ក្រុមហ៊ុន​ប្រេង​របស់​អង់គ្លេស​រង​ការ​ចោទ​ប្រកាន់​ពី​បទ​អំពើ​ពុករលួយ​នៅ​ក្នុង​ការ​រុករក​ប្រេង​នៅ​សូម៉ាលី

  • Henry Ridgwell

ក្រុមហ៊ុន Soma Oil and Gas។

ក្រុមហ៊ុន​រុករក​ប្រេង​មួយត្រូវ​បាន​ចោទ​ប្រកាន់​ពី​ការ​សូក​ប៉ាន់​មន្ត្រី​រដ្ឋាភិបាល​នៃ​ប្រទេស​សូម៉ាលី​ជា​ថ្នូរ​ក្នុង​ការ​ទទួល​បាន​សិទ្ធិ​រុករក​ឧស្ម័ន​អ៊ីដ្រូកាបូន ប៉ុន្តែក្រុមហ៊ុន​នេះ​បាន​បដិសេធ​ទាំង​ស្រុង​នូវ​ការ​អះអាង​នេះ។

ក្រុមហ៊ុន​រុករក​ប្រេង​មួយ​របស់​ប្រទេស​អង់គ្លេស​ ត្រូវ​បាន​ចោទ​ប្រកាន់​ពី​ការ​សូក​ប៉ាន់​មន្ត្រី​រដ្ឋាភិបាល​នៃ​ប្រទេស​សូម៉ាលី​ ជា​ថ្នូរ​ក្នុង​ការ​ទទួល​បាន​សិទ្ធិ​រុករក​ឧស្ម័ន​អ៊ីដ្រូកាបូននៅ​តាម​ឆ្នេរ​សមុទ្រ។ ក្រុមហ៊ុន​នេះ​បាន​បដិសេធ​ទាំង​ស្រុង​នូវ​ការ​អះអាង​នេះ​ ហើយ​បាន​និយាយ​ថា​ជំនួញ​នេះ​នឹង​អាច​ជា​ជំនួយ​ដល់​ការ​ចាប់​ផ្តើមនៃ​សេដ្ឋកិច្ច​របស់​ប្រទេស​សូម៉ាលី​ ដែល​ខ្ទេច​ខ្ទាំ​ដោយសារ​សង្គ្រាម។

គ្មាន​នរណា​ដឹង​ច្បាស់​ថា ​មាន​ប្រេង​និង​ឧស្ម័ន​ធម្មជាតិ​ប៉ុន្មាន ​ដែល​បង្កប់​នៅ​ក្នុង​សមុទ្រ​នៃ​ប្រទេស​សូម៉ាលី​ទេ​ ប៉ុន្តែ​អ្នក​ឯកទេស​ឧស្សាហកម្មព្យាករណ៍​ទិន្នន័យ​ថា​វា​ស្ថិត​នៅ​ខ្ទង់​១១០​ពាន់​លាន​បារ៉ែល។

នៅ​ក្នុង​ឆ្នាំ​២០១៣​ ក្រុមហ៊ុន​អង់គ្លេស​ដែល​ទើប​នឹង​បង្កើត​ឡើងឈ្មោះ Soma Oil and Gas បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ជាមួយ​រដ្ឋាភិបាល​ប្រទេស​សូម៉ាលី​ ដើម្បី​រុករក​ឧស្ម័ន​អ៊ីដ្រូកាបូន។ នេះ​ជា​កិច្ច​ព្រមព្រៀង​រុករក​ឧស្ម័ន​ដំបូង​បំផុត​ ក្រោយ​ពី​ប្រទេស​សូម៉ាលី​បាន​ធ្លាក់​ចូល​ក្នុង​សង្គ្រាម​ស៊ីវិលនៅ​ដើម​ទសវត្សរ៍​ទី៩០។

ប្រធាន​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន ​Soma​ គឺ​លោក​ Bob Sheppard ​បាន​ប្រាប់ ​VOA ​ថា​ ជំនួញ​នេះ​មាន​សក្តានុពល​ខ្លាំង​ណាស់។ លោក​បាន​និយាយ​ថា៖

«យើង​គិត​ថា​ យើង​គឺ​ពិត​ជា​បាន​ចាប់​ផ្តើម​សម័យកាល​ឧស្ម័ន​អ៊ីដ្រូកាបូន​នៅ​ប្រទេស​សូម៉ាលី។ ហើយ​វា​នឹង​អាច​មាន​លទ្ធផល ផ្គួបផ្សំ​នឹង​សំណាង​បន្តិចបន្តួច​ ការ​អត់​ធ្មត់​ និង​ការប្តេជ្ញា​ចិត្ត។ យើង​សង្ឃឹម​ថា​ ប្រទេស​សូម៉ាលី​អាច​ចូល​ក្នុង​ចំណោម​ផ្នែក​មួយ​នៃ​បណ្តា​ខេត្ត​មាន​ឧស្ម័ន​អ៊ីដ្រូកាបូន​ធំៗ​នៅ​ទ្វីប​អាហ្រ្វិក​ប៉ែក​ខាងកើត»។

កិច្ច​ព្រមព្រៀង​នេះ​បាន​ដាក់​បញ្ចូល​នូវ​កម្មវិធី​មួយ​ ដែល​ត្រូវ​បាន​ស្គាល់​ថា​ជា ​«កម្មវិធី​បង្កើន​សមត្ថភាព»​ ដែល​លោក ​Sheppard ​និយាយ​ថា​ មាន​គោល​បំណង​ផ្តល់​ប្រាក់​បៀវត្សរ៍​ទៅ​ឲ្យ​បុគ្គល​សំខាន់​ដូចជា​ភូគព្ភវិទូ។​

