ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព្រះរាជ​អាជ្ញា​អន្តរជាតិ​ថា​រឿងក្តី​បន្ថែម​ត្រូវ​តែ​មាន​


លោក អានឌ្រូ ខាលី ​សហព្រះរាជអាជ្ញា​សាលាក្តី​កាត់ទោស​មេដឹកនាំ​ខ្មែរក្រហម​
លោក អានឌ្រូ ខាលី ​សហព្រះរាជអាជ្ញា​សាលាក្តី​កាត់ទោស​មេដឹកនាំ​ខ្មែរក្រហម​

ទោះជា​សំណុំ​រឿង​បន្ថែម​០០៣ និង​០០៤​ កំពុង​មាន​ភាពចម្រូង​ចម្រាស់​ក្តី លោក អានឌ្រូ ខាលី ​សហព្រះរាជអាជ្ញា​សាលាក្តី​កាត់ទោស​មេដឹកនាំ​ខ្មែរក្រហម​បាន​អះអាងថា សហ​ចៅក្រម​ស៊ើបអង្កេត​មានភារកិច្ច​បន្ត​នីតិវិធី​តាម​ច្បាប់​ជា​ចាំបាច់​ដើម្បីស៊ើបអង្កេត​រឿង​ក្តី​ទាំង​ពីរ​នេះ។

លោក អាន ឌ្រូ ខាលី​ថ្លែងប្រាប់​វីអូអេ​តាមរយៈ​អ៊ីម៉េល​ថា​៖

«សហចៅក្រម​ស៊ើបអង្កេត​មិនអាច​បដិសេធ ឬ​ទាត់ចោលការ​ចោទប្រកាន់​បាន​ទេ លើកលែង​តែ​ពុំមាន​បទឧក្រិដ្ឋ​ត្រូវ​បាន​ប្រព្រឹត្ត។ ជនដៃ​ដល់​មិនទាន់​ត្រូវ​បាន​បង្ហាញ​អត្តសញ្ញាណ​ ឬ​ទី​កន្លែង​ ភស្តុតាង​គ្រប់​គ្រាន់​ក៏​ទេ​ដែរ»។

សំណុំរឿង​០០៣និង០០៤ ​ដែល​រដ្ឋាភិបាល​កម្ពុជា​មិន​ចង់​ឲ្យ​កើត​មាន​នោះ​បាន ក្លាយ​ជា​រឿង​ប្រទាញប្រទង់​គ្នា​ជាថ្មី​ទៀត​រវាង​សហ​ចៅក្រម​ស៊ើបអង្កេត​ជាតិ និង អន្តរជាតិ​ក្រោយ​ពី​សហព្រះរាជអាជ្ញា​ដាក់ជូន​ដីការបញ្ជូន​រឿង​ស៊ើប​សួរ​ទៅ​កាន់​ សហ​ចៅក្រម​ស៊ើប​អង្កេត​កាល​ពី​ឆ្នាំ​២០០៨ តែ​មិន​ត្រូវ​បាន​បំពេញ​គ្រប់​លក្ខណៈ​នៃ​ការ​ស៊ើប​អង្កេត។ សហចៅក្រម​ស៊ើបអង្កេត​អន្តរជាតិ ​ឡរ៉ិន កាស្ព័រ អាសឺម៉េត (Laurent Kasper Ansermet) ដែល​លោក​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ បាន គី មូន (Ban Ki-Moon) តែងតាំង​ជំនួស​លោក​ ស៊ីហ្គហ្វ៊ិក ប៊្លុង្គ (Siegefried Blunk) ដែលបាន​លាលែង​កាល​ពី​ខែ​តុលា​ឆ្នាំ​ទៅ​នោះ មិន​ត្រូវ​រដ្ឋាភិបាល​កម្ពុជា​តែង​តាំង​តាម​ច្បាប់​ភ្លាមៗ​ដូច​ពេល​មុន​ទេ។ លោក​ត្រូវ​បាន​សហ​ភាគី​របស់​លោក គឺ​លោក​ យូ ប៊ុនឡេង បន្ទោស​ក្នុងសេចក្តី​ប្រកាស​ព័ត៌មាន​កាលពី​ពេលថ្មីៗនេះ​ថា​ គ្មាន​និតិ​សម្បាទា​គ្រប់​គ្រាន់ ឬ​មិន​ទាន់​មានលក្ខណ​ជាចៅក្រម​ពេញ​លេញ​ នៅ​ពេល​លោក​ចេញសេចក្តី​ប្រកាស​ព័ត៌មាន​សុំឲ្យ​សហចៅក្រម​ជាតិ​ផ្តល់​ព័ត៌មាន​ឲ្យ​បាន​គ្រប់​គ្រាន់​អំពី​ដំណើរ​ការវិវត្តន៍​នៃ​សំណុំ​រឿង​០០៣ និង​០០៤។

