រដ្ឋបាលថ្មី មានន័យថា យុទ្ធសាស្ត្រថ្មីមួយនៅអាហ្វហ្គានីស្ថាន ហើយប្រហែលការបោះឆ្នោតអនុញ្ញាតឲ្យប្រើប្រាស់កម្លាំងយោធាថ្មីមួយនៅរដ្ឋសភាអាមេរិក។
សមាជិកសភាប្រចាំរដ្ឋ North Carolina នៃគណបក្សសាធារណរដ្ឋ លោក Walter Jones បានថ្លែងថា៖
«អស់រយៈពេល១៦ឆ្នាំមកនេះសម្រាប់ប្រតិបត្តិការយោធានៅអាហ្វហ្គានីស្ថាន រដ្ឋសភាចាំបាច់ត្រូវមានការបោះឆ្នោតមួយទៀតសម្រាប់ប្រតិបត្តិការនេះ»។
ក៏ប៉ុន្តែ ប្រតិបត្តិការយោធានៅអាហ្វហ្គានីស្ថាន គឺជាប្រតិបត្តិការយោធាអាមេរិកតែមួយក្នុងចំណោមប្រតិបត្តិការយោធាផ្សេងៗ ដែលសមាជិកសភាមកពីគណបក្សទាំងពីរ ចង់ឲ្យមានការពិចារណាឡើងវិញ។ ក្នុងរយៈពេល១៦ឆ្នាំចាប់តាំងពីច្បាប់អនុញ្ញាតឲ្យប្រើប្រាស់កម្លាំងយោធាដើម្បីប្រយុទ្ធប្រឆាំងនឹងភេរវករ ឬហៅកាត់ថា (AUMF) ត្រូវបានអនុម័តមក ច្បាប់ AUMF ដែលត្រូវបានរៀបរៀងឡើងដែលមានខ្លឹមសារជាពាក្យពេចន៍ចំនួន៦០ ត្រូវបានប្រើប្រាស់ដើម្បីធ្វើសេចក្តីសម្រេចឲ្យត្រឹមត្រូវសម្រាប់ប្រតិបត្តិការយោធាអាមេរិកយ៉ាងហោចណាស់ចំនួន៣៧ នៅក្នុងប្រទេសចំនួន១៤ រួមទាំងប្រទេសអាហ្វហ្គានីស្ថាន អ៊ីរ៉ាក់ និងស៊ីរី។
នាពេលបច្ចុប្បន្ននេះ ច្បាប់ AUMF ដែលត្រូវបានអនុម័តក្រោយព្រឹត្តិការណ៍ភេរវកម្មនៅសហរដ្ឋអាមេរិកកាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ ត្រូវបានយកទៅអនុវត្តសម្រាប់ការគំរាមកំហែងថ្មីៗ ដូចជាពួករដ្ឋឥស្លាម និងសង្គ្រាមស៊ីវិលនៅប្រទេសស៊ីរី។
នាពេលនោះ សមាជិកសភាប្រមាណ២៥ភាគរយប៉ុណ្ណោះ មានវត្តមាននៅរដ្ឋសភា ហើយក្នុងចំណោមអ្នកទាំងនោះ មានតែលោកស្រី Barbara Lee សមាជិកសភាមកពីគណបក្សប្រជាធិបតេយ្យប្រចាំរដ្ឋកាលីហ្វ័រញ៉ាតែម្នាក់គត់ ដែលបានបោះឆ្នោតប្រឆាំងនឹងការអនុម័តច្បាប់ AUMF នេះ។
លោកស្រី Barbara Lee បានថ្លែងថា៖
«ច្បាប់នេះមានលក្ខណៈទូលំទូលាយណាស់ ហើយវាជាផ្តល់អំណាចធំធេងពេក»។
