នាយករដ្ឋមន្រ្តីចក្រភពអង់គ្លេសលោកស្រី Theresa Mayបានឈ្នះការបោះឆ្នោតលើការមិនទុកចិត្តនៅក្នុងសភាកាលពីថ្ងៃពុធ មួយថ្ងៃបន្ទាប់ពីសមាជិកសភាបានបោះឆ្នោតប្រឆាំងនឹងផែនការរបស់លោកស្រីដកអង់គ្លេសចេញពីសហភាពអឺរ៉ុប។
ជ័យជម្នះនៅក្នុងការបោះឆ្នោតលើការមិនទុកចិត្តនេះនឹងជួយលោកស្រី May ឲ្យផ្តោតសារជាថ្មីលើកិច្ចព្រមព្រៀងការចាកចេញរបស់អង់គ្លេសពីសហភាពអឺរ៉ុបឬហៅកាត់ថា Brexitតាមរយៈសភា។ លោកស្រី Mayមានពេលរហូតដល់ថ្ងៃចន្ទដើម្បីលើកសំណើថ្មីមួយទៅកាន់សភា ប៉ុន្តែគេនៅមិនច្បាស់ទេថាតើលោកស្រីនឹងលើកសំណើយ៉ាងដូចម្តេចនោះ។
ភា្លមៗបន្ទាប់ពីលទ្ធផលបោះឆ្នោតដែលទទួលបាន៣២៥សំឡេងទល់នឹង៣០៦សំឡេងដែលអនុញ្ញាតឲ្យលោកស្រីកាន់តំណែងបន្តជានាយករដ្ឋមន្រ្តីនោះ លោកស្រី May បានអញ្ជើញពួកមេដឹកនាំគណបក្សឲ្យចូលរួមក្នុងកិច្ចចរចាអំពី Brexit នៅយប់ថ្ងៃពុធ។ លោកស្រី Mayបាននិយាយនៅមុនការបោះឆ្នោតថា ចក្រភពអង់គ្លេសនឹងចាកចេញពីសហភាពអឺរ៉ុបនៅថ្ងៃទី២៩ខែមិនា និងថាប្លុកនឹងពិចារណាលើការពន្យាពេលការចរចាប្រសិនបើមានផែនការជាក់លាក់អំពីការចាកចេញនេះ។
ក្រុមជំនួយការរបស់លោកស្រីនាយករដ្ឋមន្រ្តីបាននិយាយថាលោកស្រីនឹងព្យាយាមម្តងទៀត ហើយលោកស្រីនឹងត្រឡប់ទៅទីក្រុងប្រ៊ុចស៊ែលវិញដើម្បីបញ្ជុះបញ្ជូលឲ្យមេដឹកនាំអឺរ៉ុបចូលរួមចរចាឡើងវិញ៕