ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

បារី​ជា​មូលហេតុ​ឲ្យ​មាន​មនុស្ស​ស្លាប់​ច្រើន​នៅ​ក្នុង​ពិភពលោក​


បុរស​វ័យ​ក្មេងៗ​ ជក់​បារី​។

វ៉ាស៊ីនតោន៖ មជ្ឈមណ្ឌល​ខាង​យុទ្ធសាស្ត្រ​ និង​ការ​សិក្សា​អន្តរជាតិ​ នៅ​រដ្ឋធានីវ៉ាស៊ីនតោន​ (Washington)​ កាល​ពី​ថ្ងៃ​ពុធ​ទី​២៧​ខែ​តុលា បាន​អញ្ជើញ​លោក​វេជ្ជបណ្ឌិត​ ថូម៉ាស​ ហ្រ្វីដឌិន​(Thomas​ Frieden)​ នាយក​មជ្ឈមណ្ឌល​ត្រួត​ពិនិត្យ​ និង​ការពារ​ជម្ងឺ​ឆ្លង​ ទៅ​អធិប្បាយ​អំពី​មូលហេតុ​ចម្បងៗ​ ដែល​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ច្រើន​នៅ​ក្នុង​ពិភពលោក​ និង​អំពី​ជម្ងឺ​ដែល​ទាក់ទង​នឹង​ហេតុការណ៍​នេះ។

លោក​វេជ្ជបណ្ឌិត​ ថូម៉ាស​ ហ្រ្វីដឌិន​ នាយក​មជ្ឈមណ្ឌល​ត្រួត​ពិនិត្យ​ និង​ការពារ​ជម្ងឺ​ឆ្លង​ និង​ជាអ្នក​ត្រួត​ពិនិត្យ​រោគ​ឆ្លង​និង​ជម្ងឺ​មិន​ចម្លង​ដោយ​មេរោគ​ នៅ​ក្នុង​ សរអ​ និង​នៅ​ជុំវិញ​ពិភពលោកមាន​ប្រសាសន៍​ថា​ ការ​ជក់​បារី​ ជម្ងឺ​អេដស៍​ ការ​ធាត់ពេក​ ឬ​ការ​ធ្វេស​ប្រហែស​ក្នុង​ការ​បរិភោគ​ម្ហូប​អាហារ​ ក្មេង​ស្រី​ជំទង់​មាន​ផ្ទៃ​ពោះ​ គ្រោះថ្នាក់​ចរាចរ​ និង​ការ​ឆ្លង​មេរោគ​ទាក់ទង​នឹង​ការ​ថែទាំ​សុខភាព​ ជា​កិច្ចការ​ដែល​ត្រូវការ​កិច្ច​ខិត​ខំ​ប្រឹងប្រែង​ខ្លាំង​ និង​មាន​រយៈ​ពេល​យូរ​ ហើយ​ ដែល​បាន​ទទួល​ការ​ប្រុងប្រយ័ត្ន​ស្រេច​ទៅ​ហើយ​។

លោក​វេជ្ជបណ្ឌិត​ ហ្រ្វីដឌិន​ មាន​ប្រសាសន៍​ថា​ ការ​ប្រើ​ថ្នាំ​ជក់​សព្វ​ថ្ងៃ​នេះ​ ជា​មូលហេតុ​ធំ​នៃ​ការ​ស្លាប់​នៅ​ក្នុង​ពិភពលោក​។ រាល់​ឆ្នាំ​នៅ​ក្នុង​ សរអ​ មនុស្ស​ប្រមាណ​ ៤សែន​៤ម៉ឺន​ ៣ពាន់​នាក់​ ស្លាប់​មុន​អាយុកាល​ ដោយ​ការ​ជក់​បារី​ ឬ​ដោយ​ការ​ទទួល​ផ្សែង​បារី​ពី​អ្នក​ជក់​ ហើយ​មាន​មនុស្ស​ចំនួន​៨លាន​៦សែន​នាក់​ មាន​ជម្ងឺ​ធ្ងន់បណ្តាល​មក​ពី​ការ​ជក់​បារី​។

