សហព្រះរាជអាជ្ញានៃសាលាក្តីកាត់ទោសខ្មែរក្រហមរំពឹងថាការចាប់ផ្តើមកាត់ទោសពួកអតីតមេដឹកនាំ របបវាលពិឃាតចំណាស់ៗក្នុងសំណុំរឿង០០២ ដ៏ឆាប់ខាងមុខនិងការបន្តស៊ើបអង្កេតសំណុំរឿងបន្ថែម០០៣/០០៤ អាចធ្វើឲ្យស្ថានភាពស្មុគស្មាញរបស់តុលាការនឹងត្រូវថមថយហើយគេចផុតពីអ្វីដែលលោកព្រមានថា អាចនឹងបង្កើតស្ថានភាព «ស្មុគស្មាញដ៏ធំ»។ នេះបើតាមការអះអាងរបស់លោកសហព្រះរាជអាជ្ញា អាន់ឌ្រូ ខេយលី (Andrew Cayley) ដែលការិយាល័យរបស់លោកបានចោទប្រកាន់ជនជាប់ចោទនិងជនសង្ស័យសរុប១០នាក់មកដល់ពេលនេះ។
«ខ្ញុំអាចនិយាយបានថាខ្ញុំគិតថាការចាប់ផ្តើមសំណុំរឿង០០២ នឹងជាបញ្ហាមួយដែលធ្វើឲ្យគ្រប់គ្នារវល់។ នេះជាសំណុំរឿងដែលតម្រូវឲ្យដំណើការទៅមុខ។ ហើយខ្ញុំសង្ឃឹមថារឿងនេះនឹងបំបាត់ស្ថានភាពមិនល្អខ្លះដែលវិលវល់ក្នុងតុលាការចំពោះសំណុំរឿង០០៣/០០៤។ ក៏ប៉ុន្តែខ្ញុំនៅតែរក្សានូវអ្វីដែលខ្ញុំបាននិយាយរៀងមកគឺថាសំណុំរឿង០០៣/០០៤ ចាំបាច់ត្រូវមានបែបផែនខ្លះនៃការសន្និដ្ឋានប្រកបដោយគតិយុត្តិ។ គេត្រូវការធ្វើតាមច្បាប់ ដើរតាមច្បាប់។ ហើយនីតិវិធីតម្រូវឲ្យធ្វើតាម បើមិនដូច្នោះទេរឿងនេះនឹងបង្កើតភាព«ស្មុគស្មាញដ៏ធំ» ដែលគ្មាននរណាម្នាក់នៅខាងជាតិនិងអន្តរជាតិ ចង់បានទេ»។
សំណុំរឿង០០២ មានអតីតមេដឹកនាំខ្មែរក្រហម៤នាក់ ជាប់ពាក់ព័ន្ធនឹងបទចោទប្រកាន់រឿងឧក្រិដ្ឋកម្មសង្រ្គាម ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ដែលធ្វើឲ្យពលរដ្ឋខ្មែរជិត២លាននាក់ស្លាប់។ សំណុំរឿងនេះត្រូវគេរំពឹងថានឹងកាត់ទោសជនចាប់ចោទទាំងនេះ នៅចុងខែវិច្ឆិកា។ ជនជាប់ចោទទាំងបួនរូបដែលចាស់ជរា មាននួន ជា បងធំទី២ អៀង សារី រដ្ឋមន្ត្រីការបរទេស ខៀវ សំផន ប្រមុខរដ្ឋ និង អៀងធីរិទ្ធ រដ្ឋមន្ត្រីសង្គមកិច្ចនឹងត្រូវតតាំងជាមួយចុងចោទនិងរកអំណះអំណាងដោះបន្ទុក ឬជំទាស់នឹងការចោទប្រកាន់របស់សហព្រះរាជអាជ្ញា។
