តុលាការ​ដោះលែង​សកម្មជន​ប្រឆាំង​សេសសល់​មុន​ចូលឆ្នាំ​ខ្មែរ

  • នៅ វណ្ណារិន

លោក​ មាជ សុវណ្ណរ៉ា​ ​ប្រធាន​ក្រុម​ព័ត៌មាន​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ ស្រក់​ទឹក​ភ្នែក​​នៅ​ក្បែរ​លោក​ សម រង្ស៊ី ប្រធាន​គណបក្ស​និង​លោក កឹម សុខា អនុប្រធាន​គណបក្ស នៅ​មុន​ពិធី​បុណ្យ​ពុទ្ធសាសនា​មួយ​នៅ​ទី​ស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​១៣ ខែ​មេសា ឆ្នាំ​២០១៥។ REUTERS/Samrang Pring

កាល​ពី​ព្រឹក​ថ្ងៃ​ច័ន្ទ​នេះ​ តុលាការ​ក្រុង​ភ្នំពេញ​បាន​សម្រេច​ដោះលែង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​៥​រូប​ ដែល​នៅ​សេស​សល់​ក្នុង​ការ​ឃុំឃាំង​ ក្នុង​ចំណោម​សកម្មជន​១១​រូប​ដែល​ជាប់​ចោទ​ពី​បទ​ធ្វើ​កុបកម្ម​ប្រឆាំង​នឹង​រដ្ឋាភិបាល​កាល​ពី​ខែ​កក្កដា​ឆ្នាំ​មុន​នេះ​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះ​អាសន្ន។​

លោក​ ជួង​ ជួងី​ មេធាវីមួយ​ក្នុង​ចំណោម​មេធាវី​ការពារ​ក្តី​ឲ្យ​សកម្មជន​ទាំង​១១​រូប​ នេះ​បាន​ប្រាប់​អ្នក​សារព័ត៌មាន​បន្ទាប់​ពី​សវនាការ​មួយ​កាល​ព្រឹក​មិញ​នេះ​ថា ​កូន​ក្តី​របស់​លោក​គឺ​លោក លោក​ មាជ សុវណ្ណរ៉ា​ ប្រធាន​ក្រុម​អ្នក​ព័ត៌មាន​របស់​គណបក្ស​សង្គ្រោះជាតិ​និង​សកម្មជន​៤​រូប​ទៀត​ត្រូវ​តុលាការរ​សម្រេច​ដាក់​ឲ្យ​នៅ​ក្រៅ​ការ​ឃុំ​ឃាំង។​ ហើយ​ការ​ដោះលែង​រូប​ពួក​គាត់​បាន​ធ្វើ​ឡើង​នៅ​ល្ងាច​ថ្ងៃ​ដដែល​នេះ​ដែរ។​

«មិន​ទាន់​ចប់​នីតិវិធី​អស់​ទេ​ គឺ​គ្រាន់​តែ​សម្រេច​ឲ្យ​នៅ​ក្រៅ​ឃុំ​ជា​បណ្ដោះអាសន្ន​ទេ។ ការ​សម្រេច​នេះ​គឺ​វា​ជា​ការ​ត្រឹមត្រូវ ​ហើយ​វា​មាន​យុត្តិធម៌​សម្រាប់​កូន​ក្តី​ខ្ញុំ​ ពីព្រោះ​គាត់​បាន​សុំ​នៅ​ក្រៅ​ឃុំ​ជា​យូរ​មក​ហើយ»។​

លោក​បាន​បន្ថែម​ថា ​ព្រះ​សង្ឃ​ចំនួន​បី​អង្គ​ដែល​ពាក់​ព័ន្ធ​នឹង​ការ​ធ្វើ​បាតុកម្ម​នោះ​ក៏​ត្រូវ​បាន​តុលាការ​សម្រេច​ឲ្យ​នៅ​ក្រៅ​ឃុំ​ផង​ដែរ។​

