ការ​រឹប​អូស​នាវា​ដឹក​ប្រេង​អ៊ីរ៉ង់​មួយ​គ្រឿង​​ដោយ​អង់គ្លេស​បាន​នាំ​ឱ្យ​អ៊ីរ៉ង់​ខឹង​សម្បា

នាវា Royal Marine ត្រូវ​បាន​គេ​ឃើញ​នៅ​ក្នុង​ដែន​ដី​របស់​ចក្រ​ភព​អង់គ្លេស ក្នុង​ប្រទេស​ហ្ស៊ីប្រាល់តា នៅ​ក្បែរ​នាវាដឹក​ប្រេង Grace 1 ដែល​ត្រូវ​បាន​រឹប​អូស កាល​ពី​ថ្ងៃ​ទី​៤ កក្កដា ២០១៩។

ការ​រឹប​អូសមហា​នាវា​ដឹក​ប្រេង​អ៊ីរ៉ង់មួយ​គ្រឿង​នៅ​ក្នុង​លំហ​សមុទ្រ​ទល់​មុខ​នឹង​ឆ្នេរ​សមុទ្រ​ប្រទេស​ហ្ស៊ីប្រាល់តា ដែល​ជា​នាវា​ជាប់​សង្ស័យ​ថា​រត់​ពន្ធ​ប្រេង​អ៊ីរ៉ង់​២​លានបារ៉ែល​ បាន​បង្កើន​ភាព​តានតឹង​រវាងរដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ និង​រដ្ឋាភិបាល​ក្រុង​តេហេរ៉ង់។

ពួក​មន្ត្រី​អ៊ីរ៉ង់​បាន​និយាយ​ថា​ ការ​រឹបអូស​ក្នុង​សប្តាហ៍​នេះ​ដោយ​ពួក​ទាហាន Marines ​អង់គ្លេស​នូវ​កប៉ាល់​មួយ​គ្រឿង​ដែល​ហាក់​ដូច​ជា​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ស៊ីរី​បានត្រូវ​ធ្វើ​ឡើង​តាម​ការ​ស្នើ​សុំ​ដោយ​ស.រ.អា.។ ការ​រឹបអូស​មហា​នាវា​ដឹក​ប្រេង​នេះ​បាន​ត្រូវ​ស្វាគមន៍​យ៉ង​លឿន​ដោយ​លោក ​John Bolton ទីប្រឹក្សា​សន្តិសុខ​ជាតិ​នៃ​សេតវិមាន។​

លោក ​Bolton​ បានសរសេរ​នៅ​លើ​ Twitter ថា៖ «មានដំណឹង​ល្អ​ណាស់​គឺ​អង់គ្លេសបាន​ឃាត់​ឃាំងមហា​នាវា​ដឹក​ប្រេង​ឈ្មោះ​ Grace 1 ​ដែល​មាន​ដឹកប្រេង​អ៊ីរ៉ង់​ទៅ​កាន់​ប្រទេស​ស៊ីរី​ជា​ការ​រំលោភលើ​ការ​ដាក់​ទណ្ឌកម្ម​ដោយ​សហភាព​អឺរ៉ុប។​ ប្រទេសអាមេរិក​និង​ពួក​សម្ព័ន្ធមិត្ត​របស់​យើង​នឹង​បន្ត​រារាំង​របប​គ្រប់​គ្រង​ក្រុង តេហេរ៉ង់ និង​ក្រុង Damas កុំ​ឱ្យ​បាន​ផល​ប្រយោជន៍​ពី​ការ​ធ្វើ​ពាណិជ្ជកម្ម​ខុស​ច្បាប់​បែប​នេះ»។

ពួក​អ្នក​ការទូតបស្ចិម​ប្រទេស​កំពុង​ប្រុង​ប្រៀប​សម្រាប់​ការ​សង​សឹក​ដោយ​អ៊ីរ៉ង់​ ដែល​ទំនង​ជានឹង​មាន​ធ្វើ​នៅ​ក្នុង​ច្រក​សមុទ្រ​ Hormuz។​

រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ បានចោទ​ប្រកាន់​អ៊ីរ៉ង់​រួច​ស្រេច​ហើយ​ថា​បាន​បំផ្លិច​បំផ្លាញ​ដោយ​ចេតនា​នូវ​កប៉ាល់​ដឹក​ប្រេង​៦​គ្រឿង​នៅ​ក្នុង​ច្រក​សមុទ្រ​ Hormuz នៅ​ក្នុង​គោលនយោបាយ​មួយ​មាន​គោលដៅ​គូ​ស​បញ្ជាក់​ប្រាប់​ពួក​ប្រទេស​អឺរ៉ុប​ អំពី​ការ​បង់​ខាត​ក្នុង​ការ​ចូល​ដៃ​ជាមួយ​រដ្ឋាភិបាលក្រុង​វ៉ាស៊ីនតោន​ នៅ​ក្នុង​ការ​ប្រឈម​មួយ​ដែល​បាន​បណ្តាល​មក​ពី​ការ​សម្រេច​របស់​ប្រធានាធិបតី​ ស.រ.អា. ដូណាល់ ត្រាំ ​កាល​ពី​ឆ្នាំ​ទៅ​មិញ​ក្នុង​ការ​បោះ​បង់​កិច្ច​ព្រម​ព្រៀង​នុយក្លេអ៊ែរ​ កាល​ពី​ឆ្នាំ​២០១៥​ និង​ដាក់​ទណ្ឌកម្ម​ជាថ្មី​ប្រឆាំង​នឹង​ប្រទេស​អ៊ីរ៉ង់។​

ប្រទេស​អ៊ីរ៉ង់​បាន​បដិសេធ​ថា ​ខ្លួន​មិន​បាន​ធ្វើ​ប្រតិបត្តិការ​ដាក់​មីន​ក្នុង​សមុទ្រ​ប្រឆាំង​នឹង​នាវា​ដែល​បើក​ក្នុង​ច្រកស​មុទ្រ​ Hormuz​ នោះ​ទេ៕