«ថ្នាំ​ជក់​ សព្វ​ថ្ងៃ​ ជា​មូលហេតុ​តែ​មួយ នាំ​មុខ​គេ​នៃ​ការ​ស្លាប់នៅ​ក្នុង​ពិភពលោក​។ ថ្នាំ​ជក់​សម្លាប់​មនុស្ស​ច្រើន​ជាង​ជម្ងឺ​អេដស៍​ ជម្ងឺ​របេង​ និង​ជម្ងឺ​គ្រុន​ចាញ់​រួម​គ្នា​។ ហើយ​ផ្ទុយ​ពី​មូលហេតុ​ទាំង​នោះ​ដែល​កំពុង​ធ្លាក់​ចុះ​នោះ​ គឺ​មូលហេតុ​នៃ​ការ​ស្លាប់​កំពុង​កើន​ឡើង​»។

លោក​វេជ្ជបណ្ឌិត​ ហ្រ្វីដឌិន​ បាន​សរសើរ​ភាព​ដឹកនាំ​របស់​កម្មវិធី​ត្រួត​ពិនិត្យ​ថ្នាំ​ជក់​របស់​ប្រទេស​ អ៊ុយរុហ្កាយ (Uruguay)​ ដែល​ទទួល​ឈ្មោះ​ល្អ​បំផុត​បាន​យូរ​។ លោក​បាន​អំពាវនាវ​ឲ្យ​មាន​ការ​ប្រតិបត្តិទូលំ​ទូលាយ​នៃ​កញ្ចប់​នយោបាយ​ ដែល​ឲ្យ​អំណាច​ដល់​អង្គការ​សុខភាព​ពិភពលោក មាន​រួម​ទាំង​ កន្លែង​ធ្វើការ​គ្មាន​ការ​ជក់បារី​ ការ​ដាក់​កម្រិត​លើ​ការ​ផ្សាយ​ពាណិជ្ជកម្ម​ និង​បង្កើន​ការ​បង់​ពន្ធដារ​លើ​ថ្នាំ​ជក់​។

លោក​វេជ្ជបណ្ឌិត​ ហ្រ្វីដឌិន​ បាន​ចង្អុល​ប្រាប់​ពី​ការ​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរ​ ថាមាន​កើតឡើងច្រើន ប្រៀប​បាន​ទៅ​នឹង​ជំងឺ​ឆ្លង​ដែល​រីករាល​ដាល​មួយ។ មនុស្ស​ជាង​មួយ​លាន​នាក់​បាន​ស្លាប់​ក្នុង​គ្រោះថ្នាក់​ចរាចរ​រាល់​ឆ្នាំ​ មាន​រួម​ទាំង​អ្នកដើរ​ ឬ​អ្នកជិះកង់​ផង​។ យោង​តាម​ការ​សិក្សា​មួយ​ដោយ​ មជ្ឈមណ្ឌល​ត្រួត​ពិនិត្យ​និង​ការពារ​ជម្ងឺ​ឆ្លង​និយាយ​ថា​ នៅ​ក្នុង​ សរអ​ ការ​ចំណាយ​ទៅ​លើ​ការ​ថែទាំ​ផ្នែក​ពេទ្យ​ និង​ផលិតភាព​នៃ​ការ​ខាតបង់​ទាំងឡាយ​ទាក់ទង​នឹង​គ្រោះថ្នាក់​ដោយ​រថយន្ត​ មាន​ចំនួន​លើស​ពី​៩៩ពាន់​លានដុល្លារ​ ក្នុង​មួយ​ឆ្នាំ​។

«អ្វី​ដែល​នឹង​កើត​ឡើង​ នៅ​ក្នុង​ពេល២០​ ឬ​២៥​ឆ្នាំ​ទៅ​មុខ​ទៀត​នោះ​ លុះត្រា​តែ​យើង​ធ្វើ​សកម្មភាព​ជា​បន្ទាន់​ បើ​មិន​ដូច្នោះ​ទេ​ ការ​ត្រូវ​របួស​ដោយសារ​គ្រោះថ្នាក់​ចរាចរ​លើ​ផ្លូវថ្នល់​ នឹង​កើន​ឡើង​ពី​២ភាគរយ​នៃ​ការ​ស្លាប់​ទាំងអស់​ ទៅ៣កន្លះ​ភាគរយ​ នៃ​ការ​ស្លាប់​ទាំងអស់​។ គ្រោះថ្នាក់​ចរាចរ ​នឹង​ក្លាយ​ជា​មូលហេតុ​នាំ​មុខ​គេ​ទី៥​ នៃ​ការ​ស្លាប់​នៅ​ជុំវិញ​ពិភពលោក​»។

