រដ្ឋបាលលោកហ៊ុន សែននាព្រឹកថ្ងៃសុក្រនេះ បានសម្រេចដាក់កំហិត មិនឲ្យមានការជក់បារី និងបង្ហុយផ្សែងផលិតផលថ្នាំជក់ នៅកន្លែងធ្វើការ ឬ តាមកន្លែងសាធារណៈ ហើយជនលើ្មសនឹងអាចពិន័យពី២ម៉ឺនទៅ៥ម៉ឺនរៀល។ មន្ត្រីជំនាញនៃអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា សាទរចំពោះ ការសម្រេចថ្មីនេះ។
តាមសេចក្តីប្រកាសព័ត៌មានស្តីពីកិច្ចប្រជុំប្រចាំសប្តាហ៍ នៃគណៈរដ្ឋមន្ត្រីកម្ពុជាឲ្យដឹងថាលោកនាយករដ្ឋមន្ត្រីហ៊ុន សែន នាថ្ងៃសុក្រនេះបានសម្រេចអនុម័ត «អនុក្រឹត្យស្តីពីវិធានការហាមការជក់ឬការបង្ហុយផ្សែងផលិតផលថ្នាំជក់នៅកន្លែងធ្វើការ ឬកន្លែងសាធារណៈ»។ អនុក្រឹត្យដែលមាន៧ជំពូក និង១៧មាត្រានេះ គឺធ្វើឡើងស្របតាមច្បាប់ ស្តីពីការត្រួតពិនិត្យផលិតផលថ្នាំជក់ដែលប្រកាសឲ្យប្រើប្រាសចាប់តាំងពីខែឧសភាឆ្នាំ២០១៥កន្លងមក។ សេចក្តីប្រកាសដដែល បានដឹងទៀតថា អនុក្រឹត្យដែលដាក់កំហិតការជក់ឬបង្ហុយផ្សែងផលិតផលថ្នាំជក់ ក៏កំណត់ការផាកពិន័យពី២ម៉ឺនដល់៥ម៉ឺរៀលសំរាប់អ្នកល្មើសផងដែរ។
លោកផៃ ស៊ីផាន អ្នកនាំពាក្យនឹងជារដ្ឋលេខាធិការនៃទីស្តីការគណៈរដ្ឋមន្ត្រីកម្ពុជាបានប្រាប់VOAថា៖ «ច្បាប់នេះគឺជាសារមួយដល់សាធារណជន ដើម្បីឲ្យលោកយល់ ឲ្យលោកដឹងបន្ថែមទៀត អំពីផលប៉ះពាល់ ពីផ្សែងបង្ហុយបារី ដែលធ្វើឲ្យលោកចាប់អាម្មណ៍ខ្លាំង ឲ្យលោកបានចូលរួម ទំាងអ្នកមិនជក់បារី រហូតដល់អ្នកជក់បារី ដែលធ្វើឲ្យកំណើននៃការគោរពគ្នាទៅវិញទៅមក»។
លោកបន្ថែមថា អ្នកជក់បារីភាគច្រើននៅកម្ពុជាគឺជាប្រជាពលរដ្ឋដែលមានជ័យចំណាស់ ហើយការហាមប្រាមមិនឲ្យជក់ផលិតផលថ្នាំជក់នៅកន្លែងសាធារណៈដូចជាភោជនីយដ្ឋានកន្លែងធ្វើការជាដើម គឺដើម្បីលើក កម្ពស់សុខមាលភាពប្រជាពលរដ្ឋកម្ពុជា និងកាត់បន្ថយការស្រូបផ្សែងនៅកន្លែងសាធារណៈ ដែលភាគច្រើនប៉ះពាល់លើកុមារនិងស្រ្តី។ ក្នុងចំណោមប្រទេសអាស៊ានទំាង១០ កម្ពុជា ជាប្រទេស ដែលមានអត្រាស្រូបផ្សែងបារី ខ្ពស់ជាងគេនៅភោជនីយដ្ឋាន។
លោក ផៃ ស៊ីផាន បានឲ្យដឹងផងដែរ ថា តាមរបាយការណ៍ ពីក្រសួងផែនការ ក្នុងឆ្នាំ២០១៤ បង្ហាញថា អ្នកមិនជក់បារី ៦០% កំពុងស្រូបផ្សែងបារីពីគេ។ ទីកន្លែងដែលប្រជាពលរដ្ឋកម្ពុជាស្រូបផ្សែងបារី ខ្ពស់ជាងគេ គឺនៅភោជនីយដ្ឋាន/អាហារដ្ឋាន ដែលមានអត្រាខ្ពស់ដល់ទៅ(៧៦%) នៅក្នុងអគារធ្វើការរបស់រដ្ឋ (៤៩%) និងនៅពេលធ្វើដំណើរ តាមមធ្យោបាយធ្វើដំណើរសាធារណៈ(៣៤%)។