លោក ​មាជ សុវណ្ណរ៉ា​ ប្រធាន​ក្រុម​ព័ត៌មាន​របស់​គណបក្ស​សង្គ្រោះជាតិ​និង​សកម្មជន​គណបក្ស​នេះ​ចំនួន​១០​រូប​ផ្សេង​ទៀត​ ត្រូវ​បាន​គេ​ចាប់​ខ្លួន​ជា​បន្ត​បន្ទាប់​ ក្រោយ​ពី​មាន​អំពើ​ហិង្សា​មួយ​នៅ​ក្បែរ​ទីលាន​ប្រជាធិបតេយ្យ​នា​ថ្ងៃ​ទី​១៥​ ខែ​កក្កដា​ឆ្នាំ​២០១៤។​ តុលាការ​សំអាង​ថា​ កង​សន្តិសុខសាលា​ក្រុង​ភ្នំពេញ​ប្រមាណ​ជិត​៥០​នាក់ ​បាន​រង​របួស​ក្នុង​អំពើ​ហិង្សា​នោះ។ ​សកម្មជន​នយោបាយ​ចំនួន​៦​នាក់​ក្នុង​ចំណោម​នោះ​ត្រូវ​បាន​ដាក់​ឲ្យ​ស្ថិត​នៅ​ក្រៅ​ឃុំ​ជា​បណ្តោះអាសន្ន​រួច​ហើយ។​

ដោយ​ឡែក​ក្រុម​សកម្មជន​ជា​ស្ត្រី​បឹងកក់​និង​បូរីកីឡា​ចំនួន១០​រូប​ និងព្រះសង្ឃ​១អង្គ​ផ្សេង​ទៀត​ត្រូវ​បានព្រះមហាក្សត្រ​ នរោត្តម​ ស៊ីហមុន្នី​ ព្រះរាជទាន​ការ​លើកលែង​ទោស​និង​ដោះលែង​ឲ្យ​មាន​សេរីភាព​ឡើង​វិញ​ ចាប់​តាំងពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន​ បន្ទាប់​ពី​មាន​ការ​ស្នើ​សុំ​ពី​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ នោះ។​

លោក​យាយ​ ង៉ែត ឃុន​ ហៅ​ម៉ាំមី ​សកម្មជន​ដីធ្លី​ដ៏​សកម្ម​មួយ​រូបបាន​ប្រាប់ VOA ​ថា ​ការ​ដោះលែង​រូប​លោក​យាយ​វា​ហាក់​ដូច​ជា​បន្ទាន់​ ដែល​មិន​នឹក​ស្មាន​ដល់។​ បើ​ទោះ​ជា​យ៉ាង​ណា​ក៏ដោយ លោក​យាយ​យល់​ថា មិន​គួរ​មាន​ការ​ដាក់​ទោស​ចំពោះ​សកម្មជន​ដីធ្លី​បឹងកក់​និង​បូរីកីឡា​នោះ​ទេ​ ដោយ​ពួក​គាត់​គ្រាន់​តែ​ធ្វើ​ការ​តវ៉ា​សុំ​ឲ្យ​មាន​ជំនួយ​ពី​សាលា​ក្រុង​ភ្នំពេញ​បន្ទាប់​ពី​ទឹក​លិច​ផ្ទះ​នោះ។​

លោក​យាយ​ថ្លែង​ថា៖ «ខ្ញុំ​មិន​ពេញ​ចិត្ត​ដោយសារ​តែ​ខ្ញុំ​អត់​មាន​អី​ខុស​តែយក​ខ្ញុំ​មក​ដាក់​ពន្ធនាគារ។​ ខ្ញុំ​ដោយ​សា​តែ​ទឹក​លិច​ផ្ទះ​ ហើយ​មក​សុំ​ឲ្យ​សាលាក្រុង​បើក​ផ្លូវ​លូ​ទឹក​ឲ្យខ្ញុំ»។​

ភ្លាមៗ​នោះ​ដែរ​ គណបក្ស​សង្គ្រោះជាតិ​បាន​ចេញ​សេចក្តី​ប្រកាស​អបអរសាទរ​ចំពោះ​វីរភាព​និង​ការ​ដោះលែង​របស់​សកម្មជន​ទាំង​នោះ។​ ហើយ​ក៏​មាន​រៀបចំ​ពិធី​ទទួល​ស្វាគមន៍​សកម្មជន​ទាំង​នោះ​នៅ​ទី​ស្នាក់ការ​គណបក្ស​សង្គ្រោះជាតិ​ផង​ដែរ។

គួរ​បញ្ជក់​ផង​ដែរ​ថា ការ​ដោះលែង​សកម្មជន​គណបក្ស​និង​សកម្មជន​ដី​ធ្លី​ទាំង​១៩​រូប​នេះ​ បាន​ធ្វើ​ឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ក្រោយ​ពី​គណបក្ស​នយោបាយ​ធំៗ​ទាំង​ពីរ​ គឺ​គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះ​ជាតិ​ ​បាន​ឯកភាព​បង្កើត​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា​មាន​ភាព​ធូរ​ស្រាល​ឡើង​វិញ៕