កិច្ចចរចាជាផ្លូវការមិនទាន់ចាប់ផ្តើមធ្វើនៅឡើយទេអំពីទំនាក់ទំនងក្នុងពេលអនាគតរវាងចក្រភពអង់គ្លេសនិងសហភាពអឺរ៉ុប ក៏ប៉ុន្តែមានកំណើនភាពតានតឹងរួចស្រេចហើយនៅក្រោយការចាកចេញជាផ្លូវការរបស់អង់គ្លេសពីប្លុកនេះកាលពីថ្ងៃសុក្រ ទី៣១ ខែមករា។
សហភាពអឺរ៉ុបនិយាយថា អង់គ្លេសនឹងត្រូវធ្វើតាមស្តង់ដាររបស់សហភាពអឺរ៉ុបដើម្បីឱ្យមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ក៏ប៉ុន្តែរដ្ឋាភិបាលក្រុងឡុងដ៍និយាយទទូចថាខ្លួននឹងមិនធ្វើដូច្នេះទេ។ កិច្ចចរចាជាផ្លូវការនឹងមានធ្វើយ៉ាងហោចណាស់មួយខែទៀត ដោយបន្សល់ទុកពេលវេលាមានតម្លៃបន្តិចបន្តួចដើម្បីធ្វើការចរចាគ្នាឱ្យមានកិច្ចព្រមព្រៀងថ្មីមួយ។
នៅពេលថ្ងៃស្រឡះល្អគេអាចមើលឃើញច្រាំងថ្មចោតពណ៌សនៅ Dover ពីប្រទេសបារាំង។ ភូមិសាស្ត្រគ្មានការផ្លាស់ប្តូរទេ។ ក៏ប៉ុន្តែក្នុងន័យជាច្រើន ចម្ងាយរវាងប្រទេសអង់គ្លេសនិងប្រទេសជិតខាងខ្លួនក្នុងទ្វីបអឺរ៉ុបដីគោកមានភាពធំជាងមុនកាលពីយប់ថ្ងៃសុក្រ ទី៣១ ខែមករា។ នៅពេលនេះចក្រភពអង់គ្លេសចាកចេញពីសហភាពអឺរ៉ុបហើយ ក៏ប៉ុន្តែនៅក្រោយភាពច្របូកច្របល់ខាងនយោបាយបីឆ្នាំកន្លះមកនោះ ជនជាតិអង់គ្លេសច្រើននាក់ហាក់ដូចជាមានការនឿយហត់នឹង Brexit។
អ្នកស្រី Lindsey Wheeler ដែលជាបុគ្គលិកធនាគារនិយាយថា៖ «ខ្ញុំមិននិយាយកុហកទេ ខ្ញុំមិនចង់ឱ្យអង់គ្លេសចាកចេញទេ។ ខ្ញុំបានបោះឆ្នោតឱ្យអង់គ្លេសឋិតនៅក្នុងសហភាពអឺរ៉ុបតទៅទៀត ក៏ប៉ុន្តែយើងនៅតែត្រូវចេញដដែល។ ហើយខ្ញុំសង្ឃឹមថានឹងគ្មានមហន្តរាយទេ។»
រូបនាឡិការាប់បញ្ច្រាសអំពី Brexit បានត្រូវបញ្ចាំងទៅលើថ្មច្រាំងចោតពណ៌សនៅ Dover កាលពីយប់ថ្ងៃសុក្រនិងទៅលើនិវាសដ្ឋានលោកនាយករដ្ឋមន្ត្រី Boris Johson នៅអាគារលេខ១០ ផ្លូវ Downing ផងដែរ។ ក្រុមអ្នកគាំទ្រ Brexit បានអបអរសាទរនៅកណ្តាលក្រុងឡុងដ៍។ លោក Nigel Farage ដែលជាមេដឹកនាំគណបក្ស Brexit និយាយថា៖ «យើងគួរអបអរសាទរការពិតជាក់ស្តែងដែលបានត្រូវធ្វើឱ្យមានសេរីភាពពីការបង្ខិតបង្ខំរបស់សហភាពអឺរ៉ុប។ ជាថ្មីម្តងទៀតយើងនឹងអាចរកឃើញឋានៈរបស់យើងនៅក្នុងពិភពលោក»។