លោក Andrew Cayley បានសម្តែងឲ្យឃើញពីសុទិដ្ឋិនិយមថាលោកមានភស្តុតាង ឯកសារដើម្បី ដាក់បន្ទុកជនជាប់ចោទទាំង៤រូបក្នុងសំណុំរឿង០០២ ជាច្រើន។
«ខ្ញុំមិនអាចនិយាយថាជាចន្លោះដ៏ធំទេ។ ខ្ញុំមានន័យថាសំណុំរឿងនេះមានទម្ងន់ណាស់ដើម្បីតតាំង ជាមួយជនជាប់ចោទទាំងនេះពីព្រោះតែទំហ៊ុំនៃបទឧក្រិដ្ឋដែលគេប្រព្រឹត្ត។ មានភស្តុតាងជាខ្សែភាព យន្តដែលភ្ជាប់ពួកគេនឹងបទឧក្រិដ្ឋនៅនឹងកន្លែង រួមទាំងការបោះពុម្ភផ្សាយជាច្រើននៃរបបខ្មែរក្រហមផង ហើយរួមទាំងភស្តុតាងជាឯកសារដែលគេបានឃើញផង។ លោកដឹងទេ យើងបាន និយាយសំអាងលើមជ្ឈមណ្ឌលឯកសារកម្ពុជា។ ខ្ញុំមានន័យថាមជ្ឈមណ្ឌល នេះមាន ឯកសារជិត ៥ម៉ឺនកើតចេញពីអំឡុងពេលនោះដែលបង្កើតជាភស្តុតាងពាក់ព័ន្ធដែលយើងកំពុងនិយាយ។ ជាអវសាន រឿងនេះសម្រេចលើចៅក្រមក្នុងការសម្រេចថាតើបុគ្គលទាំងបីនេះមានជាប់ទាក់ទងនឹង បទឧក្រិដ្ឋឬទេ។ គេគ្មានទោសរហូតទាល់តែមានភស្តុតាងដាក់ទោស។ ក្រុមរដ្ឋអាជ្ញាយើងហៅថាភស្តុតាងដាក់បន្ទុក។ យើងត្រូវតែផ្តល់ភស្តុតាងអំពីបទឧក្រិដ្ឋ និងការជាប់ពាក់ព័ន្ធរបស់ពួកគេ ដល់ពួកគេដោយមានភស្តុតាងជាក់ច្បាស់។ក៏ប៉ុន្តែ ខ្ញុំមានក្តីសង្ឃឹមថាយើងនឹងផ្តល់ភស្តុតាងបញ្ជាក់បានពីសំណុំរឿងយើងនៅក្នុងពេលសវនាការ»។
លោក Andrew Cayley ថ្លែងដូច្នេះកាលពីថ្ងៃទី២៦ ខែតុលាប្រាប់វីអូអេសំឡេងសហរដ្ឋអាមេរិកក្នុងបទសម្ភាសជាពិសេសមួយនៅក្រោយពេលលោកបានថ្លែងអំពីដំណើរការកាត់ទោសខ្មែរក្រហមពីបទឧក្រិដ្ឋកម្មដ៏ឃោរឃៅក្រោយរយៈពេល៣០ឆ្នាំ ប្រាប់ក្រុមនិស្សិតនិងសាស្ត្រាចារ្យអាមេរិកាំងក្នុងសាកលវិទ្យាល័យ Rutgers រដ្ឋ New Jersey។
សាលាក្តីកាត់ទោសខ្មែរក្រហមទទួលរងការរិះគន់ខ្លាំងៗពីក្រុមអ្នកឃ្លាំមើលចំពោះឯករាជ្យភាព ការជ្រៀតជ្រែកផ្នែកនយោបាយពីរដ្ឋាភិបាល ដែលនាំឲ្យមានការលាឈប់ពីមុខតំណែងរបស់មន្ត្រីតុលាការនិងចៅក្រមដែលថាពួកគេមិនអាចបំពេញកិច្ចការបាន។
