ក្នុងកិច្ចសម្ភាសន៍នៅផ្ទះរបស់លោក នៅក្រុងប៉ារីស កាលពីថ្ងៃព្រហស្បតិ៍ លោក សម រង្ស៊ី អតីតមេដឹកនាំគណបក្សសង្គ្រោះជាតិ បាននិយាយប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា ប្រជាជនកម្ពុជាត្រូវតែធ្វើពហិការការបោះឆ្នោត«ក្លែងក្លាយ»ថ្ងៃ២៩កក្កដាដើម្បីប្រាប់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែនថា លោកដល់ទីបញ្ចប់ហើយ ហើយមហាអំណាចលោកខាងលិចចាំបាច់ត្រូវដាក់សម្ពាធលើរូបលោក។
បន្ទាប់ពីការបោះឆ្នោតនៅឆ្នាំ២០១៣ និងឆ្នាំ២០១៧ ដែលគណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះជាតិមានសំឡេងគាំទ្រប្រហាក់ប្រហែលគ្នានោះ លោក ហ៊ុន សែន ចាប់ផ្តើមបង្ក្រាបក្រុមអ្នករិះគន់របស់លោក ដែលជំរុញឱ្យក្រុមសិទិ្ធមនុស្សជាច្រើន និងគណបក្សប្រឆាំងលើកឡើងថា ការបោះឆ្នោតនៅចុងខែនេះមិនសេរី និងមិនយុត្តិធម៌ទេ។
លោក ហ៊ុន សែន ដែលបានគ្រប់គ្រងប្រទេសអស់រយៈពេល៣៣ឆ្នាំ ត្រូវគេរំពឹងទុកជាទូទៅថា នឹងឈ្នះការបោះឆ្នោតនេះ បន្ទាប់ពីតុលាការកំពូលបានរំលាយគណបក្សសង្គ្រោះជាតិកាលពីឆ្នាំមុន និងបានចាប់លោក កឹម សុខា ប្រធានគណបក្សនេះដាក់ពន្ធនាគារពីបទក្បត់ជាតិ ជាការចោទប្រកាន់ដែលសហគមន៍ប្រជាធិបតេយ្យនិយាយថា ជាល្បិចកលកម្ចាត់គូប្រកួតពិតប្រាកដ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងគណបក្សតូចៗកំពុងធ្វើយុទ្ធនាការសម្រាប់ការបោះឆ្នោតដែលនឹងចាប់ផ្តើមក្នុងពេល៩ថ្ងៃទៀត។ បណ្តាប្រទេសលោកខាងលិចនិងអង្គការសហប្រជាជាតិបានសម្តែងការព្រួយបារម្ភថា ការបោះឆ្នោតអាចនឹងមិនមានសេរីភាព ឬយុត្តិធម៌។ សហភាពអឺរ៉ុបនិងសហរដ្ឋអាមេរិកបានគំរាមដាក់ទណ្ឌកម្មសេដ្ឋកិច្ចនិងទណ្ឌកម្មផ្សេងទៀតប្រឆាំងរបបលោក ហ៊ុនសែន៕