នាយករដ្ឋមន្ត្រីអង់គ្លេសអ្នកស្រី Theresa May នឹងជួបប្រជុំនៅថ្ងៃចន្ទនេះជាមួយនឹងរដ្ឋមន្ត្រី និងមន្ត្រីសន្តិសុខនានា សម្រាប់ការពិភាក្សាជាបន្ទាន់អំពីវិធីដោះស្រាយបញ្ហាដែលប្រទេសអ៊ីរ៉ង់រឹបអូសយកកប៉ាល់ដឹកប្រេងដែលមានដោតទង់ជាតិអង់គ្លេសនៅក្នុងច្រកសមុទ្រ Hormuz។
ក្នុងចំណោមការឆ្លើយតបដែលអង់គ្លេសអាចកំពុងពិចារណានោះគឺក្ដីរំពឹងនៅក្នុងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើប្រទេសអ៊ីរ៉ង់។ រដ្ឋាភិបាលរបស់អ្នកស្រី May គ្រោងនឹងជូនដំណឹងទាន់ហេតុការណ៍ដល់សមាជិករដ្ឋសភាអង់គ្លេសអំពីស្ថានការណ៍នេះនៅល្ងាចថ្ងៃចន្ទនេះ។
នៅក្នុងអាត់សំឡេងអំពីហេតុការណ៍នេះ ដែលបានចេញផ្សាយដោយក្រុមហ៊ុន Dryad Global ដែលជាក្រុមហ៊ុនហានិភ័យសន្តិសុខដែនសមុទ្រ កាលពីថ្ងៃអាទិត្យម្សិលមិញ កប៉ាល់អង់គ្លេសបានព្រមាននាវាយាមល្បាតរបស់អ៊ីរ៉ង់មិនឲ្យរារាំងការធ្វើដំណើររបស់កប៉ាល់ដឹកប្រេង Stena Impero តាមច្រកសមុទ្រ Hormuz។ ភ្លាមៗបន្ទាប់មក ក្រុមកុម្ម៉ង់ដូឆ្មាំបដិវត្តន៍អ៊ីរ៉ង់បានទម្លាក់ខ្លួនពីលើឧទ្ធម្ភាគចក្រ និងបានរឹបអូសកប៉ាល់នេះ។
នៅក្នុងអាត់សំឡេងនោះ គេឭមន្ត្រីទាហានជើងទឹកអង់គ្លេសនិយាយថា កប៉ាល់ដឹកប្រេងនេះធ្វើដំណើរនៅក្នុងដែនទឹកអន្តរជាតិ ដូច្នេះមិនអាចត្រូវបាន «រារាំង» ក្នុងប្រការណាមួយនោះទេ។ ប៉ុន្តែមន្ត្រីអ៊ីរ៉ង់បានប្រាប់កប៉ាល់ដឹកប្រេងនោះឲ្យប្ដូរទិសដៅផ្សេង ដោយនិយាយដូច្នេះថា៖ «បើអ្នកគោរពតាម អ្នកនឹងមានសុវត្ថិភាព។ ប្ដូរទិសដៅរបស់អ្នក ៣៦០ ដឺក្រេភ្លាម!»។
អ៊ីរ៉ង់នៅតែបន្តឃាត់ទុកកប៉ាល់ដឹកប្រេងនេះ និងនាវិកចំនួន ២៣ នាក់ដែលជិះលើកប៉ាល់នោះ ដែលក្នុងនោះមានជនជាតិឥណ្ឌា ១៨ នាក់ ជនជាតិរុស្ស៊ី ៣ នាក់ ជនជាតិឡេតូនីម្នាក់ និងជនជាតិហ្វីលីពីនម្នាក់ ប៉ុន្តែបាននិយាយថា នាវិកទាំងនោះមានសុវត្ថិភាពល្អទេ។
អង់គ្លេសបានហៅការរឹបអូសកប៉ាល់ដឹកប្រេង Stena Impero នេះ ថាជា «ទង្វើប្រឆាំង»៕