លោកស្រីនាយករដ្ឋមន្ត្រីអង់គ្លេស Theresa May នឹងអំពាវនាវឱ្យមាន«ទំនាក់ទំនងពិសេស» ជាមួយស.រ.អ.សារជាថ្មី នៅពេលដែលប្រទេសអង់គ្លេសប្រុងប្រៀបចាកចេញពីសហភាពអឺរ៉ុប ហើយលោកប្រធានាធិបតី Donald Trump ចាប់ផ្តើមអាណត្តិលោកជាមេដឹកនាំស.រ.អា.។
លោកស្រី May ធ្វើដំណើរទៅកាន់រដ្ឋ Philadelphia នៅថ្ងៃព្រហស្បតិ៍នេះនៅមុនទស្សនកិច្ចមួយនៅសេតវិមាននៅថ្ងៃសុក្រស្អែកនេះ។ លោកស្រីជាមេដឹកនាំបរទេសទីមួយដែលនឹងជួបជាមួយលោក Trump នៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន ចាប់តាំងពីពេលលោកចូលកាន់តំណែង។
លោកស្រី May នឹងថ្លែងសុន្ទរកថានៅថ្ងៃព្រហស្បតិ៍នេះនៅក្នុងកន្លែងសម្រាកកាយមួយសម្រាប់ពួកសមាជិកសភាស.រ.អា.ខាងគណបក្សសាធារណរដ្ឋ ដែលតាមសុន្ទរកថាបានត្រូវរៀបចំថា លោកស្រីនឹងគូសបញ្ជាក់អំពីប្រវត្តិនៃទំនាក់ទំនងមួយដែលលោកស្រីថ្លែងថា «បានធ្វើឱ្យមានពិភពលោកទំនើប»។ លោកប្រធានាធិបតី Trump និងលោកអនុប្រធានាធិបតី Mike Pence នឹងចូលរួមក្នុងការប្រជុំនៅកន្លែងសម្រាកកាយនេះនៅថ្ងៃព្រហស្បតិ៍នេះដែរ។
មេដឹកនាំទាំងពីរនាក់នេះបានចាត់វិធានការដើម្បីកែទម្រង់ការទាក់ទងអន្តរជាតិរបស់លោក និងលោកស្រី ជាពិសេសតាមរយៈពាណិជ្ជកម្ម។ ការចាកចេញរបស់ប្រទេសអង់គ្លេសពីសហភាពអឺរ៉ុប និងការដកខ្លួនរបស់លោក Trump ចេញពីភាពដៃគូឆ្លងកាត់មហាសមុទ្រប៉ាស៊ីហ្វិកមានប្រទេសជាតិ១២ជាសមាជិកនឹងនាំឱ្យមានការចាំបាច់ក្នុងការចរចាឱ្យមានកិច្ចព្រមព្រៀងពាណិជ្ជកម្មជាថ្មីនៅទូទាំងពិភពលោក៕