លោក​ សហព្រះរាជអាជ្ញា​ អាន់ឌ្រូ ខាលី ​ថ្លែងថាទៀតថា៖​

«តុលាការនឹង​នៅតែមានការ​ជឿជាក់​ប្រសិនបើ​គ្រប់ភាគី​ពាក់ព័ន្ធ​អនុវត្ត​ច្បាប់ និង​និតិវិធី។ បើ​ដំណើរការ​ត្រូវ​បាន​បង្អាក់​ដើម្បី​បញ្ចប់​ដោយ​របៀប​ផ្សេង​នោះ​ វា​នឹង​ប៉ះពាល់​ជា​អវិជ្ជាមាន​ដល់​កេរ​ដំណែល​របស់តុលាការ»។

អ្នក​សង្កេតការណ៍ និង​អ្នកវិភាគ​ខ្លះ​និយាយ​ថា ​សំណុំរឿង​បន្ថែម០០៣និង​០០៤ នៅ​មាន​ឧបសគ្គ​បន្ថែម​ទៀត​ដែល​ពិបាក​នឹងដំណើរការ​ទៅ​មុខ​បាន​ហើយ អាច នឹង​ត្រូវ​បាន​ទាត់ចោល​ដោយ​ភាគី​កម្ពុជា​នៅពេល​ដែល​សហ​ចៅក្រម​ស៊ើប អង្កេត​បម្រុងរបស់អង្គការ​សហប្រជាជាតិ​មិន​ត្រូវ​បាន​តែងតាំង​ឲ្យ​ពេញ​សិទ្ធិ។

