ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

FBI៖ ​ការចូលរួម​​របស់​​យុវជន​​​​មាន​​សារៈសំខាន់​ក្នុងការ​ទប់ស្កាត់​ឧក្រិដ្ឋកម្ម​​


ស្លាកសញ្ញា​របស់ FBI ​នៅ​លើ​ផែនទី​ស.រ.អា. (រួបភាព​ចម្លងពីគេហទំព័រ)
ស្លាកសញ្ញា​របស់ FBI ​នៅ​លើ​ផែនទី​ស.រ.អា. (រួបភាព​ចម្លងពីគេហទំព័រ)
មន្ត្រី​ស៊ើប​អង្កេត​រដ្ឋាភិបាល​សហព័ន្ធ​របស់​អាមេរិកាំង(FBI) ​ដែល​ប្រចាំ​ការ​នៅ​ប្រទេស​កម្ពុជា​បាន​និយាយ​ទៅ​កាន់​យុវជន​ប្រមាណ​២០០​នាក់​ដែល​មក​ពី​ខេត្ត​ក្រុង​ចំនួន​៩ក្នុង​ប្រទេស​កម្ពុជាថា ក្រុម​យុវជន​មាន​តួនាទី​សំខាន់​ក្នុង​ការ​ចូលរួម​ទប់​ស្កាត់​បទ​ឧក្រិដ្ឋ​នានា។

ភ្នាក់​ងារ​រូបនោះ​ដែល​សូម​មិន​ឱ្យ​បញ្ចេញ​អត្តសញ្ញាណ​បាន​ថ្លែង​ក្នុង​ពេល​ធ្វើ​បទ​បង្ហាញ​ថា៖ «ខ្ញុំ​ចង់​ប្រាប់​អ្នក​ពី​ទី​ភ្នាក់ងារ​របស់​FBI​យើង​ស៊ើប​អង្កេត​ឧក្រិដ្ឋកម្ម​ដូច​ម្តេច ​ហើយ​ខ្ញុំ​លើក​ទឹក​ចិត្ត​អ្នក​ទាំង​អស់​គ្នា​ឱ្យ​គិត​និង​វិភាគ​ឱ្យ​បាន​ស៊ី​ជម្រៅ​លើ​បទ​ឧក្រិដ្ឋ​ដែល​ខ្ញុំ​កំពុង​ស៊ើប​អង្កេត​នៅ​កម្ពុជា»។ ​

លោក​ថ្លែង​ដូច្នេះ​ក្នុង​សិក្ខាសាលា​រយៈពេល​បី​ថ្ងៃ​មួយ​នៅ​រាជធានី​ភ្នំពេញ​ដែល​ផ្តោត​លើ​ការ​ផ្តល់​ភាព​អង់​អាច​ដល់​ក្រុម​យុវជន​ក្នុង​ការ​ចូលរួម​កិច្ច​ការ​សង្គម។

មន្ត្រី​FBI​ដដែល​បានបង្ហើប​ឱ្យ​ដឹងថា ​នៅ​ប្រទេស​កម្ពុជា​ ទីភ្នាក់ងារFBI​កំពុង​ស៊ើប​អង្កេត​លើ​ឧក្រិដ្ឋកម្ម​ជា​ច្រើន​ប្រភេទ។

«ជា​អ្នក​ស៊ើប​អង្កេត​របស់​FBI​ម្នាក់ ​យើង​ស៊ើប​អង្កេត​ច្បាប់​ដែល​តាក់តែង​ឡើង​ដោយ​រដ្ឋាភិបាល​អាមេរិក ​ហើយ​ប្រសិន​បើ​ជន​ណា​ម្នាក់​រំលោភ​ច្បាប់​នោះ ​យើង​នឹង​ប្រមូល​ភស្តុតាង​ ហើយ​ចាប់​ខ្លួន​និង​នាំ​ខ្លួន​រូបគេ​ទៅ​ទទួល​ទោស​តាម​ច្បាប់។ ដោយ​ឡែក​អ្វី​ដែល​យើង​កំពុង​ស៊ើប​អង្កេត​នៅ​កម្ពុជា​គឺ​ទាក់ទង​នឹង​ឧក្រិដ្ឋកម្ម​ទេសចរណ៍​ផ្លូវ​ភេទ​កុមារ​ដែល​ទាក់​ទង​យ៉ាង​ជិត​ស្និទ្ធ​នឹង​ការ​ជួញ​ដូរ​មនុស្ស ​ការ​រំលោភ​ផ្លូវ​ភេទ​លើ​កុមារ​និង​ឧក្រិដ្ឋកម្ម​ផ្សេង​ៗ​ទៀត​ដែល​ប្រព្រឹត្ត​ដោយ​ជនជាតិ​អាមេរិកាំង»។

