អគ្គលេខាធិការដ្ឋានអង្គការសហប្រជាជាតិបានបញ្ចប់ការកាត់ទោសអតីតមេដឹកនាំបូស្ន៊ី Serb គឺលោក Radovan Karadzic កាលពីថ្ងៃព្រហស្បតិ៍ ដែលនេះជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តមួយសម្រាប់ប្រជាជននៅក្នុងតំបន់ក៏ដូចជាសម្រាប់ចៅក្រមព្រហ្មទណ្ឌអន្តរជាតិទាំងអស់ផងដែរ។
លោកបានមានប្រសាសន៍ថា ការកាត់ក្តីនេះបង្ហាញជាថ្មីម្តងទៀតថា គ្មាននរណាអាចគេចផុតពីសេចក្តីសម្រេចជារួមរបស់សហគមន៍អន្តរជាតិបានទេ ដើម្បីធានាថា ពួកគេប្រឈមមុខចំពោះមុខច្បាប់។
អង្គជំនុំជម្រះឧក្រិដ្ឋកម្មអន្តរជាតិរបស់អង្គការសហប្រជាជាតិសម្រាប់អតីតយូហ្គោស្លាវី បានកាត់ទោសលោក Karadzic ពីបទប្រល័យពូជសាសន៍ និងបទល្មើសចំនួន៩ផ្សេងទៀត និងបានកាត់ទោសឲ្យលោកជាប់ពន្ធនាគារចំនួន៤០ឆ្នាំ។
តុលាការបានរកឃើញថា លោក Karadzic វ័យ៧០ឆ្នាំមានកំហុសដោយបានប្រព្រឹត្តអំពើសាហាវយង់ឃ្នងក្នុងសង្រ្គាមនៅប្រទេសបូស្ន៊ីចាប់ពីឆ្នាំ១៩៩២ដល់ឆ្នាំ១៩៩៥ ដែលបានបណ្តាលឲ្យមនុស្សចំនួន១សែននាក់ស្លាប់។
អង្គជំនុំជម្រះឧក្រិដ្ឋកម្មអន្តរជាតិរបស់អង្គការសហប្រជាជាតិបានឲ្យដឹងថា លោកKaradzic ជាអ្នកទទួលខុសត្រូវលើការប្រល័យពូជសាសន៍កាលពីឆ្នាំ១៩៩៥ ដែលមានការសម្លាប់រង្គាលនៅក្នុងក្រុង Srebrenica ដែលកងកម្លាំង Serb បានសម្លាប់បុរស និងក្មេងប្រុសកាន់សាសនាឥស្លាមចំនួន៨ពាន់នាក់ ដែលនេះជាអំពើឃោរឃៅជាងគេបំផុតដែលធ្លាប់កើតមាននៅអឺរ៉ុបចាប់តាំងពីមានការប្រល័យពូជសាសន៍លើជនជាតិជ្វីបមក៕