មជនសិទ្ធិលំនៅដ្ឋាននៅក្នុងសហគមន៍បឹងកក់ បានបញ្ជាក់ប្រាប់ VOA ក្រុមសកម្មជនក្នុងសហគមន៍ នឹងបន្តការតវ៉ាដោយអហិង្សា បន្តទៅ ក្នុងរូបភាពជាយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅដដែលដើម្បីទាមទារឲ្យតុលាការដោះលែងលោកស្រី ទេព វន្នី និង អ្នកស្រី បូវ សោភា រួមទាំងអ្នកទោសមនសិការផ្សេងទៀត ដែលរួមមាន សកម្មជនការពារសិទ្ធិមនុស្សសមាគមការពារសិទ្ធិមនុស្សអាដហុក និងលោក នី ចរិយា អគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។
អ្នកស្រីនិយាយថា ការចាប់ខ្លួនមិនមែនជាឧបសគ្គនៃការតស៊ូមតិ សម្រាប់ទាមទារយកសេរីភាព និងការគោរពច្បាប់ត្រឹមត្រូវនោះទេ។
«និយាយទៅអូនតាំងពីខ្ញុំ ចាប់តវ៉ា ក្នុងតំបន់បឹងកក់នេះ អស់រយៈពេលប្រាំពីរឆ្នាំហើយ គឺបងដូចជា ដូចជាប្រជាពលរដ្ឋផ្សេងៗ គាត់បានត្រៀមអស់ក្នុងការចាប់ដាក់ក្នុងពន្ធនាគារនេះ ដូចជាការប្រើអំពើហិង្សាកន្លងមក គឺយើងបានត្រៀមខ្លួនរួចអស់ហើយ យើងមិនដែលខ្លាចទេនូវទង្វើអស់ហ្នឹងគឺ ពួកខ្ញុំទាំងអស់គ្នា ខ្លាចបាត់បង់ផ្ទះសម្បែង បាត់បង់សិទ្ធិលំនៅដ្ឋានយើងទេ ច៎ា ដែលយើងត្រូវខ្លាចនោះណ៎ា»។
សកម្មជនទាំងពីរនាក់លោកស្រី ទេព វន្នី និង អ្នកស្រី បូវ សោភា អាចប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់ពីរឆ្នាំ និងពិន័យជាប្រាក់ចំនួនមួយពាន់ដុល្លារ (៤.០០០.០០០រៀល) បើត្រូវរកឃើញថា មានទោស។ នេះគឺជាលើកទីបីហើយដែលអ្នកស្រី ទេព វន្នី ត្រូវបានជាប់ក្នុងមណ្ឌលអប់រំកែប្រែទីពីរ ដោយសារការចូលរួមសកម្មភាពអហិង្សា ហើយជាលើកទីពីរសម្រាប់អ្នកស្រី បូវ សោភា ដែរ ដែលបានជាប់ពន្ធនាគារ ចាប់តាំងពីឆ្នាំ ២០១២មក។
ក្រុមសង្គមស៊ីវិលបានអះអាងថា ការណ៍ដែលតុលាការបង្គាប់ឲ្យមានការជំនុំជម្រះភ្លាមៗ គឺជាការរំលោភទៅនឹងសិទ្ធិក្នុងការជំនុំជម្រះដោយស្មើភាពគ្នា យោងតាមច្បាប់ជាតិ និងអន្តរជាតិ ដែលរារាំងក្រុមមេធាវីមិនឲ្យមានពេលគ្រប់គ្រាន់ក្នុងការការពារកូនក្តី៕