លោក​បន្ថែម​ថា ​ដើម្បី​ស៊ើប​អង្កត​និង​តាម​ចាប់​ខ្លួន​ជន​ល្មើស ​ទីភ្នាក់ងារFBI​ប្រើ​វិធីសាស្ត្រ​ជា​ច្រើន​ដូចជា​ការ​ស្កែន​ក្រយ៉ៅ​ដៃ​និង​DNA ​ការ​ប្រើ​ម៉ាស៊ីន​ត្រួត​ពិនិត្យ​ការ​និយាយ​កុហក (lie detector machine) ​និង​ការ​សម្ភាស​ស៊ី​ជម្រៅ​ជា​ដើម។

មន្ត្រី​FBI​ដដែល​រូប​នេះ​ក៏​បាន​ចែក​រំលែក​របៀប​រាយការណ៍​ពេល​ដែល​យុវជន​ប្រទះ​ឃើញ​ឧក្រិដ្ឋកម្ម​ណា​មួយ​ក្នុង​សហគមន៍​របស់​គេ​ផង​ដែរ។

«ឧក្រិដ្ឋកម្ម​ដូចជា​ការ​ជួញ​ដូរ​កុមារ​ អ្នក​អាច​រាយការណ៍​ទៅ​លេខ​១២៨០ ​អ្នក​ក៏​អាច​រាយការណ៍​ទៅ​ប៉ូលិស​តាម​លេខ​១២៨៨ ​ឬ​ក៏​ទាក់ទង​អង្គការ​APLE​ ០៩២៣១១៥១១»។

បន្ទាប់​ពី​បញ្ចប់​បទ​បង្ហាញ​របស់​លោក ​មាន​យុវជន​ជា​ច្រើន​នាក់​បាន​លើក​ដៃ​សួរ​សំណួរ។

យុវតី​ម្នាក់​បាន​សួរ​ថា៖ «នៅពេល​ប្រើ​យុទ្ធសាស្ត្រ​ស៊ើប​អង្កេត​ទាំង​អស់​ហ្នឹង​ហើយ​មិន​ទទួល​បាន​លទ្ធផល ​តើ​គាត់​មាន​វិធីសាស្ត្រ​យ៉ាង​ណា​ដើម្បី​តាម​ដាន​ជន​ល្មើសបន្ត?»​

មន្ត្រី​FBI​បាន​ឆ្លើយ​ថា៖ «​ប្រសិន​បើ​អ្នក​ប្រើ​វិធីសាស្ត្រ​ទាំង​អស់​ហ្នឹង​ហើយ​ ហើយ​នៅ​តែ​មិន​អាច​ចាប់​ជន​ល្មើស​បាន​ យើង​ត្រូវ​តែ​សួរ​ខ្លួន​យើង​ថា​តើ​ខ្ញុំ​ស៊ើប​ចំ​មនុស្ស​ត្រូវ​ទេ ​ឬ​ក៏​ខ្ញុំ​មាន​កំហុស​ឆ្គង​ត្រង់​ណា​ទេ។ ការ​ស៊ើប​អង្កេត​អាច​ចំណាយ​ពេល​ជា​ច្រើន​ឆ្នាំ ដូច្នេះ​អ្នក​ត្រូវ​តែ​មាន​ការ​អត់​ធ្មត់ខ្ពស់»។​

លោក ម៉ៅ សុជា ​អាយុ​២២​ឆ្នាំ ​ជា​យុវជន​ម្នាក់​មក​ពី​ខេត្ត​បាត់​ដំបង ​ថ្លែង​ពី​សារៈ​សំខាន់​នៃបទបង្ហាញ​នេះ។

