អ្នក​​​ប្រឆាំង​អំពើ​ជួញដូរ​ផ្លូវ​ភេទ​នៅ​កម្ពុជា​លា​ឈប់​បន្ទាប់​ពី​​ការ​ចោទ​ថា​បាន​ប្រឌិត​​រឿង​ជីវិត​ផ្ទាល់​ខ្លួន

  • Robert Carmichael

អ្នកស្រី​ ម៉ម​ សូម៉ាលី​ មិន​បាន​ធ្វើ​សេចក្តី​អធិប្បាយ​ជា​សាធារណៈ​​អំពី​ការ​ចោទ​ប្រកាន់​ទាំង​នេះ​ឬ​អំពី​ការ​លា​ឈប់​ទេ។​

អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​ អ្នកស្រី​ ម៉ម​ សូម៉ាលី​ មាន​មុខនាទី​ក្នុង​ឆាក​អន្តរជាតិ ​ជា​អ្នក​ដឹកនាំ​សំខាន់​ម្នាក់​ នៅ​ក្នុង​កិច្ច​ប្រឹង​ប្រែង​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញ​ដូរ​ផ្លូវ​ភេទ។​ ក្នុង​ឆ្នាំ​ ២០០៩​ ទស្សនាវដ្តី​ Time​ ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​សរអា​ បាន​ប្រកាស​ឈ្មោះ​អ្នកស្រី​ថា​ជា​មនុស្ស​ម្នាក់​ក្នុង​ចំណោម​មនុស្ស​ ១០០​ នាក់ដែល​មាន​ឥទ្ធិពល​ខ្លាំងបំផុត​ក្នុង​ពិភពលោក។​ ៣​ឆ្នាំ​មុន​នេះ​ទៀត​ បណ្តាញ​ទូរទស្សន៍​ព័ត៌មានខ្សែ​កាប CNN​ បាន​ដាក់​ឈ្មោះ​អ្នក​ស្រី​ថា​ជា​វីរនារី​ម្នាក់​របស់​ខ្លួន។​

អង្គការ​មិន​យក​កម្រៃ​ដែលដាក់​ឈ្មោះ​អ្នកស្រី​ហៅ​ មូលនិធិ​ ម៉ម​ សូម៉ាលី​ (Somaly Mam Foundation)​ មាន​មូលដ្ឋាន​នៅ​បូរី​ ញូយក​ ហើយ​បាន​អង្គាស​ប្រាក់​សម្រាប់​អង្គការ​របស់​អ្នក​ស្រី​នៅ​ក្នុង​ប្រទេស​ កម្ពុជា​ ឈ្មោះ​ AFESIP។​ អង្គការ​នេះ​គ្រប់​គ្រង​មជ្ឈមណ្ឌល​ ៣​ សម្រាប់​ជន​រង​គ្រោះ​នៃ​អំពើ​ជួញ​ដូរ​ផ្លូវ​ភេទ។​

មូលនិធិ​ ម៉ម​ សូម៉ាលី ជា​អង្គការ​ពេញនិយម​មួយ​របស់សិល្បករ​ល្បីល្បាញ​អាមេរិកាំង​ក្នុង​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ។​ ក្នុង​ចំណោម​ក្រុម​ប្រឹក្សាភិបាល​មាន​តារា​ភាពយន្ត​ Hollywood​ លោកស្រី​ Susan​ Sarandon និង​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​បណ្តាញ​សង្គម​ Facebook​ លោក​ស្រី​ Sheryl​ Sandberg។​

ក៏​ប៉ុន្តែ​ក្នុង​ពេល​ ២​ឆ្នាំ​ចុង​ក្រោយ​នេះ សេចក្តី​រាយការណ៍​ព័ត៌មាន​មួយ​ចំនួន​ជា​បន្ត​បាន​លើកឲ្យ​មាន​ការ​មន្ទិល​សង្ស័យ​អំពី​រឿង​របស់ស្រ្តី​ខ្លះ​ដែល​មូលនិធិ​របស់​អ្នក​ស្រី ហៅ​ថា​ជា​ជន​រងគ្រោះ​ពី​ការ​ជួញដូរ​ផ្លូវ​ភេទ។​ ថ្មីៗ​នេះ​ទៀត​ សំណួរ​បាន​លេច​ឡើង​អំពី​សេចក្តី​ពិតនៃ​រឿងផ្ទាល់​ខ្លួនរបស់​អ្នក​ស្រី​ ម៉ម​ សូម៉ាលី​ ​ដែល​មាន​ការ​ចុះ​ផ្សព្វ​ផ្សាយ​យ៉ាង​ខ្ទរខ្ទារ​ថា ​អ្នកស្រី​ជា​ជន​រងគ្រោះ​នៃ​អំពើ​ជួញដូ​រផ្លូវ​ភេទ​ម្នាក់​ដែរ។​