ឧបសគ្គ​ទាំងនោះ​អាច​បណ្តាល​ឲ្យអង្គ​បុរេ​ជំនុំ​ជម្រះ​ច្រានចោល​បណ្តឹង​លើ ភាព​ខ្វែង​គំនិត​គ្នា​ទាំងឡាយ​របស់លោក​សហ​ចៅក្រម​ស៊ើបអង្កេត​កម្ពុជា 0និង សហ​ចៅក្រម​ស៊ើបអង្កេត​បម្រុង​របស់​អង្គការ​សហប្រជាជាតិដោយ​ឈរ​លើ​ហេតុ​ផល​ថា​សហ​ចៅក្រម​ស៊ើប​អង្កេត​បម្រុង​របស់អង្គការ​សហប្រជាជាតិ​មិន​មាន​លក្ខណៈសម្បត្តិ​ពេញលេញ​ជាចៅក្រម។ បញ្ហា​មួយ​ទៀត​អាច​ធ្វើ​ឲ្យ​សហ​ចៅក្រម​ស៊ើបអង្កេត​កម្ពុជា​មិន​អាច​ចេញ​ដីកា​នាំ​ខ្លួន​ជនសង្ស័យ ​ឬ​អនុវត្ត​នីតិវិធី​តុលាការ​រួមគ្នា​ក្នុង​សំណុំ​រឿង​បន្ថែម​បាន​ជាមួយនឹង​សហ​ចៅក្រម​បម្រុង​បាន​ទេ។ បញ្ហានេះ​គេ​គិត​ថា អាច​នឹង​មាន​ការ​ច្រានចោល​បទ​ចោទ​របស់​សហ​ព្រះរាជ​អាជ្ញា​ផង​ដែរ​ទាក់ទង​នឹង​សំណុំ​រឿង​បន្ថែម​នេះ។ តែ​អ្នកវិភាគ និង​អ្នក​សង្កេតការណ៍​ខ្លះ​និយាយ​ថា​បញ្ហានេះ​អាចត្រូវ​បាន​ដោះស្រាយ ទាល់តែ​អង្គការ​សហ​ប្រជាជាតិ​ប្តូរ​ចៅក្រម។ មន្ត្រីអង្គការ​សហប្រជាជាតិ​បាន​ប្រកាស​ហើយ​ថា​អង្គការ​សហប្រជាជាតិមិន​ប្តូរ​ចៅ​ក្រមថ្មី​ទេ ក្រៅ​ពី​បញ្ជាក់​ថា​លោក​ចៅ​ក្រម​ កាស្ព័រ អាសឺមិត មានសិទ្ធិគ្រប់​គ្រាន់​ក្នុង​ការ​ស៊ើបអង្កេត​សំណុំរឿង​បន្ថែម០០៣ ​និង​០០៤។

អ្នកស្រី ​អាន ហេដេល​ អ្នកជំនាញ​ផ្នែកច្បាប់​នៃមជ្ឈមណ្ឌល​ឯកសាកម្ពុជា​បាន អះអាង​ថា​លោកស្រី​កំពុង​រង់ចាំ​មើល​ដំណើរការ​វិវត្តន៍​ទៅ​មុខ​របស់​សាលាក្តី។​ លោកស្រីបន្ថែម​ថា​សំណុំរឿង​០០៣​ ត្រូវ​បិទ​ ហើយ​បទ​ចោទ​ត្រូវ​បាន​បដិសេធ​តែ​សំណុំរឿង​០០៤ ​នៅបើកចំហរ។

«សំណួរ​គឺ​ថា តាម​ច្បាប់ ទោះបី​ជា​សហចៅក្រម​ស៊ើបអង្កេត​ចង់​ចាប់​ផ្តើម​ការ​ស៊ើប​អង្កេត​ឡើង​វិញ​ក៏​ដោយ ក៏​វិធាន​ច្បាប់​មាន​លក្ខណៈ​ទន់ខ្សោយ​ក្នុងរឿង​នេះ»។

អ្នក​សង្កេត​ការណ៍​ផ្សេង​ទៀត​អះអាង​ក្នុងលក្ខខណ្ឌ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ​ថា គេ​ពិបាក​នឹង​ស្វែងរក​ការ​សហការ​នៅ​ដំណាក់កាល​នាំ​ខ្លួន​ ចាប់​ខ្លួន​ជន​សង្ស័យ​ដើម្បី​ស៊ើប​អង្កេត​បន្ត​នៅ​ពេល​ប្រទេស​សាម៉ី​មិន​យល់ព្រម។

លោក​ ភីធ័រ ម៉ាហ្គៃអឺ (Peter Maguire) សាស្ត្រចារ្យ​អាមេរិក​ម្នាក់ និង​ជា​អ្នក​និពន្ធ​សៀវភៅ​ខ្មែរក្រហម​ Facing Death ​in Cambodia ​បាន​ថ្លែង​ថា​សាលាក្តី​កាត់​ទោស​ខ្មែរ​ក្រហម ​ជា​សាលាក្តី​ធ្វើ​តាម​នយោបាយ​មិនមែន​ធ្វើ​តាម​ច្បាប់​ទេ។

