ប៉ូលិសប៊ែលហ្ស៉ិកបានចាប់មនុស្សប្រមាណ ១១៦ នាក់ ក្នុងទីក្រុងប្រ៊ុចសែល ក្រោយពីបាតុកម្មប្រឆាំងតវ៉ាមួយដែលបណ្តាលឲ្យមានអំពើហិង្សាជុំវិញការស្លាប់យុវជនស្បែកខ្មៅម្នាក់ ដែលបានដួលស្លាប់ ខណៈស្ថិតក្នុងការឃុំខ្លួនរបស់សមត្ថកិច្ចប៉ូលិសនោះ។
មន្ត្រីប៉ូលិសនិយាយថា អំពើហិង្សាបានកើតមានឡើងកាលពីថ្ងៃពុធ បន្ទាប់ពីបាតុកម្មតវ៉ាដោយសន្តិវិធី ដែលមានទ្រង់ទ្រាយធំ ហើយមានអ្នកចូលរួមប្រមាណ ៥០០ នាក់ ដែលអ្នកខ្លះកាន់បដាដែលមានពាក្យស្លោក «ជីវិតពលរដ្ឋស្បែកខ្មៅមានតម្លៃ» ផងនោះ បានបញ្ចប់នៅទីប្រជុំជនក្រុងប្រ៊ុចសែល។
មន្ត្រីប៉ូលីសបន្ថែមទៀតថា ប៉ូលិសជាច្រើនទទួលរងបួសនៅក្នុងការប៉ះទង្គិចគ្នាជាមួយក្រុមបាតុករដែលនៅសេសសល់។
«ក្រុមអ្នកតវ៉ាមួយក្រុមប្រមាណពី ៥០ ទៅ ១០០ នាក់ បន្តនៅកន្លែងបាតុកម្មដោយបង្កើតឲ្យមានហេតុការណ៍មួយចំនួននិងជេរប្រមាថបង្ករឿងផ្សេងៗ»។
រដ្ឋអាជ្ញាប៊ែលហ្ស៊ិក បានស្នើថា ចៅក្រមស៊ើបអង្កេតគួរត្រូវតែងតាំង បន្ទាប់ពីមានការស្លាប់បុរសស្បែកខ្មៅ អាយុ២៣ឆ្នាំ ដែលអាជ្ញាធរបានបង្ហាញអត្តសញ្ញាណឈ្មោះកាត់ I.B.។
ការិយាល័យរដ្ឋអាជ្ញាបានបន្តថា បុរសស្បែកខ្មៅនេះត្រូវចាប់ខ្លួនកាលពីថ្ងៃទី៩ ខែមករា បន្ទាប់ពីលោកត្រូវគេចោទថា បានព្យាយាមរត់គេចពីប៉ូលិសដែលឆែកក្រុមអ្នកតវ៉ា ដែលមកប្រមូលផ្តុំក្នុងទីប្រជុំជនក្រុង ទោះជាមានការរឹតត្បិតចំពោះការប្រមូលផ្តុំគ្នាក្នុងសង្គម ដោយសារជំងឺកូវីដ១៩ ក្តី។
បុរសស្បែកខ្មៅនោះត្រូវបាននាំខ្លួនទៅកាន់ការិយាល័យប៉ូលិស ដែលជាកន្លែងបុរសនោះដួលសន្លប់ ហើយត្រូវបានគេនាំយកទៅកាន់មន្ទីរពេទ្យ ដែលក្រោយមកគេប្រកាសថាស្លាប់នោះ។
តាមសេចក្តីថ្លែងការណ៍របស់ប៉ូលិសថា ក្រុមបាតុករបានគប់ទៅលើប៉ូលិសដុតភ្លើង បំផ្លាញរបស់របរតាមដងផ្លូវនិងរថយន្តប៉ូលិសផងដែរ។ ពួកគេក៏បានវាយបង្អួចនិងទ្វាររបស់ការិយាល័យប៉ូលិសដែរ។
ជាសរុប មានមនុស្សប្រមាណ ១១៦ នាក់ ត្រូវបានចាប់ខ្លួន ក្នុងនោះមានមនុស្សមិនទាន់គ្រប់អាយុ៣០នាក់ ហើយបាតុករម្នាក់ទទួលការព្យាបាលដោយសេវាឡានពេទ្យប្រចាំការនៅទីនោះ៕