កងទ័ពជើងទឹករបស់ចក្រភពអង់គ្លេសបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា នាវាចម្បាំងរបស់ខ្លួនបានរឹបអូសអាវុធអ៊ីរ៉ង់ រួមទាំងកាំជ្រួចមីស៊ីលបាញ់ពីដីទៅអាកាស និងម៉ាស៊ីនសម្រាប់កាំជ្រួចរត់តាមគន្លងបញ្ជា។ នេះជាការរឹបអូសពីអ្នករត់ពន្ធក្នុងដែនទឹកអន្តរជាតិនៅភាគខាងត្បូងប្រទេសអ៊ីរ៉ង់នៅដើមឆ្នាំនេះ។ នេះបើតាមទីភ្នាក់ងារសារព័ត៌មាន Reuters។
ឧទ្ធម្ភាគចក្រមួយគ្រឿងពីនាវាចម្បាំងHMS Montroseរបស់អង់គ្លេសបានប្រទះឃើញទូកល្បឿនលឿនកំពុងធ្វើដំណើរចេញពីឆ្នេរសមុទ្រអ៊ីរ៉ង់នៅថ្ងៃទី ២៨ ខែមករា និងថ្ងៃទី ២៥ ខែកុម្ភៈ ហើយកញ្ចប់រាប់សិបដែលមានអាវុធទំនើបៗត្រូវបានរឹបអូស។ នេះបើតាមសេចក្តីថ្លែងការណ៍របស់កងទ័ពជើងទឹកអង់គ្លេស Royal Navy។
សេចក្តីថ្លែងការណ៍បន្ថែមថា៖ «កញ្ចប់ដែលរឹបអូសបាន ហើយដែលត្រូវបានប្រគល់ឱ្យចក្រភពអង់គ្លេសសម្រាប់ការវិភាគបច្ចេកទេសនោះ បានបង្ហាញថា ការដឹកជញ្ជូននោះមានម៉ាស៊ីនរ៉ុក្កែតជាច្រើនសម្រាប់អ៊ីរ៉ង់ផលិតកាំជ្រួចវាយប្រហារលើដីតាមគន្លងបញ្ជាចំនួន ៣៥១ គ្រឿង និងកាំជ្រួចបាញ់ពីដីទៅអាកាសចំនួន ៣៥៨ គ្រឿង»។
សេចក្តីថ្លែងការណ៍មិនបាននិយាយថា កាំជ្រួចនោះត្រូវគេដឹកទៅណាទេ ក៏ប៉ុន្តែបាននិយាយថា ប្រភេទកាំជ្រួចចំនួន ៣៥១ គ្រឿងដែលមានវង់ប្រតិបត្តិការចម្ងាយ ១.០០០គីឡូម៉ែត្រនោះ ត្រូវបានប្រើជាញឹកញាប់ដោយក្រុម Houthi នៅប្រទេសយេម៉ែន ដើម្បីវាយប្រហារអារ៉ាប៊ីសាអូឌីត និងអេមីរ៉ាតអារ៉ាប់រួម។
លោកវរសេនីយ៍ឯក Joseph Buccino អ្នកនាំពាក្យបញ្ជាការដ្ឋានសហរដ្ឋអាមេរិកទទួលបន្ទុកកិច្ចការតំបន់មជ្ឈិមបូព៌ា និងអាស៊ីកណ្ដាល បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា៖ «សកម្មភាពនេះបង្ហាញថា យើងនឹងមិនអនុញ្ញាតឲ្យមានអំពើគ្មានការទទួលខុសត្រូវ និងគឃ្លើនរបស់អ៊ីរ៉ង់ដែលមិនមានការត្រួតពិនិត្យលើដី ក្នុងសមុទ្រ និងក្នុងអាកាសនោះទេ»។
រដ្ឋាភិបាលអ៊ីរ៉ង់មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទេ។ វីអូអេបានព្យាយាមទាក់ទងមន្ត្រី Houthi ដើម្បីសុំការអត្ថាធិប្បាយ ប៉ុន្តែមិនទាន់អាចទាក់ទងបានភ្លាមៗទេ៕