ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បន្ទាប់ពីជួបជាមួយនឹងលោកស្រី May លោក Abe ថា ពិភពលោកចង់ឲ្យមានកិច្ចព្រមព្រៀងមួយក្រោយអង់គ្លេសចាកចេញពីអឺរ៉ុប


នាយករដ្ឋមន្រ្តីអង់គ្លេស Theresa May និងនាយករដ្ឋមន្រ្តីជប៉ុន Shinzo Abe ចាប់ដៃមុននឹងជំនួបទ្វេភាគី G20 កាលពីថ្ងៃទី០១ ធ្នូ ២០១៨។

ក្រុមហ៊ុននាំមុខគេមួយចំនួនរបស់ជប៉ុនក្នុងចក្រភពអង់គ្លេសបានព្រមានថា ការដកខ្លួនពីសហភាពអឺរ៉ុបរបស់អង់គ្លេសដោយគ្មានកិច្ចព្រមព្រៀងណាមួយអាចនឹងក្លាយជាមហន្តរាយមួយសម្រាប់អង់គ្លេស។

លោក Shinzo Abe នាយករដ្ឋមន្ត្រីនៃប្រទេស ជប៉ុន បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ពិភពលោកនេះមិនចង់ឃើញការចាកចេញពីសហភាពអឺរ៉ុបរបស់អង់គ្លេសឬហៅថា Brexit ដំណើរការទៅដោយឥតរៀបរយនោះទេ ហើយថា លោកគាំទ្រពេញទំហឹងចំពោះកិច្ចព្រមព្រៀងដកអង់គ្លេសចេញពីសហភាពអឺរ៉ុបរបស់លោកស្រី Theresa May នាយករដ្ឋមន្ត្រីនៃចក្រភពអង់គ្លេស ដែលកិច្ចព្រមព្រៀងនេះកំពុងប្រឈមនឹងការមិនពេញចិត្តនៅក្នុងសភាអង់គ្លេស។

ក្រុមហ៊ុននាំមុខគេមួយចំនួនរបស់ជប៉ុនក្នុងចក្រភពអង់គ្លេសបានព្រមានថា ការដកខ្លួនពីសហភាពអឺរ៉ុបរបស់អង់គ្លេសដោយគ្មានកិច្ចព្រមព្រៀងណាមួយអាចនឹងក្លាយជាមហន្តរាយមួយសម្រាប់អង់គ្លេស។ បន្ទាប់ពីជួបជាមួយនឹងលោកស្រី May ក្នុងទីក្រុង ឡុងដ៏ រួចមក លោក Abe បានមានប្រសាសន៍ថា វាគឺជាសេណារីយោមួយដែលគ្មាននរណាចង់ឃើញនោះទេ។

លោក Abe បានថ្លែងដោយមានអ្នកបកប្រែនៅក្នុងសន្និសីទសារព័ត៌មានមួយជាមួយនឹងលោកស្រី May ថា «វាគឺជាឆន្ទៈដ៏រឹងមាំរបស់ជប៉ុនក្នុងការបង្កើនភាពជាដៃគូដ៏រឹងមាំនេះជាមួយនឹងចក្រភពអង់គ្លេស ដើម្បីវិនិយោគបន្ថែមទៀតទៅលើប្រទេសនេះ និងដើម្បីបង្កើនកំណើនសេដ្ឋកិច្ចជាមួយនឹងចក្រភពអង់គ្លេស‍»។

លោក Abe បានបន្ថែមទៀតថា «ដូច្នេះហើយបានជាយើងពិតជាសង្ឃឹមថា អង់គ្លេសអាចចាកចេញពីសហភាពអឺរ៉ុបដោយមានកិច្ចព្រមព្រៀងមួយ ហើយនេះគឺជាអ្វីដែលពិភពលោកទាំងមូលចង់បាន‍»។

បណ្តាក្រុមហ៊ុនជប៉ុនបានចំណាយប្រាក់ជាង៥៩ពាន់លានដុល្លារក្នុងចក្រភពអង់គ្លេស ដោយសារមានការលើកទឹកចិត្តពីរដ្ឋាភិបាលអង់គ្លេស ចាប់តាំងពីលោកស្រី Margaret Thatcher អតីតនាយករដ្ឋមន្ត្រីអង់គ្លេស បានសន្យាដល់ក្រុមហ៊ុនទាំងនោះក្នុងការផ្តល់កន្លែងធ្វើជំនួញដ៏ល្អមួយសម្រាប់ក្រុមហ៊ុនទាំងនោះក្នុងការធ្វើពាណិជ្ជកម្មនៅទូទាំងសហភាពអឺរ៉ុប។
អនាគតនៃការចាកចេញរបស់អង់គ្លេសចេញពីសហភាពអឺរ៉ុបនៅមិនទាន់ប្រាកដប្រជានៅឡើយទេ៕

XS
SM
MD
LG