ការលាឈប់នេះនិងបញ្ហានានារបស់តុលាការបានបង្កឲ្យមានដំណើរទស្សនកិច្ចរបស់លោកស្រីអគ្គលេខាធិការរងអ.ស.ប Particia O’ Brien ទៅកាន់ប្រទេសកម្ពុជាកាលពីពេលថ្មីៗនេះ ដើម្បីជួបជាមួយមន្ត្រីរដ្ឋាភិបាលកម្ពុជាក្នុងការដោះស្រាយបញ្ហាស្មុគស្មាញរឿងលូកដៃចូលក្នុងកិច្ចការតុលាការ។ នៅក្នុងសេចក្តីថ្លែងការណ៍ពេលបញ្ចប់ទស្សនកិច្ចកាលពីសប្តាហ៍ទី៣ខែតុលា លោកស្រី O’ Brien បានទទូចដល់រដ្ឋាភិបាលកុំឲ្យលូកដៃចូលក្នុងប្រព័ន្ធតុលាការខ្មែរក្រហម ហើយបញ្ឈប់ធ្វើសេចក្តីថ្លែងការណ៍ជាសាធារណៈអំពីសំណុំរឿង០០៣និង០០៤។ ក៏ប៉ុន្តែមិនបានបញ្ជាក់ពីការណ៍ដែលមានការទាមទារសុំឲ្យមានការស៊ើបអង្កេតពីភាពមិនប្រក្រតីក្នុងការិយាល័យសហចៅក្រមស៊ើបអង្កេតដែលអ្នកឃ្លាំមើលបានចាត់ទុកថាមានភាពមិនប្រក្រតី មិនបានស៊ើបអង្កេតសំណុំរឿងបន្ថែមនោះទេ។
សហចៅក្រមស៊ើបអង្កេត Siegfried Blunk ដែលដាក់ពាក្យសុំលាឈប់ពីការងារនោះបានការពារខ្លួនលោកដោយហេតុផលថាមានការជ្រៀតជ្រែកផ្នែកនយោបាយដែលលោកមិនអាចបំពេញកិច្ចការរបស់លោកបាន។ ការលាឈប់ចំពេលមានភាពមិនប្រក្រតីនានា រួមទាំងការខកខានមិនបានស៊ើបអង្កេតសំណុំរឿងបន្ថែម ០០៣/០០៤នេះ អាចនាំឲ្យមេធាវីការពាក្តីជនជាប់ចោទយកធ្វើជាសំអាងដ៏ធំថាការស៊ើបអង្កេតសំណុំរឿង០០២ និងភស្តុតាងមិនអាចយកជាការបានហើយក៏មិនអាចកាត់ក្តីលើកូនក្តីរបស់ពួកគេឲ្យបានយុត្តិធម៌តាមស្តង់ដាអន្តរជាតិផងដែរ។ ពួកគេក៏មានការតវ៉ាលើបញ្ហាជាច្រើនផ្សេងៗទៀតផងដែរ។
ទោះជាយ៉ាងណាក៏ដោយការលាឈប់របស់សហចៅក្រមស៊ើបអង្កេត Siegfried Blunk ដោយសារការបំភ្លឺថាមានការជ្រៀតជ្រែកផ្នែកនយោបាយពីរដ្ឋាភិបាល កម្ពុជានិងបញ្ហាមិនដំណើរការសំណុំរឿងបន្ថែម០០៣/០០៤និងការប្រទាញប្រទង់គ្នាជាច្រើននាំឲ្យមានការខកចិត្តពីក្រុមអ្នកឃ្លាំមើលមួយចំនួននៅសរអា។ សំណុំរឿង០០៣/០០៤ដែលមានអតីតមេដឹកនាំខ្មែរក្រហម៥នាក់បន្ថែមទៀតជាឧទាហរណ៍មួយ។ សហព្រះរាជអាជ្ញាអន្តរជាតិបានដាក់ដីកាសន្និដ្ឋានឬ ការចោទប្រកាន់របស់ខ្លួនទៅកាន់ការិយាល័យសហចៅក្រមស៊ើបអង្កេតកាលពីឆ្នាំ២០០៨ដើម្បីឲ្យមានការចាប់ខ្លួនជនសង្ស័យមកឃុំដើម្បីបន្តការស៊ើបអង្កេត។ តែសហចៅក្រមស៊ើបអង្កេតពុំបានធ្វើនោះទេរហូតទាល់ការប្រកាសលាឈប់របស់លោកសហចៅក្រមស៊ើប ប៊្លុង ដោយបន្សល់ពាក្យធ្វើកិច្ចការមិនបានដោយសារការជ្រៀតជ្រែកផ្នែកនយោបាយ។
