ព្រះ​មហាក្សត្រ​ Charles ទី ៣ របស់​អង់គ្លេស​​ឡើង​គ្រងរាជ្យ​ក្នុង​ព្រះរាជ​ពិធី​ដ៏​មហោឡារិក

ព្រះមហាក្សត្រ​ Charles ទី ៣ យាង​ទទួល​មកុដ The St Edward ក្នុង​អំឡុងពេល​នៃ​ព្រះរាជពិធី​គ្រងរាជ្យ​របស់​ព្រះអង្គនៅ​ព្រះវិហារ Westminster Abbey ក្នុង​ទីក្រុង​ឡុងដ៍ ប្រទេស​អង់គ្លេស ថ្ងៃទី ៦ ខែឧសភា ឆ្នាំ២០២៣។ (REUTERS)

ព្រះមហាក្សត្រ Charles ទី ៣ របស់​ប្រទេសអង់គ្លេស​បាន​ឡើង​គ្រងរាជ្យ​ជាផ្លូវការ​នៅ​ព្រះវិហារ Westminster Abbey ដូច​ព្រះមហាក្សត្រ​ដទៃទៀត​មុន​ព្រះ​អង្គ​ដែរ។ ព្រះ​រាជ​ពិធី​ឡើង​គ្រងរាជ្យ​ចុងក្រោយ​បំផុត​ត្រូវ​ធ្វើឡើង​កាល​ពី៧០ឆ្នាំ​មុន​នៅ​ពេល​ដែល​ព្រះ​រាជ​មាតា​របស់​ព្រះអង្គ​គឺ​ព្រះមហាក្សត្រិយានី Elizabeth ឡើង​គ្រងរាជ្យ។

ព្រះរាជពិធី​ដ៏​មហោឡារិក​នេះ​ត្រូវ​បាន​ធ្វើឡើង​ដោយ​មាន​បុព្វជិត អ្នកបន់ស្រន់ តន្ត្រី​ដ៏​អស្ចារ្យ​និង​សំឡេង​ច្រៀង​បន្ទរ​ឡើង​ដោយ​ក្មេងប្រុសស្រី។

ព្រះរាជ​ពិធី​ឡើង​គ្រងរាជ្យ​នេះ​ធ្វើឡើង​នៅ​ចុង​សប្តាហ៍​នេះ​អម​ដោយ​សកម្មភាព​ដែល​ត្រូវ​បាន​គ្រោង​ទុក​ជាមុន​ជាច្រើន។ ខណៈព្រះ​រាជ​ពិធី​នេះត្រូវ​បាន​រាយការណ៍​ថា​បាន​កាត់​បន្ថយ​គម្រោង​ខ្លះ​ដែល​បាន​គ្រោងទុក​ពី​ដើមឡើយ​ ព្រះ​រាជពិធី​នេះ​ត្រូវបាន​គេ​ជឿថា​នៅ​តែ​ត្រូវ​ចំណាយ​ថវិកា​អស់​រាប់​លាន​ដុល្លារ​។

ព្រះមហាក្សត្រ Charles ទី ៣ និងព្រះមហេសី Camilla របស់​ប្រទេស​អង់គ្លេស​គ្រវី​ព្រះហស្ថទៅ​កាន់​ប្រជារាស្ត្រ​របស់​ព្រះ​អង្គ​ពី​រានហាល​ខាង​មុខ​នៃ​ព្រះបរមរាជវាំង Buckingham Palace បន្ទាប់​ពី​ព្រះរាជពិធី​ឡើង​គ្រងរាជ្យ​របស់​ព្រះអង្គ​បាន​បញ្ចប់​នៅ​ទីក្រុង​ឡុងដ័៍ ប្រទេស​អង់គ្លេស ថ្ងៃទី ៦ ខែឧសភា ឆ្នាំ២០២២។

ព្រះមហាក្សត្រ Charles គឺជា​ព្រះមហាក្សត្រ​ដំបូង​ដែល​បន់ស្រន់​ឮៗនៅ​ក្នុង​ព្រះរាជពិធី​ឡើង​គ្រងរាជ្យរបស់​ព្រះអង្គ។ ព្រះអង្គ​បាន​បន់ស្រន់ថា៖ «សូមព្រះ​ប្រទានពរ​ដល់​កូនចៅ​ទាំងអស់។ សូមឱ្យ​យើង​ទាំងអស់គ្នា​អាច​ស្វែងរក​សុខសន្តិភាព​បាន»។

មនុស្ស​រាប់លាន​នាក់​នៅ​ជុំវិញ​ពិភពលោក​អាច​ទស្សនាព្រះរាជ​ពិធី​ឡើង​គ្រងរាជ្យ​នេះ​នៅ​តាម​ទូរទស្សន៍​និងតាម​អ៊ីនធើណិត​បាន​។

សំណួរ​មួយ​ក្នុង​នោះ​គឺ​តើ​ព្រះអង្គម្ចាស់ Harry មាន​តួនាទី​អ្វី​នៅ​ក្នុង​ព្រះរាជ​ពិធី​នោះ។ ព្រះអង្គម្ចាស់​ Harry បាន​ដើរ​ចូល​ក្នុង​ពិធី​នោះ​ជាមួយ​នឹង​រាជវង្សានុវង្ស​និង​យាង​គង់​ជាមួយ​ពួកគេ​មុននឹង​ព្រះរាជ​ពិធី​បាន​ចាប់ផ្តើម។

ព្រះអង្គម្ចាស់ Harry និង​គ្រួសារ​រាជវង្សានុវង្ស​មាន​រឿង​ចម្រូងចម្រាស​ តាំងពី​ព្រះអង្គ​និង​ព្រះជាយា​ជនជាតិ​អាមេរិកាំង Meghan Markle បាន​លាតត្រដាង​ពី​រឿង​ផ្ទៃ​ក្នុង​របស់​គ្រួសារ​រាជវង្សមួយនេះ។

ម្ចាស់បង​របស់​ព្រះអង្គគឺ​ព្រះអង្គម្ចាស់ William ក៏​បានចូលរួមក្នុង​ព្រះរាជ​ពិធីនេះ​ដែរ។ បន្ទាប់​ពី​ព្រះមហាក្សត្រ Charles ត្រូវបាន​អភិសេក​ឡើង​គ្រងរាជ្យ ព្រះអង្គម្ចាស់ William បាន​លុតជង្គង់​មុខព្រះរាជ​បិតា​ហើយ​សច្ចា​ពី​ភក្តីភាព​របស់​ព្រះអង្គ​ចំពោះ​មុខ​ព្រះរាជបិតា។

មកុដ​របស់​ព្រះមហាក្សត្រ Charles ធ្វើពី​មាស​ទម្ងន់ ២,២​ គីឡូក្រាម លម្អ​ដោយ​គ្រឿង​អលង្ការ​មានតម្លៃ។ មកុដនេះ​ត្រូវបាន​ប្រើប្រាស់​ក្នុង​ពិធី​ឡើង​គ្រងរាជ្យ​ដំបូង​របស់​ព្រះមហាក្សត្រ Charles ទី២ កាលពី​ឆ្នាំ១៦៦១។

ព្រះអង្គ​បាន​ពាក់​មកុដផ្សេងមួយ​ទៀត​នៅ​ចុង​បញ្ចប់​នៃ​ព្រះរាជ​ពិធី​ឡើង​គ្រងរាជ្យ​នេះ​ដែល​ជាទូទៅ​ត្រូវ​បាន​ពាក់​ដោយ​ព្រះមហាក្សត្រ​មុនៗ​សម្រាប់​ពិធី​ផ្លូវការ​នានា៕