ការអំពាវនាវនិងជំរុញឱ្យមានបទឈប់បាញ់មនុស្សធម៌ក្នុងតំបន់ហ្កាហ្សាមានជាថ្មី

កងកម្លាំងការពារអ៊ីស្រាអែលប្រតិបត្តិការនៅតំបន់ហ្កាហ្សា កាលពីថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ២០២៣។ (Israel Defense Forces/Handout via REUTERS)

ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​អាច​បោះឆ្នោត​នៅ​ថ្ងៃចន្ទ​នេះ​ ​លើ​សេចក្តី​សម្រេច​មួយ ​ដើម្បី​ស្នើឱ្យ​មាន​បទ​ឈប់បាញ់ក្នុង​តំបន់​ហ្កាហ្សា​ និងធ្វើ​ឱ្យ​មាន​សុវត្ថិភាពដល់​ការដឹក​ជញ្ជូន​ជំនួយដល់​ពលរដ្ឋ​ស៊ីវិល​ប៉ាឡេស្ទីន ដែល​កំពុង​ត្រូវការ​ជាខ្លាំង​។​ ​

សេចក្តីព្រាង​សេចក្តី​សម្រេច​នេះ​ ដែលទីភ្នាក់ងារ​សារព័ត៌មានជាច្រើន​បាន​ឃើញ​ ​អំពាវនាវឱ្យ​«បញ្ឈប់អរិភាព​ជាបន្ទាន់​ ដើម្បី​ធ្វើ​ឱ្យ​មាន​សុវត្ថិភាព​ក្នុង​ការផ្តល់​ជំនួយ​មនុស្សធម៌ដោយ​គ្មាន​ការរារាំង​ឬ​បង្អាក់​នោះ​ឡើយ»។

រថយន្ត​ដឹក​ជំនួយ​ជាច្រើន​គ្រឿង​បាន​ទៅ​ដល់​តំបន់​ហ្កាហ្សា​រួច​ហើយ​ ហើយអ៊ីស្រាអែល​បានបើក​ច្រក​មួយ​ទៀត​កាលពី​សប្តាហ៍​មុន​ ដើម្បី​ឱ្យ​រថយន្ត​ដឹក​ជំនួយ​ទាំងនោះ​ចូល​ទៅ​ក្នុង​តំបន់​នេះ ប៉ុន្តែទី​ភ្នាក់ងារ​ផ្តល់​ជំនួយ​មនុស្សធម៌​អង្គការ​សហប្រជាជាតិ​ ​និយាយ​ថា​ រថយន្ត​ដឹក​ជំនួយ​តែ​ ១២១ ​គ្រឿងប៉ុណ្ណោះ​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចូល​កាល​ពី​ថ្ងៃ​សៅរ៍ ​ដែល​ជា​ចំនួនដ៏តិច​ខ្លាំង បើ​ប្រៀបធៀប​នឹងចំនួន​រថយន្ត​ផ្តល់​ជំនួយ​ ៥០០ ​គ្រឿងក្នុង​មួយ​ថ្ងៃ​ ដែល​បាន​ចូល​ទៅ​ក្នុង​តំបន់​ហ្កាហ្សាមុន​ពេល​សង្គ្រាម​ផ្ទុះ​ឡើង។​

ជាមួយគ្នា​នេះ​ដែរ​ រដ្ឋមន្ត្រី​ការបរទេស​បារាំង​អ្នក​ស្រី Catherine Colonna ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​អ៊ីស្រាអែល​កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ បាន​អំពាវនាវឱ្យ​មាន​បទឈប់បាញ់​ជា​បន្ទាន់មួយ ​ក្នុង​គោលបំណង​ដើម្បី​ដោះលែង​ចំណាប់​ខ្មាំង​បន្ថែម​ទៀត និង​ដើម្បី​ធ្វើ​ឱ្យ​ជំនួយ​កាន់​តែ​ច្រើនថែម​ទៀត​ត្រូវ​បាន​បញ្ជូន​ទៅក្នុង​តំបន់​ហ្កាហ្សា ហើយ​ជំហាន​ទៅ​មុខ​បន្ទាប់​ទៀត​ គឺ«ចាប់ផ្តើម​រក​ដំណោះ​ស្រាយ​នយោបាយ​មួយ»។

ដោយ​ឡែក​រដ្ឋមន្ត្រី​ការបរទស​ចក្រភព​អង់គ្លេស ​លោក​ David Cameron និង​រដ្ឋមន្ត្រី​ការបរទស​អាល្លឺម៉ង់ អ្នកស្រី Annalena Baerbock ​ក្នុង​អត្ថបទរួម​មួយ​ដែល​ត្រូវ​បាន​ចុះ​ផ្សាយ​ដោយសារព័ត៌មាន​អង់គ្លេស​ Britain’s Sunday Times​ ក៏​បាន​អំពាវនាវឱ្យ​មាន​បទឈប់បាញ់​ជារៀង​រហូតមួយ​ ក្នុង​តំបន់​ហ្កាហ្សា​ផង​ដែរ។​ ​

ទន្ទឹម​នឹង​នេះ​ដែរ រដ្ឋមន្ត្រី​ការពារ​ជាតិ​អាមេរិក​ លោក Lloyd Austin មាន​កំណត់​នឹង​ទៅ​ធ្វើ​ទស្សនកិច្ច​ប្រទេស​អ៊ីស្រាអែល​នៅ​ថ្ងៃ​ចន្ទ​នេះ​ សម្រាប់​អ្វី​ដែល​ក្រសួង​ការពារ​ជាតិ​អាមេរិក​និយាយ​ថា​ នឹង​ជា​ការបង្ហាញ​ការគាំទ្រ​របស់​សហរដ្ឋ​អាមេរិក​ លើ​សិទ្ធិការពារ​ខ្លួន​របស់​អ៊ីស្រាអែល ពី​អំពើ​ភេរវកម្ម​ និង​ជា​ឱកាស​មួយ​ដើម្បី​ពិភាក្សា​ជាមួយ​ក្រុម​មន្ត្រី​អ៊ីស្រាអែល​ពី​សារ:សំខាន់​ ក្នុង​ការពារ​ជនស៊ីវិលក្នុង​អំឡុង​ពេល​ប្រតិបត្តិការ​យោធា​ក្នុង​តំបន់​ហ្កាហ្សា​៕

ព័ត៌មាន​ខ្លះ​សម្រាប់​សេចក្តី​រាយការណ៍​នេះ​ដកស្រង់​ពី​ទីភ្នាក់ងារ​សារព័ត៌មាន​ Associated Press, Agence France-Presse និង​ Reuters។