ប្រទេសអង់គ្លេសបានប្រកាសអំពីការសងសឹកប្រឆាំងនឹងរដ្ឋាភិបាលក្រុងម៉ូស្គូដោយមានរួមបញ្ចូលទាំងការបណ្តេញអ្នកការទូតរុស្ស៊ី២៣នាក់ផងដែរនៅក្រោយរដ្ឋាភិបាលរុស្ស៊ីបានព្រងើយកន្តើយនឹងការទាមទារឱ្យពន្យល់អំពីហេតុដូចម្តេចបានជាសារធាតុបំផ្លាញប្រព័ន្ធសរសៃប្រសាទដ៍ប្រល័យមួយផលិតក្នុងសម័យសហភាពសូវៀតបានត្រូវប្រើប្រាស់នៅក្នុងក្រុង Salisbury នៃប្រទេសអង់គ្លេសដើម្បីបំពុលលោក Sergei Skripal អតីតចារបុរសរុស្ស៊ីនិងកូនស្រីលោកឈ្មោះ Yulia។
លោកស្រីនាយករដ្ឋមន្ត្រីអង់គ្លេស Theresa May បានប្រកាសអំពីការសងសឹកនេះដល់ពួកអ្នកតំណាងរាស្ត្រដែលនៅពេញក្នុងសភានោះ។លោកស្រីបានមានប្រសាសន៍ថារដ្ឋាភិបាលលោកស្រីនឹងព្រាងសេចក្តីព្រាងច្បាប់មួយដើម្បីការពារប្រទេសអង់គ្លេសពីសកម្មភាពជាអរិភាពរបស់រដ្ឋបរទេសណាមួយនិងពិចារណាអំពីវិធានការថ្មីៗប្រឆាំងនឹងចារកម្មផងដែរ។
ការសងសឹករបស់លោកស្រីមានរួមបញ្ចូលការអនុម័តវិសោធនកម្មបែបច្បាប់ Magnitsky ដើម្បីផ្តល់ការយល់ព្រមដល់សេចក្តីព្រាងច្បាប់ដែលអនុញ្ញាតឱ្យអាជ្ញាធរអង់គ្លេសផ្អឹបធនធានរបស់ជនជាតិរុស្ស៊ីទាំងឡាយណាដែលជាអ្នករំលោភលើសិទ្ធិមនុស្សនិងផ្អាកការទាក់ទងកម្រិតខ្ពស់ទាំងអស់រវាងប្រទេសអង់គ្លេសនិងប្រទេសរុស្ស៊ីដោយមានរួមបញ្ចូលទាំងទស្សនកិច្ចមួយដែលបានត្រូវគ្រោងធ្វើដោយលោករដ្ឋមន្ត្រីការបរទេសរុស្ស៊ី Sergei Lavrov ផងដែរ។
ពួកជនជាតិរុស្ស៊ីដែលបានត្រូវបណ្តេញមានពេលមួយសប្តាហ៍ដើម្បីចាកចេញពីប្រទេសអង់គ្លេសនៅក្នុងអ្វីដែលជាការបណ្តេញអ្នកការទូតរុស្ស៊ីច្រើនបំផុតចាប់តាងពីឆ្នាំ១៩៧១នៅពេលសង្គ្រាមត្រជាក់មានកម្រិតខ្លាំង។ លោកស្រី May បានមានប្រសាសន៍ថាការឆ្លើយតបរបស់រុស្ស៊ីដល់ការចោទប្រកាន់របស់ប្រទេសអង់គ្លេសអំពីការទាក់ទិនរបស់អាជ្ញាធរវិមានក្រឹមឡាំងក្នុងការបំពុលនេះ «បានបង្ហាញការមើលងាយទាំងស្រុង» ហើយរដ្ឋាភិបាលក្រុងម៉ូស្គូមិនបានពន្យល់អំពីសារធាតុបំផ្លាញប្រព័ន្ធសរសៃប្រសាទ Novichok ផលិតដោយរុស្ស៊ីដែលបានត្រូវប្រើក្នុងការវាយប្រហារនេះទេ៕