ជនជាតិប្រេស៊ីល​បោះឆ្នោត​ជ្រើសរើសប្រធានាធិបតី​នៅថ្ងៃអាទិត្យនេះ

ប្រជាជន​ប្រេស៊ីល​ជន​ក្នុង​ជួរ​នៅ​ខាងក្រៅ​ការិយាល័យ​បោះឆ្នោត​ជ្រើស​រើស​ប្រធានាធិបី​ក្នុង​ទីក្រុង​ Rio de Janeiro កាល​ពី​ថ្ងៃទី​០៧ ខែ តុលា ឆ្នាំ ២០១៨។

ការបោះឆ្នោត​នៅប្រទេស​ដែល​មានសេដ្ឋកិច្ច​ដ៏ធំ​ជាងគេបំផុត​នៅ​តំបន់​អាមេរិកឡាទីន​កើត​មាន ឡើង​ក្រោយ​ពី​មាន​ការ​បើក​កកាយរឿងរ៉ាវ​អាស្រូវ​នៃ​អំពើ​ពុករលួយ​នយោបាយ​ដ៏ធំ​នៅ​ប្រទេស​ប្រេស៊ីលហើយ​នេះ​គឺជា​រឿងរ៉ាវ​ពុករលួយ​ដ៏ធំ​ជាងគេ​បំផុត​នៅ​ក្នុង​ប្រវត្តិសាស្រ្ត​នៃ​តំបន់​អាមេរិក​ឡាទីន។​

លោក ​Jair Bolosonaro ​គឺជា​បេក្ខជន​នាំមុខគេ​ដែលគេ​មិន​នឹកស្មាន​ដល់​នៅ​ក្នុង​ការបោះឆ្នោត​នេះ។ លោក​គឺជា​អតីត​អនុសេនីយ៍ឯក​កងទ័ព​ដែល​ប្រកាន់​និន្នាការ​ស្តាំ​និយម​ហើយ​លោក​បាន​សរសើរ​មេដឹកនាំផ្តាច់ការ​យោធា​ក្នុង​ពេល​អតីត​កាល​របស់ប្រទេស​នេះ។ លោក​បាន​និយាយ​មើលងាយ​ស្ត្រី​និង​មនុស្ស​ស្រឡាញ់ភេទ​ដូច​គ្នា​ក៏ដូច​ជា​ពលរដ្ឋ​ស្បែកខ្មៅ​និង​ជនជាតិ​ដើម​នៅ​ក្នុង​ប្រទេស។ ទស្សនៈ​របស់​គាត់​នាំ​ឱ្យ​គាត់​ទទួល​បាន​រហស្ស​នាម​ថា«លោកត្រាំ​នៅ​តំបន់​ត្រូពិច‍»​ ដែល​នេះ​ជាការ​ហៅ​សំដៅ​លើ​លោក​ប្រធានាធិបតីដូណាល់ ត្រាំនៃ​សហរដ្ឋ​អាមេរិក។ លោក​ក៏​បាន​សន្យា​ថា​នឹង​បង្ក្រាប​បទ​ឧក្រិដ្ឋ​នានាដោយ​បន្ធូរបន្ថយ​ការគ្រប់គ្រង​លើ​កម្លាំង​ប៉ូលិស​ដែលមាន​ប្រវត្តិ​ល្បី​ខាង​សម្លាប់​មនុស្ស​។

គូប្រជែង​ដ៏ប្រកៀកប្រកិត​របស់​លោក​គឺ​លោក ​Fernando Haddad អតីត​ចៅហ្វាយក្រុង​Sao Paulo ។ លោក​ឈរឈ្មោះ​ជំនួស​ឱ្យ​លោក​Luiz Inacio Lula da Silva អតីត​ប្រធានាធិបតី​ដែល​កំពុង​ជាប់​ក្នុង​ពន្ធនាគារ​និង​ជា​ស្ថាបនិក​គណបក្ស​ពលករ។

លោក​ Haddad ​ធ្លាប់ជា​ដៃគូ​របស់​លោក​Silva ​ប៉ុន្តែ​បាន​ជំនួស​លោក​វិញ​ដោយសារ​អតីត​ប្រធានាធិបតី​រូបនេះ​បាន​បោះបង់​ចោល​ការប្តឹងតវ៉ា​ទៅ​សាលាឧទ្ធរណ៍​ប្រឆាំ​ង​នឹង​សាលដីកា​សម្រេចហាមឃាត់​លោក​មិន​ឱ្យ​ឈរឈ្មោះ។ លោក​ Da Silva កំពុង​ជាប់​ពន្ធនាគារ​រយៈពេល​១២​ឆ្នាំ​ពីបទ​ប្រព្រឹត្ត​អំពើ​ពុករលួយ។

លោក​ស្រី​ Monica de Bolle នាយក​ផ្នែក​ការសិក្សា​ស្រាវជ្រាវ​តំបន់​អាមេរិក​ឡាទីន​នៃ​សាកល​វិទ្យាល័យ​Johns Hopkins ​បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន​AP ​ថា​«នេះ​គឺជា​ការបោះឆ្នោត​ដ៏​ចម្លែក​បំផុត​ដែលខ្ញុំ​មិន​ធ្លាប់​ឃើញ។ វា​ឈាន​មកដល់​ដំណាក់កាល​ដែល​មាន​បេក្ខជនដ៏ខ្សោយ​ពីរនាក់​ប្រកួត​ប្រជែង​គ្នា‍»៕