ចក្រភព​អង់គ្លេស អនុញ្ញាត​ឲ្យ​ពលរដ្ឋ​ហុងកុង​សុំ​សិទ្ធិ​រស់នៅ​បាន

រូបឯកសារ៖ សមាជិក​នៃ​គ្រួសារ​មួយ​ដែល​កំពុង​ធ្វើ​ចំណាកស្រុក​ទៅ​ស្កុតលែនដ៍ លើក​ដៃ​គ្រវី​លា​អ្នក​ដែល​បាន​មក​ជូនដំណើរ​ខ្លួន នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ហុងកុង កាលពី​ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០។

ពលរដ្ឋ​ហុងកុង​រាប់​លាន​នាក់​ដែល​មាន​បំណង​ចាកចេញ​ពី​ទីក្រុង​ហុងកុង​នៅ​ពេល​ដែល​ប្រទេស​ចិន​អនុវត្ត​ច្បាប់​សន្តិសុខ​ជាតិ​ថ្មី ឥឡូវ​នេះ​អាច​ដាក់​ពាក្យ​សុំ​សិទ្ធិ​រស់នៅ​និង​ធ្វើការ​នៅ​ក្នុង​ចក្រភព​អង់គ្លេស​បាន។

ចក្រភព​អង់គ្លេស​ បាន​ចាប់ផ្តើម​ទទួល​ពាក្យ​សុំ​កាលពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ​ពី​ពលរដ្ឋ​ហុងកុង​ដែល​ចង់​តាំង​ទី​លំនៅ​ថ្មី និង​ធ្វើ​ដំណើរ​ដោយ​ប្រើ​លិខិត​ឆ្លងដែន​សម្រាប់​ជនជាតិ​អង់គ្លេស​នៅ​បរទេស (BNO)។

គោល​នយោបាយ​នេះ​ផ្តល់​ឲ្យ​ពលរដ្ឋ​ហុងកុង​នូវ​លទ្ធភាព​ដើម្បី​ផ្លាស់ទី​ទៅកាន់​ចក្រភព​អង់គ្លេស ដោយ​មាន​ឱកាស​ចូល​សញ្ជាតិ​អង់គ្លេស​បាន​បន្ទាប់ពី​រស់នៅ​ទី​នោះ​បាន ៥ ឆ្នាំ។

អ្នកស្រី Priti Patel រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ចក្រភព​អង់គ្លេស បាន​សរសេរ​នៅ​លើ Twitter ថា៖ «ទិដ្ឋាការ BNO សម្រាប់​ពលរដ្ឋ​ហុងកុង ឥឡូវ​នេះ​បើក​សម្រាប់​ការ​ដាក់​ពាក្យ​សុំ។ ពលរដ្ឋ BNO មាន​ជម្រើស​រស់នៅ ធ្វើការ និង​សិក្សា​នៅ​ក្នុង​ចក្រភព​អង់គ្លេស ដោយ​មាន​សេរីភាព​អាច​កសាង​ជីវិត​ថ្មី​បាន។ នេះ​ជា​ថ្ងៃ​ប្រកប​ដោយ​មោទនភាព​មួយ​នៃ​ទំនាក់ទំនង​ជា​ប្រវត្តិសាស្ត្រ​ដ៏​រឹងមាំ​របស់​យើង នៅ​ពេល​ដែល​យើង​គោរព​តាម​ការ​សន្យា​របស់​យើង​ចំពោះ​ប្រជាពលរដ្ឋ​ហុងកុង»។

រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​មាន​ប្រតិកម្ម​ភ្លាមៗ បន្ទាប់ពី​រដ្ឋាភិបាល​ចក្រភព​អង់គ្លេស​បាន​ចេញ​ផ្សាយ​នូវ​ព័ត៌មាន​លម្អិត​អំពី​ដំណើរការ​ដាក់​ពាក្យ​សុំ​កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន។

លោក Zhao Lijian អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​ចិន បាន​បញ្ជាក់​នៅ​ក្នុង​សន្និសីទ​កាសែត​ក្នុង​ទីក្រុង​ប៉េកាំង​ថា៖ «រដ្ឋាភិបាល​ចិន​នឹង​លែង​ទទួល​ស្គាល់​លិខិត​ឆ្លងដែន BNO ជា​ឯកសារ​ធ្វើ​ដំណើរ​ដែល​មាន​សុពលភាព ឬ​ជា​អត្តសញ្ញាណប័ណ្ណ​ទៀត​ហើយ ហើយ​យើង​រក្សា​សិទ្ធិ​ចាត់​វិធានការ​បន្ត​ទៀត»៕