ប៉ុន្តែ​របាយការណ៍​ត្រួតពិនិត្យ​សម្ងាត់​របស់​អង្គការ​សហប្រជាជាតិ​ ដែល​បាន​លេច​ចេញ​ទៅ​ដល់​ប្រព័ន្ធ​ផ្សព្វផ្សាយ​បាន​ឲ្យ​ដឹង​ថា​ ក្រុមហ៊ុន​ Soma​ បាន​បង់​ថវិកា​ប្រមាណ​ជា​កន្លះ​លាន​ដុល្លារ​ដល់​មន្ត្រី​ជាន់​ខ្ពស់​ក្នុង​ជួរ​រដ្ឋាភិបាល​ ដែល​ក្នុង​នោះ​មាន​រដ្ឋ​មន្ត្រី​ក្រសួង​ប្រេង​របស់​ប្រទេស​សូម៉ាលី។ លោក​ Sheppard​ បាន​បដិសេធ​រាល់​ការ​ប្រព្រឹត្ត​ខុស​ឆ្គង​ទាំងអស់។ លោក​បាន​និយាយ​ថា៖

«យើង​គិត​ថា​ ការ​ចោទ​ប្រកាន់​នេះ​គឺ​គ្មាន​ភស្តុតាង​ច្បាស់លាស់។ ក្រុមហ៊ុន ​Soma ​បាន​ដំណើរការ​ដោយ​គោរព​ច្បាប់​ និង​មាន​វិជ្ជាជីវៈ​រហូត​មក»។

ការិយាល័យ​ស៊ើប​អង្កេត​ករណី​ក្លែងបន្លំ​ធ្ងន់​ធ្ងរ​ (Serious Fraud Office) ​របស់​ប្រទេស​អង់គ្លេស​ បាន​ចាប់​ផ្តើម​ការ​ស៊ើប​អង្កេត​ទៅ​លើ​ជំនួញ​នេះ​ ហើយ​រដ្ឋាភិបាល​ប្រទេស​សូម៉ាលី​ក៏​ថ្លែង​ថា ​ខ្លួនកំពុង​ស៊ើប​អង្កេត​ទៅ​លើ​ការ​អះអាង​ទាំង​នេះ​ដែរ។ ប៉ុន្តែ​ក្រុម​មន្រ្តី​នៃ​ក្រសួង​ប្រេង​ប្រចាំ​ទីក្រុង​ម៉ូហ្គាឌីស្យូ (Mogadishu) ​បាន​ចង្អុល​បង្ហាញ​ថា​ ក្រុមហ៊ុន​ Soma ​គឺ​ជា​ក្រុមហ៊ុន​តែ​មួយ​គត់​ ដែល​ស្ម័គ្រ​ចិត្ត​ប្រថុយ​សុវត្ថិភាព​ដើម្បី​រុករក​ប្រេង​ក្នុង​ប្រទេស​សូម៉ាលី​ដែល​ត្រូវ​បាន​ចាត់​ចូល​ក្នុង​ចំណោម​ប្រទេស​អស្ថេរភាព​ជាងគេ​លើ​ពិភពលោក។

ប្រធានាធិបតី​របស់​ប្រទេស​សូម៉ាលី​ លោក ​Hassan Sheikh Mohamud ​មាន​ប្រសាសន៍​ថា​ ប្រទេស​សូម៉ាលី​កំពុង​ព្យាយាម​ទាក់ទាញ​ការ​វិនិយោគ​បន្ថែម​ទៀត។ លោក​បាន​មាន​ប្រសាសន៍​ថា៖

«ចាប់​តាំង​ពី​យើងបាន​កាន់​តួនាទី​នេះ រដ្ឋាភិបាល​សូម៉ាលី​កំពុង​តែ​ព្យាយាម​យ៉ាង​ខ្លាំង​ ដើម្បី​ទាក់ទាញ​ការ​បណ្តាក់​ទុន​ពី​បរទេស​ក្នុង​ពេល​អនាគត​យ៉ាង​ខ្លី​ខាង​មុខ​នេះ។​ ដើម្បី​ឲ្យ​សុបិន​នេះ​ក្លាយ​ជា​ការ​ពិត​ យើង​កំពុង​រៀបចំ​ក្រប​ខ័ណ្ឌ​ច្បាប់ ​ដែល​អាច​ធ្វើ​ឲ្យ​វា​កើត​ឡើង​យ៉ាង​ជាក់ស្តែង»។

ក្រុមហ៊ុន​ Soma​ និយាយ​ថា​ ការ​បណ្តាក់​ទុន​នេះ​អាច​ផ្លាស់​ប្តូរ​ស្ថានភាព​សេដ្ឋកិច្ច​របស់​ប្រទេស​សូម៉ាលី។ ប៉ុន្តែ​ជា​ដំបូង​ ​ក្រុមហ៊ុន​នេះ​ត្រូវ​ប្រឈម​មុខ​នឹង​ការស៊ើប​អង្កេត​ក្នុង​ការចោទប្រកាន់​ពី​បទ​ពុក​រលួយជា​មុន​សិន៕

ប្រែសម្រួល​ដោយ៖ វិញ សុជាតា