អាជីវកម្ម​នានា​ប្រឈម​មុខ​នឹង​ផល​ប៉ះ​ពាល់​មិន​ច្បាស់​លាស់​ពី​ការ​ជាប់​គាំង​ផ្នែក​​ពាណិជ្ជ​កម្ម​អាមេរិក​-ចិន

មនុស្ស​ម្នា​សាក​ប្រើទូសព្ទ​ទំនើប Huawei នៅ​ហាង​លក់​គ្រឿង​អេឡិចត្រូនិក​មួយ​នៅ​ទីក្រុង​ប៉េកាំង ​កាលពី​ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩។

ខណៈ​ពេល​ដែល​សហរដ្ឋ​អាមេរិក និង​ប្រទេស​ចិន​បន្ត​ភាព​តាន​តឹង​ផ្នែក​ពាណិជ្ជកម្ម ដែល​បាន​ពង្រីក​ខ្លួន​ពី​ជម្លោះ​លើ​កម្មសិទ្ធិ​បញ្ញា​ និង​ការ​ប្រជែង​ទី​ផ្សារ ទៅ​ដល់​បញ្ហា​សន្តិសុខ​ជាតិ​សំខាន់ៗ អាជីវកម្ម​នានា​ទូទាំង​ពិភពលោក កំពុង​តែ​ប្រឈម​មុខ​នឹង​ភាព​មិន​ប្រាកដ​ប្រជា​កាន់​តែ​ខ្លាំង​ឡើង​។

កាល​ពី​សប្ដាហ៍​មុន​គឺ​ពោរពេញ​ទៅ​ដោយការ​ចរចា​ម្ដង​ហើយ​ម្ដង​ទៀត​ ការ​ប្រកួត​ប្រជែង និង​ពេល​ខ្លះគឺ​ការ​ចេញ​សេចក្ដី​ថ្លែងការណ៍​តតាំង​ដាក់​គ្នា​ពី​សំណាក់​មន្ត្រី​សេតវិមាន​ ក៏​ដូចជា​បង្កើត​ឲ្យ​មាន​ស្ថាន​ភាព​ភាន់​ច្រឡំ​សម្រាប់​អាជីវកម្ម​នានា​ផង​ដែរ។​

ហើយ​ក្ដី​សង្ឃឹម​ដែល​ថា​ជំនួប​ដោយ​ឡែក​មួយ​រវាង​លោក​ប្រធានាធិបតី​អាមេរិក Donald Trump និង​ប្រធានាធិបតី​ចិន ​Xi Jinping ក្នុង​កិច្ច​ប្រជុំ​កំពូល​ G-20 នៅ​ខែ​ក្រោយ នឹង​នាំ​មក​នូវ​ដំណោះ​ស្រាយ​ដល់​ជម្លោះ​ពាណិជ្ជកម្ម​នេះ ត្រូវ​បានបង្អាក់​ដោយ​លោក Gao Feng រដ្ឋ​មន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ចិន ដោយ​លោក​បាន​ថ្លែង​ក្នុង​ភាសា​ចិន កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ថា៖ «បើ​សិន​ជា​អាមេរិក​ចង់​បន្ត​ការ​ចរចា អាមេរិក​គួរ​តែ​រក្សា​ភាព​ស្មោះត្រង់ និង​កែ​ប្រែ​សកម្ម​ភាព​ខុសឆ្គង​របស់​ខ្លួន ទើប​អាច​បន្ត​ការ​ចរចា​បាន»។ នេះ​បើ​យោង​តាម​ការ​បក​ប្រែរបស់​ស្ថាប័ន​សារព័ត៌មាន CNBC។​