ការស្វែងរកឋានៈនេះមិនមែនជាការងាយស្រួលទេ។ នៅពេលនេះចក្រភពអង់គ្លេសកំពុងឋិតក្នុងអន្តរកាល ហើយប្រទេសនេះបានទុកពេលឱ្យខ្លួនឯងតែ១១ខែប៉ុណ្ណោះដើម្បីធ្វើការចរចាអំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីមួយជាមួយសហភាពអឺរ៉ុប។ការណ៍នេះនឹងកើតមានឡើងនៅដំណាច់ខែធ្នូ នៅពេលដែលអ្វីដែលហៅថាកំហឹងថ្មីអំពី Brexit នឹងកើតមានបាន។
លោក Charlie Ries ដែលជាអនុប្រធានខាងកិច្ចការអន្តរជាតិនៃសាជីវកម្ម RAND និយាយថា៖ «មនុស្សច្រើននាក់មានជំនឿថាមានការជជែកដេញដោលគ្នាបីឆ្នាំកន្លះអំពី Brexit គឺអំពី Brexit បែបណាដែលពួកគេនឹងមាន និងអំពីគួរមានឬមិនគួរមាន Brexit និងអំពីការធ្វើឱ្យសម្រេច Brexit។ គេមិនទាន់បានធ្វើ Brexit ទេ។ ជាការពិតជាក់ស្តែង ទំហំពិតប្រាកដនៃទំនាក់ទំនងថ្មីរវាងចក្រភពអង់គ្លេសនិងសហភាពអឺរ៉ុបទើបតែចាប់ផ្តើម»។
ការបញ្ជាក់ដំបូងៗលើកឡើងថាអឺរ៉ុបនឹងទាមទារឱ្យមានការចូលទៅនេសាទត្រីក្នុងដែនទឹកនៃប្រទេសអង់គ្លេសនិងការធានារ៉ាប់រងថាចក្រភពអង់គ្លេសមិនបន្ថយស្តង់ដារខាងពលកម្មនិងខាងបរិស្ថានរបស់សហភាពអឺរ៉ុបជាថ្នូរនឹងការចូលទៅក្នុងផ្សារតែមួយនៃសហភាពអឺរ៉ុប។ ចក្រភពអង់គ្លេសបានបដិសេធការសម្របតាមយ៉ាងជិតស្និទ្ធបែបនេះ។
លោក Dominic Raad ដែលជារដ្ឋមន្ត្រីការបរទេសអង់គ្លេសបានថ្លែងថា៖ «យើងនឹងមិនមានការសម្របតាមដោយកម្រិតខ្ពស់ជាមួយសហភាពអឺរ៉ុបទេ គឺការសម្របតាមខាងនីតិបញ្ញត្តិជាមួយបទបញ្ញត្តិរបស់ពួកគេ។ ក៏ប៉ុន្តែយើងចង់ធ្វើកិច្ចសហប្រតិបត្តិការ ហើយយើងរំពឹងថាសហភាពអឺរ៉ុបនឹងធ្វើតាមការប្តេជ្ញារបស់ពួកគេដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីមួយបែបកាណាដា»។
ក៏ប៉ុន្តែនយោបាយតឹងតែងនេះនឹងធ្វើឱ្យចក្រភពអង់គ្លេសមានភាពតានតឹងខ្លាំងឡើងៗជាមួយ Scotland ដែលទាមទារឱ្យមានការបោះឆ្នោតអំពីឯករាជ្យដើម្បីឱ្យខ្លួនអាចខិតខំព្យាយាមចូលរួមជាថ្មីក្នុងសហភាពអឺរ៉ុប។
ហើយនៅទូទាំងចក្រភពអង់គ្លេស ការបែកបាក់គ្នាអំពី Brexit នឹងមិនអាចត្រូវផ្សះផ្សាបានដោយងាយទេ។
ច្រាំងថ្មចោតពណ៌សនៅ Dover បានក្លាយទៅជាកន្លែងដែលសារលម្អៀងនិងសារប្រឆាំងនឹងសហភាពអឺរ៉ុបបានត្រូវបញ្ចាំងឆ្ពោះទៅកាន់ទ្វីបអឺរ៉ុបដីគោក។មានភាពតានតឹងខ្លាំងឡើងៗជាមួយអ្វីដែលទំនងជាឆ្នាំច្របូកច្របល់មួយនៅពេលខាងមុខនេះ៕
ប្រែសម្រួលលោក ឈឹម សុមេធ