ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេធាវី​ការពារ​សកម្មជន​បក្ស​ប្រឆាំង​សុំ​ទោស​តុលាការ​ចំពោះ​អត្ថាធិប្បាយ​មុន​កាលកំណត់


រូបឯកសារ៖ លោក​មេធាវី​ជូង ជូងី​បញ្ជាក់​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ពី​ការសម្រេច​ចិត្ត​ដើរ​ចេញ​ពី​សវនាការ​ដោយ​សារ​តែ​ចៅក្រម​បាន​ហាម​ឃាត់​អ្នក​តំណាងរាស្រ្ត​មិន​ឱ្យ​ចូល​ស្តាប់​។
រូបឯកសារ៖ លោក​មេធាវី​ជូង ជូងី​បញ្ជាក់​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ពី​ការសម្រេច​ចិត្ត​ដើរ​ចេញ​ពី​សវនាការ​ដោយ​សារ​តែ​ចៅក្រម​បាន​ហាម​ឃាត់​អ្នក​តំណាងរាស្រ្ត​មិន​ឱ្យ​ចូល​ស្តាប់​។

មេធាវី​ការពារ​មន្ត្រី​និង​សកម្មជន​គណបក្ស​ប្រឆាំងបាន​សុំ​ទោស​តុលាការ​ក្រុង​ភ្នំពេញ​ចំពោះ​ការអះអាង​ថា​ការសម្រេច​នយោបាយ​នឹង​នាំ​ឱ្យ​កូនក្តី​របស់​លោកត្រូវ​ដោះលែង​ឱ្យ​នៅ​ក្រៅឃុំ​នៅ​ថ្ងៃ​ច័ន្ទ​ខាងមុខ​នេះ។​

លោក​មេធាវី ជូង ជូងីបាន​សរសេរ​លិខិត​មួយ​ទៅ​កាន់ប្រធាន​តុលាការ​ក្រុង​ភ្នំពេញ​ដោយ​បញ្ជាក់​ថា​លោក​មាន​ការសោកស្តាយ​យ៉ាង​ខ្លាំង​ចំពោះការ​ផ្តល់​បទសម្ភាស​របស់​លោក​ដល់​ក្រុម​អ្នក​សារព័ត៌មាន​ពាក់​ព័ន្ធ​នឹង​ការសុំ​ដោះលែង​លោក​មាជ សុវណ្ណារ៉ា ​ប្រធាន​នាយកដ្ឋាន​ព័ត៌មាន​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ និង​កូនក្តី​ ពីរនាក់​ទៀត។ នេះ​បើតាមលិខិត​ដែល​ចុះ ហត្ថលេខា​ដោយ​ជូង ជូងី​ដែល​ផ្សាយ​តាម​បណ្តាញ​សង្គម​របស់​លោក​ផៃ ស៊ីផាន​រដ្ឋ​លេខាធិការ​នៃ​ទីស្តី​ការ​គណរដ្ឋ​មន្ត្រី​នៅ​យប់​ថ្ងៃ​សុក្រ​។

លោក​ជូង ជូងី​បន្ថែម​ថា៖

«ខ្ញុំ​បាទ​ជា​មេធាវី​មានតួនាទី​ត្រឹមតែ​ជាអ្នក​រៀបចំ​ពាក្យសុំ​ឱ្យ​មាន​ការដោះលែង​និង​ការពារ​កូនក្តី​តាម​ច្បាប់​តែប៉ុណ្ណោះ​ចំពោះ​ការ​ដោះលែង​កូនក្តី​ឱ្យ​នៅ​ក្រៅឃុំ​យ៉ាង​ណានោះ​គឺ​ជា​សមត្ថកិច្ច​និង​ជា​ឆន្ទានុសិទ្ធិ​របស់​តុលាការ‍»។

លោក​ ជូង ជូងី​ មេធាវី​ការពារក្តី​ឲ្យ​ក្រុមសកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រាប់​អ្នក​សារព័ត៌មាន​កាល​ពី​ព្រឹក​ថ្ងៃសុក្រនៅ​វិមាន​រដ្ឋសភា​ថា​ក្រុម​មេធាវី​គណបក្ស​សង្គ្រោះជាតិ​កំពុង​តែ​ធ្វើ​ការ​លើ​សំ​ណុំឯកសារ​ដើម្បី​ឲ្យ​មាន​ការដោះលែង​សកម្មជន​គណបក្ស​សង្គ្រោះជាតិដែល​ស្ថិត​នៅ​ក្នុង​ ពន្ធនាគា​ព្រៃស​ឲ្យ​នៅ​ក្រៅ​ឃុំ​ និង​ស្នើ​ឲ្យ​មាន​ការលើកលែង​ទោស​ដល់​ក្រុមសកម្មជន​តវ៉ា​ដីធ្លី​បឹង​កក់​រួមទាំង​អតីត​ព្រះសង្ឃ​ចំនួនបី​នាក់​ទៀត​ផង។

​លោក​បាន​បន្ថែម​ថា​ ក្រុមស្ត្រី​បឹងកក់​ទាំង១១​រូប​រួមទាំង​អតីត​ព្រះសង្ឃបីរូប​នឹង​ត្រូវបាន​ ព្រះ​ករុណា​ព្រះ​មហាក្សត្រ​ នរោត្តម សីហមុនី​ព្រះរាជ​ទានទោស​និង​ដោះលែង​ស្របពេល​ដែល​តុលាការ​ក្រុង​ភ្នំពេញ​គ្រោងនឹង​បើក​សវនាការ​ដើម្បី​សម្រេច​ឲ្យ​សកម្មជន​គណបក្ស​សង្គ្រោះជាតិ​នៅ​ក្រៅឃុំនា​ថ្ងៃ​ច័ន្ទ​នោះ​ផងដែរ។

លោក​មេធាវី​អះអាង​ថា​ទាំងនេះ​ជាផ្នែកមួយ​នៃ​ការ​សម្របសម្រួល​ផ្នែក​នយោបាយ​ដែល​កើត​ឡើង​ក្រោយ​ពី​មាន​ការ​បង្កើត​គណៈកម្មាធិការជាតិរៀបចំ​ការបោះឆ្នោត​និង​អនុម័ត​ច្បាប់​បោះឆ្នោត​ដ៏ចម្រូង​ចម្រាស៕

XS
SM
MD
LG