រដ្ឋកាលីហ្វ័រញ៉ាដែលមានមនុស្ស៤០លាននាក់ បានស្ថិតនៅក្នុងការបិទទ្វារកាលពីថ្ងៃសុក្រ នៅក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីដាក់មនុស្សឲ្យនៅដាច់ពីគ្នាដើម្បីបិទខ្ទប់ការរាលដាលដ៏ឆាប់រហ័សនៃមេរោគកូរ៉ូណា នៅពេលដែលចំនួនមនុស្សស្លាប់នៅប្រទេស អ៊ីតាលី មានច្រើនជាងប្រទេសចិន។
សហរដ្ឋអាមេរិក បានប្រើថ្នាំសម្រាប់ព្យាបាលជំងឺគ្រុនចាញ់ដើម្បីព្យាបាលមេរោគកូរ៉ូណា នេះតាមប្រសាសន៍លោកប្រធានាធិបតី ដូណាល់ ត្រាំ នៅពេលដែលលោក បានរិះគន់ចិនដែលមិនបានផ្តល់ព័ត៌មានដល់មេដឹកនាំពិភពលោកឲ្យបានទាន់ពេលវេលាពីការផ្ទុះឡើងនូវមេរោគនេះ។
ចិនបានរាយការណ៍ថា វាជាថ្ងៃទី២ហើយដែលប្រទេសនេះមិនមានករណីឆ្លងថ្មីនៅក្នុងប្រទេស ចាប់តាំងពីមេរោគនោះ បានលេចចេញនៅទីក្រុងវូហាន ភាគកណ្តាលកាលពីខែធ្នូ មុនរាលដាលទូទាំងសាកលលោក។
ខណៈមានក្តីសង្ឃឹមខ្លះៗនៅក្នុងប្រទេសចិន ប្រទេសជាច្រើនបានរឹតបន្តឹងព្រំដែនរបស់ខ្លួនហើយបានបិទប្រទេសនៅពេលដែលប្រធានអង្គការសហប្រជាជាតិបាន ព្រមានថា «មនុស្សរាប់លាននាក់អាចស្លាប់ប្រសិនបើ មេរោគនោះរាលដាលដោយគ្មានការត្រួតពិនិត្យនៅជុំវិញពិភពលោកនោះ»។
ចំនួនមនុស្សស្លាប់បានកើនឡើងនៅក្នុងតំបន់អឺរ៉ុប នៅពេលដែលអ៊ីតាលី បានប្រកាសពីចំនួនមនុស្សស្លាប់៤២៧នាក់ទៀតកាលពីថ្ងៃព្រហស្បត៍ ដោយមានចំនួនទាំងអស់៣,៤០៥នាក់។នេះបើតាមការច្រងក្រងដែលធ្វើឡើងដោយទីភ្នាក់ងារព័ត៌មាន AFP។
ប្រទេសចិន បានរាយការណ៍ជាផ្លូវការណ៍ពីមនុស្សស្លាប់ទាំងអស់ចំនួន៣,២៤៨នាក់ដោយសារមេរោគនេះ ដែលបានប៉ះពាល់ផ្លូវដង្ហើម ជាពិសេសមនុស្សចាស់។
នៅទូទាំងសាកលោក ចំនួនមនុស្សស្លាប់មកពីមេរោគនោះបានកើនឡើងទៅដល់ជិត១ម៉ឺននាក់ដោយមានជាង២សែន៣ម៉ឺន២ពាន់ករណីនៅក្នុងប្រទេសនិងដែនដីចំនួន១៥៨។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។
លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ Guterres មានប្រសាសន៍ថា៖ «ប្រសិន បើ យើងអនុញ្ញាតឲ្យមេរោគនោះរាលដាលដូចជាភ្លើងឆេះព្រៃ ជាពិសេសនៅក្នុងតំបន់ដែលងាយរងគ្រោះរបស់ពិភពលោក មេរោគនោះ នឹងសម្លាប់មនុស្សរាប់លាននាក់»។