អង់គ្លេស៖​ ការធ្លាក់​យន្តហោះ​​រុស្ស៊ី​នៅ​ឧបទ្វីប​ស៊ីណៃ​ប្រហែល​ជា​កើត​ឡើង​ដោយ​សារ​ការ​ដាក់គ្រាប់បែក

មនុស្ស​ជាច្រើន​ដាក់​កម្រង​ផ្កាដល់​អ្នក​ស្លាប់​ពី​ការ​ធ្លាក់​យន្តហោះ​ ​នៅ​សសរ Alexander Column នៃ​ទីលាន Dvortsovaya ក្នុង​ទីក្រុង​ St. Petersburg ប្រទេស​រុស្ស៊ី​ កាល​ពីថ្ងៃទី៤ ខែវិច្ឆកា ឆ្នាំ២០១៥។

ប្រទេស​អង់គ្លេស​បាន​បង្ហើប​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ពុធ​ថា​ ខ្លួន​មាន​ការ​ព្រួយ​កង្វល់​កាន់​តែ​ខ្លាំង​ឡើង​ថា ការ​ធ្លាក់​យន្តហោះ​ដឹក​អ្នក​ដំណើរ​រុស្ស៊ីកាល​ពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន​ដែល​បាន​សម្លាប់​មនុស្ស​ទាំង​អស់​២២៤​នាក់​នៅ​លើ​យន្តហោះ​នោះ​ គឺ​កើត​ឡើង​ដោយ​សារ​ការ​ដាក់​គ្រាប់​បែក។

ពួក​អាជ្ញាធរ​អង់គ្លេស​បាន​បញ្ជូន​ក្រុម​ជំនាញ​ខាង​អាកាសចរណ៍​ទៅ​កាន់​ចំណត​អាកាស​យានដ្ឋាន​នៅ​ឯ​ទីក្រុង ​Sharm El-Sheikh​ ដែល​ជា​ទីក្រុង​លំហែរ​កាយ​នៃ​ប្រទេស​អាហ្ស៊ីប​ ជា​ទី​ដែលជើង​ហោះ​ហើរ​ទៅ​កាន់​ទីក្រុង​ St. Petersburg​ បាន​ចេញ​ដំណើរ។ ពួក​គេ​នឹង​វាយ​តម្លៃ​ពី​សន្តិសុខ​នៅទី​នោះ ​មុន​ពេល​ជើង​ហោះ​ហើរ​ណា​មួយ​របស់​អង់គ្លេស​នឹង​ត្រូវ​អនុញ្ញាត​ឲ្យ​ចាក​ចេញ​ពី​តំបន់​នោះ។

ការិយាល័យ​នាយក​រដ្ឋមន្រ្តី ​David Cameron ​បាន​ប្រាប់​ឲ្យដឹង​នៅ​ក្នុង​សេចក្តី​ថ្លែង ការណ៍​ថា៖ «​ខណៈ​ដែលការ​ស៊ើប​អង្កេត​នៅ​កំពុង​បន្ត​ធ្វើ​ឡើង​នៅ​ឡើយ ​យើង​មិន​អាច​ដឹង​ពី​មូលហេតុ​ដែល​បាន​ធ្វើ​ឲ្យ​យន្តហោះរុស្ស៊ី​ធ្លាក់​នោះ​ទេ។ ក៏ប៉ុន្តែ ​នៅ​ពេល​ដែល​ព័ត៌មានជា​ច្រើន​បាន​លេច​ឡើង ​យើង​មា​ន​ការ​ព្រួយ​បារម្ភ​ថា យន្តហោះ​នោះ ​អាច​ត្រូវ​បាន​ទម្លាក់​ដោយ​គ្រឿង​ផ្ទុះ‍»។

នៅ​ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីនតោន ​លោក​ Josh Earnest​ អ្នក​នាំ​ពាក្យ​សេតវិមាន​ ​បាន​មាន​ប្រសាសន៍​ថា ​គ្មាន​យន្តហោះ​អាកាសចរណ៍​សហរដ្ឋ​អាមេរិកណា ​បាន​ហោះ​ចេញ​ពី​ឧបទ្វីប​ស៊ីណៃ​ទេ។ ​ក៏ប៉ុន្តែ ​លោក​បាន​កត់​សម្គាល់​ថា ​ទី​ភ្នាក់ងារ​សុវត្ថិភាព​អាកាសចរណ៍​របស់​អាមេរិក​ ​បាន​ព្រមានអស់​រយៈ​ពេល​ជា​ច្រើន​ខែហើយ​ថា ​«អាកាសចរណ៍​ទាំង​នោះ​មាន​ភាព​គ្រោះ​ថ្នាក់​យ៉ាង​ខ្លាំងដោយសារ​សកម្មភាព​ជ្រុលនិយម ​ប្រសិនបើ​អាកាសចរណ៍​ទាំងនោះ​ហោះ​លើ​ឧបទ្វីប​ស៊ី​ណៃ​នោះ‍»។

នៅ​ខណៈ​នេះ​ដែរ ​ក្រុមរដ្ឋ​ឥស្លាម​បាន​បន្ត​ការ​អះអាង​របស់​ខ្លួន​ថា ​ខ្លួន​បាន​បាញ់​ទម្លាក់​យន្តហោះ ​Metrojet A321​ នោះ៕