«ជា​ច្រើន​ឆ្នាំ​ហើយ​ដែល​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​បានបញ្ជាក់​យ៉ាងច្បាស់​ជា​ឧឡារិកថា​ សំណុំ​រឿង​០០២​ប្រឆាំង​នឹង​មេដឹកនាំ​ជាន់ខ្ពស់​ខ្មែរ​ក្រហម ជា​សំណុំ​រឿង​ចុង​ក្រោយ​ តែយ៉ាងណា​ក៏ដោយ ​អង្គការ​សហប្រជាជាតិមិន​ទទួល​ស្គាល់​ការ​សម្រេចចិត្ត​នយោបាយ​ម្ចាស់​ប្រទេស​ទេ»។

ថ្លែង​ប្រាប់វីអូអេ​តាមទូរស័ព្ទ​កាលពី​ថ្ងៃព្រហស្បតិ៍​អ្នកស្រី​អ៊ឹម ចែម ​ជន​ជាប់ សង្ស័យ​ក្នុងសំណុំរឿង​០០៤​បាន​សាទរ​ប្រសិនបើ​មាន​ការ​ទម្លាក់​ចោល សំណុំ​រឿង​បន្ថែម០០៣​ និង​០០៤ ដែល​មាន​ជនសង្ស័យ​៥នាក់​ជាអតីត​កម្មាភិបាល​ខ្មែរ​ក្រហម។

«លើក​លែង​ លែងមានឈ្មោះ​ ០០៣ /០០៤ ហ្នឹង​ ជាអារម្មណ៍​ខ្ញុំរីករាយ​ណាស់។ ហើយ​ក៏​គ្មាន​គិត​អី​ពាក់ព័ន្ធ​នឹង​នយោបាយ​ពី​មុន​កន្លង​មក​ទេ»។
ថ្លែងប្រាប់​វីអូអេតាម​ទូរស័ព្ទ​ដែរ​កាលពីថ្ងៃ​ព្រហស្បតិ៍​លោក ​មាស មុត​ ជន​ជាប់ សង្ស័យ​ក្នុង​សំណុំរឿង​០០៣​បាន​អះអាង​ថា​ល្មម​ដល់​ពេល​កម្ពុជា​ត្រូវ​មាន សន្តិភាព​ហើយ។

«ការពិត​ទាំងអស់​គ្នា​ត្រូវ​អនុវត្ត​នយោបាយ​ផ្សះផ្សារ​បង្រួប​បង្រួម​ជាតិ​ឲ្យ​ល្អ​ ដើម្បី សុវត្ថិភាព​ ដើម្បី​សុខ​សន្តិភាព​ក្នុង​សង្គម​កម្ពុជា​យើង​ពីព្រោះ​សុខ​សន្តិភាព របស់​យើង​គ្មាន​នរណា​ជាង​យើង​ទេ​ដែល​គិត​គូរ។​ ហើយ​បើ​ជា​មាន​ទុក្ខ​មាន លំបាក​ទៀត​ក៏​គ្មាន​នរណា​មក​ជួយ​ទទួល​យើង​ដែរ»។

សាលាក្តី​ខ្មែរក្រហម​កំពុងកាត់ទោស​អតីត​មេដឹកនាំ​ជាន់​ខ្ពស់​ក្នុង​សំណុំ​រឿង​០០២ ដែល​មាន​ជន​ជាប់ចោទ​៣នាក់​គឺ​ នួន ជា​ ប្រធាន​រដ្ឋសភា ខៀវ សំផន​ ប្រមុខរដ្ឋ​ និង អៀង សារី​រដ្ឋមន្ត្រី​ការបរទេស​ខ្មែរ​ក្រហម ពី​បទ​ឧក្រិដ្ឋ​ជា​ច្រើន​ ដែល​ទាក់ ទង​នឹង​ការ​ស្លាប់​ពលរដ្ឋខ្មែរ​ប្រហែល​១លាន​៧​សែន​នាក់៕

XS
SM
MD
LG