លោក អាឡិច ហ៊ិនតុន (Alex Hinton) សាស្ត្រាចារ្យនៃសាកលវិទ្យាល័យ Rutgers និងជានាយកមជ្ឈមណ្ឌលសិក្សាអំពីប្រល័យពូជសាសន៍និងការដោះស្រាយទំនាស់និងសិទ្ធិមនុស្ស។ លោកជាអ្នករៀបចំសន្និសីទរវាងលោក Andrew Cayley និងនិស្សិត។
លោក Hinton បានសម្តែងការខកចិត្តចំពោះបញ្ហាប្រទាញប្រទង់គ្នាដែលកើត ឡើងក្នុងសាលាក្តីកាត់ទោសខ្មែរក្រហមជាពិសេសក្នុងដំណាក់កាលដែលសំណុំរឿង០០២កំពុងតែហៀបដំណើរការហើយការមិនត្រូវគ្នារឿងចាប់ឃុំជនសង្ស័យសំណុំរឿងបន្ថែមគឺសំណុំរឿង០០៣និង០០៤។លោកថ្លែងថាបញ្ហាក្នុងតុលាការជាច្រើននេះកើតឡើងជាយូរដែរហើយភាគីកម្ពុជានិងអ.ស.បគួរដោះស្រាយមុនពេលបញ្ហាទាំងនេះធ្លាក់ចូលទៅក្នុងសភាពទ្រេតទ្រោតធ្ងន់ធ្ងរ។
«ខ្ញុំមានអារម្មណ៍ខកចិត្តណាស់ ហើយខ្ញុំសង្ឃឹមថាអ្នកធ្វើការនៅតុលាការ មន្ត្រី មកពីរដ្ឋាភិបាល នឹងប្តូរផ្តាច់រឿងនេះ។ ខ្ញុំសង្ឃឹមថាគ្រប់គ្នានឹងរួមគ្នាព្រមព្រៀងគ្នាយោគយល់គ្នាថាបញ្ហានានាត្រូវតែដំណើរការតាមបទដ្ឋានអន្តរជាតិ។ តែដំណាក់កាលខ្លះ គេត្រូវតែនិយាយថា ការកាត់ទោសប៉ុន្មានដែលត្រូវធ្វើ។ ខ្ញុំគិតថាគ្រប់គ្នាត្រូវតែមូលមាត់គ្នា សម្រេចដូច្នោះ បន្ទាប់មកត្រូវធ្វើឲ្យការស៊ើបអង្កេតកើតឡើង ហើយចាំមើលថាតើបញ្ហានឹងដំណើរការទៅយ៉ាងណា»។
លោក Hinton បានអះអាងថាលទ្ធផលដែលកើតចេញពីរឿងរ៉ាវដែលពាក់ព័ន្ធទាំងនេះ គឺការធ្វើឲ្យគេយល់ដឹងច្បាស់អំពីរឿងរ៉ាវដែលកើតឡើងក្នុងតុលាការខ្មែរក្រហមព្រោះនេះជាបញ្ហាដ៏សំខាន់។
