សភាអង់គ្លេសបានបដិសេធជាលើកទីពីរចំពោះគម្រោងបោះឆ្នោតមុនកាលកំណត់របស់លោកនាយករដ្ឋមន្ត្រី Boris Johnson ដែលព្យាយាមបំបែកភាពទាល់ច្រកនៃការចាកចេញរបស់អង់គ្លេសពីសហភាពអឺរ៉ុប។
លោក Johnson បានព្យាយាមបញ្ចុះបញ្ចូលឲ្យមានការបោះឆ្នោតមុនកំណត់នៅថ្ងៃទី១៥ ខែតុលា ដែលជាកិច្ចប្រឹងប្រែងដើម្បីឈ្នះសំឡេងភាគច្រើននៅក្នុងសភា ដើម្បីអនុម័តផែនការចាកចេញរបស់អង់គ្លេសពីសហភាពអឺរ៉ុប ឬហៅកាត់ថា Brexit នៅមុនសន្និសីទកំពូលរបស់មេដឹកនាំនៅទ្វីបអឺរ៉ុប។
បន្ទាប់ពីការបោះឆ្នោតនៅថ្ងៃអង្គារនេះ លោក Johnson បានព្យួរសភារយៈពេល៥សប្តាហ៍ រហូតទាល់តែម្ចាស់ក្សត្រីអង់គ្លេសថ្លែងសុន្ទរកថាប្រចាំឆ្នាំទៅកាន់សភា ដោយគូសបញ្ជាក់អំពីផែនការច្បាប់របស់រដ្ឋាភិបាលសម្រាប់ឆ្នាំខាងមុខ។
ការបដិសេធរបស់សភាចំពោះសំណើរៀបចំការបោះឆ្នោតថ្មីនេះ បានធ្វើឡើងបន្ទាប់ពីម្ចាស់ក្សត្រីអង់គ្លេស Elizabeth បានអនុម័តច្បាប់ដើម្បីរារាំងមិនឲ្យលោក Johnson អាចដំណើរការការចាកចេញរបស់អង់គ្លេសពីសហភាពអឺរ៉ុបដោយគ្មានកិច្ចព្រមព្រៀងបាន។ ផែនការរបស់លោក Johnson គឺដកប្រទេសអង់គ្លេសចេញពីសហភាពអឺរ៉ុបនៅថ្ងៃទី៣១ ខែតុលា ដោយគ្មានលក្ខខណ្ឌនៃការចាកចេញអ្វីទាំងអស់។
កាលពីថ្ងៃចន្ទលោក Johnson បានទទូចថា ការចាកចេញរបស់អង់គ្លេសនឹងត្រូវធ្វើឡើងនៅខែតុលាខាងមុខនេះ បើទោះបីជាសភាបានអនុម័តច្បាប់ថ្មីមួយកាលពីសប្តាហ៍មុនយ៉ាងណាក៏ដោយ ក៏ប៉ុន្តែលោកមិនបានបញ្ជាក់អំពីវិធីសាស្ត្រថាតើលោកនឹងសម្រេចបានតាមវិធីណានោះទេ៕