អតីតអភិបាលក្រុង South Bend រដ្ឋ Indiana លោក Pete Buttigieg ដែលជាបេក្ខជននាំមុខគេខាងគណបក្សប្រជាធិបតេយ្យ នឹងចូលរួមនៅក្នុងការបោះឆ្នោតបឋមដែលជាការបោះឆ្នោតជ្រើសតាំងបេក្ខជនប្រធានាធិបតីរបស់គណបក្ស នៅក្នុងរដ្ឋ New Hampshire នៅថ្ងៃអង្គារស្អែក។
គណបក្សប្រជាធិបតេយ្យនៃរដ្ឋ Iowa បានចេញផ្សាយលទ្ធផលនៃការបោះឆ្នោត caucus ដែលជាទម្រង់មួយផ្សេងទៀតនៃការបោះឆ្នោតជ្រើសតាំងបេក្ខជនប្រធានាធិបតីរបស់គណបក្សផងដែរ ដែលបានធ្វើឡើងកាលពីសប្ដាហ៍មុន។
លោក Buttigieg ទទួលបានគណៈប្រតិភូចំនួន ១៤ រូបក្នុងចំណោមគណៈប្រតិភូទាំង ៤១ រូបនៅក្នុងការបោះឆ្នោតនៅរដ្ឋ Iowa។ បន្ទាប់មកគឺសមាជិកព្រឹទ្ធសភាប្រចាំរដ្ឋ Vermont លោក Bernie Sanders ដែលទទួលបានគណៈប្រតិភូ ១២ រូប ហើយសមាជិកព្រឹទ្ធសភាប្រចាំរដ្ឋ Massachusetts អ្នកស្រី Elizabeth Warren ទទួលបានគណៈប្រតិភូ ៨ រូប។ ចំណែកឯអតីតអនុប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden វិញ ទទួលបានគណៈប្រតិភូ ៦ រូប និងចុងក្រោយ សមាជិកព្រឹទ្ធសភាប្រចាំរដ្ឋ Minnesota អ្នកស្រី Amy Klobuchar ទទួលបានគណៈប្រតិភូ ១ រូប។
ដើម្បីទទួលបានការតែងតាំងជាបេក្ខជនប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យនៅឯសន្និបាតគណបក្សនៅក្នុងទីក្រុង Milwaukee រដ្ឋ Wisconsin នៅខែកក្កដាខាងមុខ បេក្ខជនចូលរួមប្រកួតត្រូវធ្វើយ៉ាងណាទទួលឲ្យបានគណៈប្រតិភូចំនួន ១ ពាន់ ៩៩០ នាក់។
ការស្ទង់មតិប្រចាំថ្ងៃថ្មីនៅក្នុងរដ្ឋ New Hampshire បានបង្ហាញថា លោក Sanders នាំមុខលោក Buttigieg ដែលលោកទាំងពីរស្ថិតនៅក្នុងចំណាត់ថ្នាក់លើគេ ហើយលោក Biden និងអ្នកស្រី Warren ស្ថិតនៅចំណាត់ថ្នាក់បន្ទាប់។ ចំណែកឯអ្នកស្រី Klobuchar វិញ ស្ថិតនៅលំដាប់ថ្នាក់ទី ៥៕