សេចក្តី​រាយការណ៍​ពេល​ថ្មីៗ​នេះ​របស់​អង្គការ​សុខភាព​ពិភពលោក​បង្ហាញ​ថា​ មាន​កត្តា ៦​ ជាប់​ទាក់ទង​នឹង​ជម្ងឺ​មិន​ឆ្លង​ដោយ​មេរោគ​ ដែល​ជា​កត្តា​គ្រោះថ្នាក់​នាំ​មុខ​គេ​ក្នុង​ការ​ស្លាប់​ ក្នុង​ពិភពលោក​នោះ​គឺ៖​ ការ​លើសឈាម​ ការ​ប្រើ​ថ្នាំជក់​ កម្រឹត​ស្ក​ក្នុង​ឈាម​ខ្ពស់​ ការ​មិន​ហាត់​ប្រាណ​ ការ​ធាត់ពេក​ និង​កម្រឹត​ខ្លាញ់​ក្នុង​ឈាម​ខ្ពស់​។

«ជម្ងឺ​ដែល​មិន​ឆ្លង​ដោយ​មេរោគ​ ឥឡូវ​នេះ​សម្លាប់​មនុស្សនៅ​ក្នុង​ពិភពលោក​ ច្រើន​ជាង​ជម្ងឺ​ឆ្លងដោយ​មេរោគ​។ មាន​ការ​កើន​ឡើង​នូវ​បន្ទុក​មួយ​ ហើយ​នឹង​ក៏​មាន​ការ​គម្រាម​កំហែង​មួយ​ដល់​ការ​អភិវឌ្ឍន៍​សេចកិច្ច​សង្គម​ផង​ដែរ​។​ ជម្ងឺ​ទាំង​នេះ​ កំពុង​នាំ​ឲ្យ​ការ​ចំណាយ​ទៅ​លើ​ការ​ថែទាំ​សុខភាព​។ នៅ​ក្នុង​រយៈ​១០ឆ្នាំ​ មនុស្ស​ដែល​ស្លាប់​ដោយ​ជម្ងឺ​មិន​ឆ្លង​ដោយ​មេរោគ​នឹង​មាន​ចំនួន៤ដង​ ដូច​គ្នា​នឹង​មនុស្ស​ដែល​ស្លាប់​ដោយ​ជម្ងឺ​ឆ្លង​ដោយ​មេរោគ​ដែរ​ ហើយ​ជម្ងឺ​នេះ​ប៉ះ​ពាល់​ដល់​ជន​ក្រីក្រ​ច្រើន​ជាង​ មិន​គ្រាន់​តែ​មាន​កម្រឹត​ខ្ពស់​ទេ​ ប៉ុន្តែ​មាន​ប៉ះពាល់​ដល់​មនុស្ស​វ័យ​ក្មេង​ទៀត​ផង​»។

លោក​វេជ្ជបណ្ឌិត​ ហ្រ្វីដឌិន​ មាន​ប្រសាសន៍​ថា​ ជម្ងឺ​អេដស៍​នៅ​តែ​បន្ត​ការ​ព្រួយ​បារម្ភ​ខ្លាំង​ជាង​គេ​នៅ​ក្នុង​ផ្នែក​ថែទាំ​សុខភាព​សាកល​ ដោយ​ចំនួន​មនុស្ស​រស់​ដោយ​ផ្ទុក​មេរោគ​អេដស៍​នៅតែ​បន្ត​កើន​ឡើង​។

ការ​ពិភាក្សា​នោះ​ក៏​បាន​លើក​ឡើង​ផងដែរ​ អំពី​ការ​កើន​ឡើងដ៏​ខ្លាំង​ នូវ​ជម្ងឺ​រ៉ាំរ៉ៃ​ នៅ​ក្នុង​បណ្តា​ប្រទេស​កំពុង​អភិវឌ្ឍ​៕

XS
SM
MD
LG