មន្ត្រីការទូតបស្ចិមប្រទេសបានអំពាវនាវនៅថ្ងៃអង្គារនេះឱ្យក្រុមហាម៉ាស់ (Hamas) ដោះលែងចំណាប់ខ្មាំងដែលនៅសេសសល់នៅក្នុងតំបន់ហ្កាហ្សា (Gaza) នៅពេលការឃុំឃាំងចំណាប់ខ្មាំងទាំងនោះបានឈានចូលដល់ថ្ងៃទី ២០០។
រដ្ឋមន្ត្រីការបរទេសចក្រភពអង់គ្លេសលោក David Cameron បានបញ្ជាក់នៅលើបណ្ដាញសង្គមអនឡាញ X ថា៖ «កាលពី ២០០ ថ្ងៃកន្លងទៅ ក្រុមហាម៉ាស់បានធ្វើការវាយប្រហារដ៏ប្រល័យបំផុតលើជាតិសាសន៍ជ្វីហ្វតាំងពីសម័យ Holocaust។ ២០០ ថ្ងៃក្រោយមក ចំណាប់ខ្មាំងនៅជាប់ឃុំនៅឡើយ ហើយមនុស្សជាទីស្រឡាញ់របស់ពួកគេនៅបន្តប្រឈមនឹងការឈឺចាប់ដែលមិនអាចស្រមៃដល់»។
រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់អ្នកស្រី Annalena Baerbock បាននិយាយថា៖ «ដរាបណាចំណាប់ខ្មាំងមិនទាន់ត្រូវបានដោះលែង យើងនឹងមិនឈប់នោះទេ។ សន្តិភាពនឹងកើតមានតែក្នុងករណីដែលចំណាប់ខ្មាំងទាំងនោះអាចត្រឡប់ទៅកាន់ផ្ទះរបស់ពួកគេវិញបានតែប៉ុណ្ណោះ»។
ក្រុមហាម៉ាស់បានវាយប្រហារលើអ៊ីស្រាអែលកាលពីថ្ងៃទី ៧ ខែតុលាឆ្នាំមុន ដោយបានសម្លាប់មនុស្សប្រហែល ១.២០០ នាក់ និងចាប់មនុស្ស ២៥០ នាក់ធ្វើជាចំណាប់ខ្មាំង។ នេះបើយោងតាមការបញ្ជាក់របស់អ៊ីស្រាអែល។
អ៊ីស្រាអែលថា ក្រុមហាម៉ាស់នៅឃុំខ្លួនចំណាប់ខ្មាំងប្រហែល ១០០ នាក់ទៀតនិងសាកសពចំណាប់ខ្មាំងជាង ៣០ នាក់។
អ៊ីស្រាអែលបានធ្វើការវាយប្រហារតបតទៅវិញដោយបញ្ជាក់ថាដើម្បីកម្ទេចក្រុមហាម៉ាស់និងធានាថាក្រុមនេះមិនអាចធ្វើការវាយប្រហារម្ដងទៀតនៅពេលអនាគត។ ក្រសួងសុខាភិបាលតំបន់ហ្កាហ្សាបានបញ្ជាក់ថា ការវាយប្រហាររបស់អ៊ីស្រាអែលនេះបានសម្លាប់ជនជាតិប៉ាឡេស្ទីនយ៉ាងតិច ៣៤.១៨៣ នាក់ ដែលភាគច្រើនគឺជាស្ត្រីនិងកុមារ និងធ្វើឱ្យមនុស្សជាង ៧៧.០០០ នាក់ទៀតរងរបួស។
សហរដ្ឋអាមេរិកបានបញ្ជាក់កាលពីថ្ងៃចន្ទថា ក្រុមហាម៉ាស់មិនបានយល់ព្រមចំពោះ «សំណើដ៏សំខាន់បំផុតមួយដែលដាក់លើតុចរចា» ឱ្យមានការបញ្ឈប់ការប្រយុទ្ធគ្នា ការដោះលែងចំណាប់ខ្មាំងដែលជាប់ឃុំនៅក្នុងតំបន់ហ្កាហ្សា ការដោះលែងអ្នកទោសប៉ាឡេស្ទីនដែលអ៊ីស្រាអែលដាក់ឃុំ និងការបង្កើនជំនួយមនុស្សធម៌ទៅឱ្យជនស៊ីវិលនៅក្នុងតំបន់ហ្កាហ្សានោះទេ៕
ព័ត៌មានខ្លះនៅក្នុងសេចក្ដីរាយការណ៍នេះត្រូវបានដកស្រង់មកពីទីភ្នាក់ងារសារព័ត៌មាន AP ទីភ្នាក់ងារសារព័ត៌មាន AFP និងទីភ្នាក់ងារសារព័ត៌មាន Reuters។