«វគ្គ​នេះ​សំខាន់​មែន​ទែន ព្រោះ​គាត់​បាន​បង្រៀន​ពី​របៀប​ស៊ើប​អង្កេត​របស់​FBI និង​បទ​ឧក្រិដ្ឋ​ដែល​FBIស៊ើប​អង្កេត​នៅ​កម្ពុជា​មាន​ដូចជា​ការ​រួម​ភេទ​និង​ជួញ​ដូរ​កុមារ​ជា​ដើម»។

ចំណែក​ឯ​អ្នក​ចូលរួម​ម្នាក់​ទៀត ​គឺ​កញ្ញា​ ស្តើង ភារ៉ុង ​អាយុ​២០​ឆ្នាំ ​ជា​និស្សិត​ឆ្នាំ​ទី​២​ជំនាញ​ទំនាក់​ទំនង​អន្តរជាតិ​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ​និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​បាន​បញ្ជាក់​ថា៖ «FBI​នេះ​ធ្វើ​ឱ្យ​ខ្ញុំ​ចាប់​អារម្មណ៍​ខ្លាំង​ហើយ​បច្ចេកទេស​ស៊ើប​អង្កេត​របស់​គេ​គួរ​ឱ្យ​ចាប់​អារម្មណ៍​មែន​ទែន។ ខ្ញុំ​បាន​ជួប​ប្រទះ​ឧក្រិដ្ឋកម្ម​លើ​មនុស្ស​វ័យ​ធំ ការ​ចាប់​រំលោភ ​ការជក់​គ្រឿង​ញៀន​និង​ការ​លួច​ឆក់​ប្លន់។ ក្នុង​នាម​ខ្ញុំ​ជា​យុវជន​ម្នាក់ ​នៅ​ពេល​ខ្ញុំ​ជួប​ឧក្រិដ្ឋកម្ម ​ខ្ញុំ​នឹង​ផ្តល់​ព័ត៌មាន​ជូន​សមត្ថកិច្ច»។

លោក ម៉ាក ចំរើន ​ប្រធាន​សមាគម​យុវជន​ខ្មែរ ​ដែល​រៀប​ចំ​សិក្ខាសិលា​នេះ​ថ្លែង​ពី​មូលហេតុ​នៃ​ការ​រៀប​ចំ​វគ្គដែល​មាន​បទបង្ហាញនេះ​ឡើង។

«យើង​អញ្ជើញ​FBI ​មក​ធ្វើ​បទ​បង្ហាញ​ពី​ស្រាវជ្រាវ​ឬ​រាយការណ៍​នេះ​ ជា​អ្វី​ដែល​យុវជន​ត្រូវ​តែ​ដឹង​ពី​របៀប​រាយការណ៍​និង​ជូន​ព័ត៌មាន​ដល់​ស្ថាប័ន​ពាក់​ព័ន្ធ​អំពី​ការ​ជួញ​ដូរ​ស្ត្រី​និង​កុមារ​និង​ការ​ជួញ​ដូរ​មនុស្ស។ នេះ​គឺ​ជា​បច្ចេក​ទេស​មួយ​ថ្មី​ដែល​ខ្ញុំ​គិត​ថា​យុវជន​គួរ​តែ​ដឹង​ហើយ​អនុវត្ត​យុទ្ធសាស្ត្រ​ផ្សេង​ៗ​គ្នា​ដើម្បី​រាយការណ៍​ឬ​ព័ត៌មាន​ដែល​គាត់​ចង់​រាយការណ៍​ហ្នឹង​ត្រូវ​បាន​ឮ​ដល់អ្នក​ដែល​មាន​សមត្ថកិច្ច​ដោះស្រាយ​បញ្ហា»។

យុវជន​ទាំង​នោះ​ដែល​វីអូអេ​ ខេមរភាសា ​បាន​ជួប​សម្ភាស៍​ថ្លែង​ថាពួកគេ​បាន​ជួប​ប្រទះ​ឧក្រិដ្ឋម្ម​ជា​ច្រើន​ក្នុង​សហគមន៍​ពួកគេ​ដូចជា​ឧក្រិដ្ឋកម្ម​ព្រៃឈើ ​ចោរកម្ម ​ការ​ជួញដូរ​កុមារ ​និង​គ្រឿង​ញៀន​ជាដើម៕
XS
SM
MD
LG