លោកផៃ ស៊ីផានថ្លែងថា៖«ដូច្នេះផលរំពឹងទុករបស់យើងគឺ ផ្តើមចេញពីយុវជនជំនាន់ក្រោយ ដោយអប់រំឲ្យយល់ដឹងអំពីបញ្ហាសុខភាពនៃការជក់បារី ហើយឲ្យយល់ដឹង ដែលយើងមានច្បាប់នឹងជំរុញនៃការអនុវត្តន៍នេះឯង។ ហើយជាឧទាហរណ៍ ស្រាប់គឺសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន លោកឈប់ជក់បារី ដែលបង្ហាញនូវការសម្រេចចិត្តចូលរួម ថែទាំសុខុមាលភាពប្រជាពលរដ្ឋរបស់យើង ចេញពីការស្រូបផ្សែង ពីអ្នកដែលជក់បារីនោះឯង។ ដូច្នេះ ជាជំហររបស់យើងគឺដើម្បីបំបាត់ ចោលនូវអ្វីទៅដែលជាផ្សែងបារីនៅទីកន្លែងសាធារណៈ»។
កាលពីចុងខែមករាកន្លងទៅលោក ហ៊ុនសែន បានប្រកាសក្នុងទំព័រហ្វេសប៊ុករបស់ខ្លួនថា លោកបានផ្តាច់ការជក់បារីដោយជោគជ័យ។ លោកហ៊ុន សែន ចាប់ផ្តើមជក់បារីតាំងពីទសវត្សរ៍ ១៩៧០ ពេលដែលលោកធ្វើការតស៊ូនៅក្នុងព្រៃជាមួយពួកខ្មែរក្រហម ក៏បានអំពាវនាវឲ្យពលរដ្ឋកម្ពុជាបោះបង់ការជក់បារីផងដែរ។
លោកវេជ្ជបណ្ឌិត យ៉ិល ដារ៉ាវុធ មន្ត្រីទទួលបន្ទុកការងារទិសលុបបំបាត់ថ្នាំជក់ គ្រឿងស្រវឹងនិងការងារសុខភាពផ្លូវចិត្តនៃអង្គការសុខភាពពិភពលោកWHOប្រចាំកម្ពុជាបានស្វាគមន៍ការបោះជំហាន ដ៏វិជ្ជមានរបស់ប្រទេសកម្ពុជាដែលសំដៅលើការលើកកម្ពស់សុខុមាលភាពសាធារណៈ ជាពិសេសអ្នកដែលមិនជក់បារី។
«ការចេញអនុក្រឹត្យនេះគឺវាបានឆ្លើយតបទៅនឹងការចង់បានរបស់ប្រជាពលរដ្ឋ ហើយគេសិក្សាថាកន្លែងធ្វើការ ត្រូវគេបានហាមឃាត់ មិនឲ្យជក់បារី ជាពិសេសកន្លែងបិទជិត កន្លែងភោជនីយដ្ឋាន កន្លែងមានដំបូល អីហ្នឹង។ ជាការជំរុញទឹកចិត្តមួយឲ្យអ្នកជក់បារីហ្នឹងកាត់បន្ថយការជក់បារីរបស់ខ្លួន យ៉ាងហោចណាស់ធ្វើឲ្យគាត់មានការលំបាកក្នុងការជក់បារី ហើយពេលដែលគាត់ពិបាកជក់អីចឹងគាត់កាត់បន្ថយ។ នៅប្រទេសគេជិតខាងដូចជាសឹង្ហបុរីអីហ្នឹងគេធ្វើឲ្យអត្រាជក់បារីថយចុះ។ ហើយវាសំខាន់គឺវាមានសុខុមាលភាពទាំងអស់គ្នា មានន័យថាអ្នកអត់ចេះជក់ក៏មិនបានស្រូបផ្សែងបារី ពីគេហើយអ្នកដែលចេះជក់ក៏អាចទៅជក់កន្លែងណាដែលឆ្ងាយពីគេ»។
លោក វេជ្ជបណ្ឌិត យ៉ិល ដារ៉ាវុធឲ្យដឹងថាតាមរបាយការណ៍អង្កេតរបស់អង្គកាសុខភាពពិភពលោក WHO នាឆ្នាំ២០១២ ប្រជាពលរដ្ឋខ្មែរ ចំនួនមួយម៉ឺននាក់ក្នុងមួយឆ្នាំឬ ៣០នាក់ក្នុងមួយថ្ងៃស្លាប់ដោយសារការជក់បារី។
យ៉ាងណាក៏ដោយលោក ផៃ ស៊ីផាន នៃទីស្តីការគណៈរដ្ឋមន្ត្រីថ្លែងថាការផាកពិន័យនៅកម្ពុជាគឺមានកម្រិតទាបនៅឡើយបើធៀបទៅប្រទេសអាស៊ាន ដូចប្រទេសវៀតណាម ថៃ មីយ៉ាន់ម៉ា សឹង្ហបុរី និងម៉ាឡេស៊ីជាដើម។ ហើយការជំរុញឲ្យមានការឈប់ជក់បារីនៅកម្ពុជាគឺទៀមទាឲ្យមាន ការចូលរួមពីគ្រប់ភាគីរួមទាំងអ្នកជក់បារីខ្លួនឯងផងដែរ។
អ្នកនាំពាក្យរូបនេះបានឲ្យដឹងផងដែរ ថាកិច្ចប្រជុំប្រចាំសប្តាហ៍របស់ រដ្ឋបាលលោកហ៊ុនសែន នាព្រឹកថ្ងៃសុក្រ ក៏បានសម្រេចលើ សេចក្តីព្រាងនយោបាយជាតិប្រជាជនឆ្នាំ២០១៦ ដល់២០៣០ សំរាប់ជំរុញឲ្យមានការពង្រឹងសុខុមាលភាពប្រជាពលរដ្ឋខ្មែរ និងបង្កើនធនធានមនុស្សកម្ពុជាឲ្យបានខ្លាំងក្លាថែមទៀត៕