លោកនាយករដ្ឋមន្ត្រីអង់គ្លេស Boris Johnson បានបបួលលោក Jeremy Corbyn មេដឹកនាំក្រុមប្រឆាំងឱ្យគាំទ្រច្បាប់មួយដែលបានត្រូវស្នើដើម្បីរៀបចំការបោះឆ្នោតសភាមុនពេលកំណត់នៅថ្ងៃទី១៥ ខែតុលា។
កាលពីថ្ងៃពុធ លោក Johnson បានធ្វើការទាមទារឱ្យមានការបោះឆ្នោតមុនពេលកំណត់គឺមួយថ្ងៃក្រោយពីសមាជិកសភាបានធ្វើឱ្យលោក Johnson ទទួលបរាជ័យនាំឱ្យអាម៉ាសមួយ ដោយពួកគេបានបោះឆ្នោតប្រឆាំងនឹងការដកប្រទេសអង់គ្លេសចេញពីសហភាពអឺរ៉ុបដោយគ្មានកិច្ចព្រមព្រៀង។លោក Johnson បានហៅការបោះឆ្នោតនេះថា ជាការប៉ុនប៉ងមួយក្នុងការចុះចាញ់សហភាពអឺរ៉ុប។
លោក Johnson បាននិយាយថា «រដ្ឋាភិបាលនេះនឹងយកប្រទេសនេះចេញពីសហភាពអឺរ៉ុបនៅថ្ងៃទី៣១ ខែតុលាហើយមានតែអ្វីមួយគត់ដែលរាំងផ្លូវរបស់យើង។ វាគឺជាសេចក្តីព្រាងច្បាប់ចុះចាញ់ដែលនៅពេលនេះបានត្រូវស្នើដោយមេដឹកនាំនៃក្រុមប្រឆាំង»។
លោក Johnson បានថ្លែងថា ការបោះឆ្នោតនេះបានធ្វើឱ្យលោកគ្មានជម្រើសទេ ក៏ប៉ុន្តែត្រូវតែអំពាវនាវឱ្យមានការបោះឆ្នោតមុនពេលកំណត់។ លោកពោលអះអាងថា ការគំរាមកំហែងរបស់លោកក្នុងការដកប្រទេសអង់គ្លេសចេញពីសហភាពអឺរ៉ុបដោយមាន ឬគ្មានកិច្ចព្រមព្រៀងដកថយនៅថ្ងៃទី៣១ ខែតុលាអាចបង្ខំប្រទេសជាសមាជិក២៧ទៀតនៃសហភាពអឺរ៉ុបឱ្យយល់ព្រមតាមលក្ខខណ្ឌដែលអនុគ្រោះច្រើនជាងមុនដល់ប្រទេសអង់គ្លេស។
គេរំពឹងថា សមាជិកសភាអង់គ្លេសខាងគណបក្សប្រឆាំងនឹងដាក់ស្នើសេចក្តីព្រាងច្បាប់មួយនៅថ្ងៃពុធតាមពេលវេលានៃប្រទេសអង់គ្លេសដើម្បីពន្យារពេលលើកទៅថ្ងៃក្រោយការដកប្រទេសអង់គ្លេសចេញពីសហភាពអឺរ៉ុបដើម្បីឱ្យបានសម្រេចកិច្ចព្រមព្រៀងថ្មីមួយអំពីលក្ខខណ្ឌនៃការដកចេញនេះ។
សមាជិកសភាបះបោរអាចធ្វើសកម្មភាពនេះបាន បន្ទាប់ពីពួកគេមានជ័យជម្នះក្នុងការបោះឆ្នោតកាលពីថ្ងៃអង្គារ ដោយមានសំឡេងឆ្នោត ៣២៨ទល់នឹង ៣០១នៅក្នុងសភាតំណាងរាស្ត្រ ដើម្បីក្តាប់យកការត្រួតត្រាលើបញ្ហា Brexit។ ពួកជនដែលជំទាស់នឹង Brexit គ្មានកិច្ចព្រមព្រៀងនិយាយថា ប្រសិនបើលោក Johnson ដកប្រទេសអង់គ្លេសចេញពីសហភាពអឺរ៉ុប ដោយមិនមានកិច្ចព្រមព្រៀងមួយ ការណ៍នេះអាចនាំឱ្យមានមហន្តរាយដល់សេដ្ឋកិច្ចនៃប្រទេសអង់គ្លេស៕