លោក Paul Ryan ប្រធានសភាតំណាងរាស្ត្រអាមេរិក បានច្រានចោលកិច្ចខំប្រឹងប្រែងរបស់លោកស្រី Lee ក្នុងការជំរុញឲ្យមានការជជែកដេញដោលសារជាថ្មីម្តងទៀតអំពីច្បាប់នេះ តាមរយៈការធ្វើវិសោធនកម្មមួយ ដោយលោកបានលើកឡើងថា កិច្ចខំប្រឹងប្រែងនេះគួរតែមានការពិភាក្សាដាច់ដោយឡែកពីនេះ។
ក៏ប៉ុន្តែ លោកស្រី Barara Lee នៃគណបក្សប្រជាធិបតេយ្យមកពីរដ្ឋកាលីហ្វ័រញ៉ា បានថ្លែងថា៖
«យើងគឺជាតំណាងឲ្យប្រជាពលរដ្ឋ ដូច្នេះការបដិសេធសិទ្ធិក្នុងការជជែកដេញដោលសម្រាប់ការបោះឆ្នោតលើច្បាប់អនុញ្ញាតឲ្យប្រើប្រាស់កម្លាំងយោធានេះ មានន័យថា អ្នកកំពុងតែច្រានចោលដំណើរការលទ្ធិប្រជាធិបតេយ្យ»។
អ្នកវិភាគម្នាក់បាននិយាយថា ដំណើរការធ្វើសេចក្តីសម្រេចមួយស្តីអំពីសង្គ្រាម និងសន្តិភាព មិនគួរត្រូវទុកឲ្យប្រធានាធិបតីជាអ្នកសម្រេចតែម្នាក់ឯងនោះទេ។
លោកស្រី Kathleen Hicks អ្នកជំនាញប្រចាំមជ្ឈមណ្ឌលសិក្សាយុទ្ធសាស្ត្រ និងកិច្ចការអន្តរជាតិ (CSIS) បានឲ្យដឹងថា៖
«រដ្ឋសភាកំពុងតែបញ្ជូនសារទៅកាន់ពិភពលោកថា សភាអាមេរិកមិនមែនជាអ្នកដើរតួនាទីយ៉ាងសកម្មមួយនៅក្នុងដំណើរការលទ្ធិប្រជាធិបតេយ្យ ទាក់ទងនឹងគោលនយោបាយការបរទេសទេ។ យើងគាំទ្ររដ្ឋសភាមួយ ដែលជាតំណាងឲ្យប្រជាពលរដ្ឋអាមេរិក»។
ក៏ប៉ុន្តែ បើសិនជាសភាតំណាងរាស្ត្រមានឱកាសក្នុងការពិចារណាឡើងវិញលើច្បាប់ (AUMF) នេះ នោះការអនុម័តលើច្បាប់នេះមិនមានភាពងាយស្រួលនោះទេ។
លោក Ed Royce ប្រធានគណៈកម្មាធិការស្តីពីគោលនយោបាយការបរទេសប្រចាំរដ្ឋសភា បានលើកឡើងថា៖
«បញ្ហាប្រឈមគឺការសម្រេចឲ្យមានការព្រមព្រៀងគ្នាលើខ្លឹមសារនៃច្បាប់នេះ។ សមាជិកសភាខ្លះអាចនឹងពង្រឹងអំណាចដល់ប្រធានាធិបតី ហើយសមាជិកផ្សេងទៀតអាចនឹងរារាំងប្រធានាធិបតី។ អ្នកខ្លះអាចនឹងវាយប្រហារលើក្រុមមកពីគណបក្សនយោបាយផ្សេង ហើយអ្នកផ្សេងទៀតអាចនឹងវាយប្រហារលើមនោគមវិជ្ជា។ អ្នកខ្លះអាចនឹងត្រូវបានកំណត់ពេលវេលា និងទីកន្លែង និងប្រភេទនៃកម្លាំងយោធាសម្រាប់ប្រតិបត្តិការ ហើយអ្នកខ្លះទៀតអាចនឹងមិនត្រូវបានកំណត់អ្វីឡើយ»។
ទាំងនេះគឺជាសំណួរដ៏ស្មុគស្មាញអំពីសង្គ្រាមប្រឆាំងនឹងអំពើភេរវកម្ម ដែលគ្មានសញ្ញានៃទីបញ្ចប់នាពេលឆាប់ៗនេះទេ៕
ប្រែសម្រួលដោយ ទែន សុខស្រីនិត