សេចក្តី​រាយការណ៍​ទាំង​នេះ​មាន​ចុះ​ផ្សាយ​ជា​ដំបូង​ក្នុង​ឆ្នាំ​២០១២​ និង​ ២០១៣​ នៅ​ក្នុង​សារព័ត៌មាន​ជា​ភាសា​អង់គ្លេស​ក្នុង​ប្រទេស​កម្ពុជា​ The​ Cambodia​ Daily។​ ក៏​ប៉ុន្តែ​ ទើប​មក​ដល់​ដើម​ឆ្នាំ​នេះ​បាន​មូលនិធិ​ ម៉ម​ សូម៉ាលី​ បាន​តែងតាំង​ក្រុមហ៊ុន​ច្បាប់​មួយ ដើម្បីពិនិត្យ​មើល​សេចក្តី​រាយការណ៍​ទាំងនេះ។​

នៅ​ដើម​ខែ​នេះ​ ទស្សនាវដ្តី​ Newsweek​ ដែល​មាន​មូលដ្ឋាន​នៅ​សរអា​ បាន​ចុះ​ផ្សាយ​នៅ​លើ​ក្រប​ទស្សនាវដ្តី​ រឿង​របស់​លោក​ Simon​ Marks ​អតីត​និពន្ធ​នៃ​សារព័ត៌មាន Cambodia Daily​ ដែល​បាន​លាត​ត្រដាង​ឲ្យ​ឃើញ​ពាក្យ​ចោទ​ប្រកាន់​ដដែល​នេះ​ ជូន​ដល់​អ្នក​អានកាន់​តែ​ច្រើន​ឡើង​ទៀត។​

កាល​ពី​ថ្ងៃ​ពុធ​នេះ​នៅ​បូរី​ញូវយក​ លោក​ស្រី​ Gina​ Reiss-Wilchins​ នាយក​ប្រតិបត្តិ​នៃ​មូលនិធិ​ បាន​ប្រកាស​ថា​ ជា​ផល​វិបាក​នៃ​ការ​រក​ឃើញ​ក្នុង​ការ​ស៊ើប​អង្កេត​ អ្នក​ស្រី​ ម៉ម​ សូម៉ាលី​ បាន​លា​ឈប់។​

លោក​ស្រី​ Reiss​ Wilchins​ ក៏​បាន​ប្រកាស​ដែរ​ថា​ នាង​ ឡុង​ ប្រស​ ដែលរឿងរបស់​នាង​ត្រូវ​បាន​ចុះ​ផ្សាយ​នៅ​ក្នុងសារព័ត៌មាន​ New​ York​ Times ដោយ​បង្ហាញ​ថា​នាង​បាន​ឆ្លង​កាត់​អំពើ​ឃោឃៅ​ដ៏​វិសាមញ្ញ​នោះ​ ក៏​លែង​មាន​ការ​ទាក់ទង​ជា​មួយ​មូលនិធិ​នេះ​ទៀត​ហើយ។​

អ្នកស្រី​ ម៉ម​ សូម៉ាលី​ មិន​បាន​ធ្វើ​សេចក្តី​អធិប្បាយ​ជា​សាធារណៈអំពី​ការ​ចោទ​ប្រកាន់​ទាំង​នេះ​ឬ​អំពី​ការ​លា​ឈប់​ទេ។​ នៅ​ក្នុង​សារ​អ៊ីមែល​មួយ​ លោក​ស្រី​ Alison​ Nakamura​ នាយក​ជាន់​ខ្ពស់​ផ្នែក​គមនាគមន៍​របស់​មូលនិធិ​ បាន​ប្រាប់​ វីអូអេ​ថា​ អង្គការ​នេះ​មិន​និយាយ​អ្វី​ទៀតទេ​ នៅ​ពេល​នេះ។​ មូលនិធិ​មិន​ទាន់​បាន​បញ្ចេញ​លទ្ធផល​នៃ​ការ​ស៊ើប​អង្កេត​របស់​ខ្លួន​នៅ​ឡើយ​ទេ។​

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ ផល​វិបាក​នៃការ​ស៊ើប​អង្កេត​អាច​មាន​ប៉ះពាល់​លើស​ពី​អ្នកស្រី​ ម៉ម​ សូម៉ាលី​ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល ២​ របស់​អ្នក​ស្រី​នេះទៅ​ទៀត។​