លោក Goa បន្ថែម​ថា៖ «អាមេរិក...បង្ក្រាប​មក​លើ​ក្រុម​ហ៊ុន​ចិន​មិន​មែន​ត្រឹម​តែ​ធ្វើ​ឲ្យ​ខូច​ខាត​ដល់​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំងពីរ​នោះ​ទេ ប៉ុន្តែ​វា​ថែម​ទាំងបង្កើត​ឲ្យមាន​ការ​គំរាម​កំហែង​ដល់​សន្តិសុខ​នៃ​ខ្សែ​សង្វាក់​ឧស្សាហកម្ម​ និង​ការ​ផ្គត់ផ្គង់​ជា​សកល​ផង​ដែរ។ រដ្ឋាភិបាល​ចិន​ប្រឆាំង​ដាច់​ខាត​ចំពោះ​ទង្វើ​នេះ។ យើង​នឹង​តាម​ដាន​ការ​វិវឌ្ឍ​នេះ​យ៉ាង​ដិតដល់ ក៏​ដូច​ជា​ធ្វើ​ការ​ត្រៀម​លក្ខណៈ​ឲ្យ​បាន​គ្រប់​គ្រាន់»។

ក្រុម​ហ៊ុន​មួយ​ចំនួន​ក៏​ចង់​ត្រៀម «លក្ខណៈ​ឲ្យ​បាន​គ្រប់​គ្រាន់» ប៉ុន្តែ​មិន​ច្បាស់​ថា​ពួក​គេ​គួរ​តែ​យ៉ាង​ដូច​ម្ដេច​ដោយ​សារ​តែ ស្ថាន​ភាព​នៃ​ជម្លោះ​រវាង​ប្រទេស​មហាអំណាច​សេដ្ឋ​កិច្ច​ទាំង​ពី ផ្លាស់ប្ដូរ​លឿន និង​មាន​ហានិភ័យ​ខ្ពស់។​

ឧទាហរណ៍ រដ្ឋ​បាល​របស់​លោក​ប្រធានាធិបតី​ Trump បាន​ចេញ​សេចក្ដី​ប្រកាស​មួយ​ថា ខ្លួន​នឹង​ហាម​ប្រាម​ការ​លក់​ចេញ​ឧបករណ៍​បច្ចេកវិទ្យា​ទំនើប ឲ្យ​ទៅ​ក្រុម​ហ៊ុន​ Huawei ដែល​ជា​ក្រុម​ហ៊ុន​បច្ចេកវិទ្យា​យក្ស​របស់​ចិន កាល​ពី​សប្ដាហ៍​មុន ដែល​នាំ​ឲ្យ​ក្រុម​ហ៊ុន ​Google ចេញ​សេចក្ដី​ថ្លែង​ការណ៍​មួយ​ដែល​ថា ក្រុមហ៊ុន Google នឹង​ឈប់​ផ្ដល់​ប្រព័ន្ធ​ប្រតិបត្តិការ​ Android របស់​ខ្លួន​ឲ្យ​ទៅ​ក្រុម​ហ៊ុន Huawei ប្រើ​ប្រាស់​នៅ​ក្នុង​ស្មាតហ្វូន​តទៅ​ទៀត។ ការណ៍​អាច​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ខ្លាំង​ដល់​អាជីវកម្ម​ស្មាតហ្វូន​របស់​ក្រុមហ៊ុន Huawei។

ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក រដ្ឋបាល​របស់​លោក Trump បាន​ប្រកាស​ការ​ទុក​ពេល​ឲ្យ​រយៈ ៩០ ថ្ងៃ​ ដែល​ការណ៍​នេះ​បាន​បង្ខំ​ឲ្យ​ក្រុម​ហ៊ុន Google កែ​ប្រែ​សេចក្ដី​ថ្លែង​ការណ៍​ដើម​របស់​ខ្លួន​មក​ថា ក្រុមហ៊ុន Google នឹង​ធ្វើ​ការ​ជា​មួយ​ក្រុម​ហ៊ុន Huawei ក្នុង​កម្រិត​មួយ​ដែល​មាន​ដែន​កំណត់​ក្នុង​រយៈ​ពេល ៩០ ថ្ងៃ​នេះ។​

ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក ក្រុមហ៊ុន Microsoft ដែល​ជា​ក្រុមហ៊ុន​ផ្គត់ផ្គង់​ប្រតិបត្តិ​ការ​អាជីវកម្ម​មួយ​ចំនួន​ដល់​ក្រុមហ៊ុន Huawei ក៏​បាន​ប្រកាស​ថា​ ពួក​គេ​នឹង​បញ្ឈប់​ការ​ធ្វើ​អាជីវកម្ម​ជាមួយ​ក្រុម​ហ៊ុន​ចិន​មួយ​នេះ៕