លោក​ Sebastien​ Marot​ ជា​ស្ថាបនិក​នៃ​អង្គការ​ដែលមាន​ការ​គោរព​ច្រើន​ឈ្មោះ Friends​ International​ និង​ធ្វើ​ការ​ក្នុង​ប្រទេស​ កម្ពុជា​ និង​ប្រទេស​ដទៃ​ទៀត​ ជា​មួយ​កុមារ​ដែល​រស់នៅ​តាម​ផ្លូវ​ជា​ច្រើន​ពាន់​នាក់។​ លោក​ថ្លែង​ថា​ លោក​ព្រួយបារម្ភខ្លាច​ព័ត៌មាន​ថ្ងៃ​នេះ អាច​ធ្វើ​ឲ្យ​ខូច​ប្រយោជន៍​ដល់​អង្គការ​ដទៃ​ទៀត​ដែល​ធ្វើ​ការ​នៅ​ក្នុងវិស័យ​ប្រឆាំង​អំពើ​ជួញ​ដូរ​មនុស្ស៖​

«សេចក្តី​ព្រួយបារម្ភ​ធំ​បំផុត​របស់​ខ្ញុំ​ គឺ​ថា​ ផលវិបាក​នៃ​រឿង​ទាំង​អស់នេះ​ នឹង​ធ្វើ​ឲ្យ​មាន​រូបភាព​អាក្រក់​ដល់​កិច្ច​ការ​ដែល​បាន​ធ្វើ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ និង​កិច្ច​ការ​ដែល​បាន​ធ្វើ​នៅ​ក្នុង​វិស័យ​ជួញ​ដូរ​មនុស្ស​និង​ស្រ្តី​ដែល​អាច​មាន​គ្រោះថ្នាក់។ ហើយ​វា​អាច​ធ្វើ​ឲ្យ​ខូច​ប្រយោជន៍ធ្ងន់​ដល់​អង្គការ​ក្រៅ​រដ្ឋាភិបាល​នៅ​ក្នុង​ប្រទេស​កម្ពុជា​ នៅ​កន្លែង​ដទៃ​ទៀត​ និង​ពិត​ជា​ធ្វើ​ឲ្យអន្តរាយ​ដល់​កិច្ច​ការ​ល្អ​ដែល​អង្គការ​ទាំង​នេះ​ជា​ច្រើនទៀត​បានធ្វើ»។​

មូលនិធិ ម៉ម​ សូម៉ាលី​ បាន​ត្រូវ​បង្កើត​ឡើង​ក្នុង​ឆ្នាំ​ ២០០៧​ ដើម្បី​ប្រយុទ្ធ​ការ​ជួញ​ដូរ​មនុស្ស​និង​ការ​កេង​ប្រវ័ញ្ញផ្លូវ​ភេទ​នៃ​ស្រ្តី​និង​នារី​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ហើយ​តាំង​ពី​ពេល​នោះ​មក​បាន​ដំឡើង​ការ​យល់​ដឹង​អំពី​បញ្ហា​នេះ។​

ក៏​ប៉ុន្តែ​ក្នុង​ពេល​ច្រើន​ឆ្នាំ​កន្លង​ទៅ​នេះ​ សេចក្តី​អះអាង​ខ្លះ​របស់​អ្នកស្រី​ ម៉ម​ សូម៉ាលី​ បាន​ធ្វើ​ឲ្យ​មាន​ការ​ងឿង​ឆ្ងល់​ ក៏​ដូច​ជា​ការ​ប្រើមនុស្ស​ដែល​អង្គការ​នេះ​ចាត់​ថា​ជា​ជនរងគ្រោះនៃ​ការ​ជួញ​ដូរ​ផ្លូវ​ភេទ​ដើម្បី​បង្កើន​ការ​យល់​ដឹង​និង​ថវិកា​ផង​ដែរ។​ សេចក្តី​សម្រេច​របស់អង្គការ​អ្នក​ស្រី ដែល​អនុញ្ញាត​ឲ្យ​អ្នក​សារព័ត៌មាន​នៃ​កាសែត​ ញូយកថែម៍ លោក​ Nicholas​ Kristoff​ ផ្ញើ​សារ​ ធ្វីត​ (tweet)​ ផ្ទាល់​អំពី​ការ​ចូល​បង្រ្កាប​បន​ពេស្យាចារ​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ​២០១១​ ក៏​បាន​ទទួល​ការ​រិះគន់​យ៉ាង​ខ្លាំង​ដែរ​៕

ប្រែ​សម្រួល​ដោយ​ កែរ​ យ៉ាន