«គេត្រូវមានការសម្រេចចិត្តមួយដែលថាតើពេលណាតុលាការនេះត្រូវបញ្ចប់? ហើយថាតើគេត្រូវដំណើរការយ៉ាងម៉េចដើម្បីឲ្យសំណុំរឿង០០២មានប្រសិទ្ធភាព ហើយការស៊ើបអង្កេតសំណុំរឿង០០៣ និង០០៤ ដំណើរការទៅមុខបានបើទោះ បី ជាគេមិនអាចកាត់ក្តីដោយតុលាការនេះបានមែនតែគេអាចថាតុលាការក្នុង ស្រុកអាចធ្វើកិច្ចការទាំងនេះបាន។ នេះជាដំណើរការច្បាប់ដែលខ្ញុំ គិតថាវាមាន សារៈសំខាន់បំផុតសម្រាប់ជាគតិយុត្តិរបស់តុលាការ និងកេរ្តិ៍តំណែល តុលាការ»។
ថ្លែងប្រាប់វីអូអេសំឡេងសហរដ្ឋអាមេរិកផ្នែកខេមរភាសាក្នុងឋានៈផ្ទាល់ខ្លួនរបស់លោកហើយមិនឆ្លុះបញ្ចាំង ពីទស្សនៈរដ្ឋាភិបាលអាមេរិកាំងលោក អ៊ា សុផល សាស្រ្តាចារ្យសាលាបណ្ឌិត សភាកងទ័ពជើងទឹកសរអាដែលមានដើមកំណើតខ្មែរបានដាក់ពាក្យប្តឹងតាំងខ្លួនជាដើមបណ្តឹងរដ្ឋប្បវេណី តទល់នឹងជនជាប់ចោទដើម្បីរកយុត្តិធម៌ដល់ឪពុក បងប្អូនលោកដែលត្រូវខ្មែរក្រហមសម្លាប់ក្នុងទសវត្សរ៍១៩៧០។ លោកថ្លែងថាអ្វីដែលលោកចង់បានពីតុលាការគឺ «ការពិត»ដែលបានកើតឡើង ហើយត្រូវកាត់ទោសរកយុត្តិធម៌ត្រឹមត្រូវចំពោះជនប្រព្រឹត្តឧក្រិដ្ឋកម្មដែលលោកចាត់ទុកថាប្រពៃណីមួយគួរត្រូវកើតមាននៅកម្ពុជា។
«ពីព្រោះចុងក្រោយបំផុត ប្រសិនបើគេសម្លាប់មនុស្ស១លាន៧សែននាក់ហើយ មិនបានទទួលទោស នោះគេអាចសម្លាប់មនុស្ស២ពាន់នាក់ហើយជម្លៀសប្រជាជនចេញពីតំបន់បឹងកក់ ធ្វើអ្វីៗដែលគេចង់ធ្វើដោយគ្មានការភ័យខ្លាចថាមាន នរណាមួយតាមចាប់ខ្លួនគេ»។
លោកសុផលបានបង្ហាញពីការមិនសប្បាយចិត្ត ចំពោះតុលាការកាត់ទោសខ្មែរក្រហមដែលចូលរួមដោយអសប ជាពិសេសបញ្ហាទាក់ទងនឹងរឿងកាត់ប្រាក់ខែបុគ្គលិក សូកប៉ាន់មន្ត្រីកម្ពុជា បញ្ហានយោបាយចូលពាក់ព័ន្ធក្នុងតុលាការ ការដាក់មន្ត្រីមិនត្រឹមត្រូវខ្លះក្នុងសាលាក្តី ដែលបញ្ហាទាំងនោះជាអ្វីលោក សុផលចាត់ទុកថាជាការប៉ះពាល់ដល់មុខមាត់តុលាការ។
«ការប៉ះពាល់ជានិច្ចកាលគឺកេរ្តិ៍ឈ្មោះតុលាការ។ តើគេធ្វើប្រាកដប្រជាទេអំពីយុត្តិធម៌? ឬមួយជាសាមញ្ញគេដំណើរការតាមអ្វីជាសកម្មភាពដ៏ងាយស្រួលហើយចំណាយលុយ១៥លានឬ២០០លានដុល្លារជាការបរិច្ចាករបស់ពិភពលោក ក្នុងរឿងរកយុត្តិធម៌នេះ។ នេះជាអ្វីដែលខ្ញុំមិនអាចទទួលយកបាន»។
លោក សុផលបានសរសើរដល់កិច្ចការរបស់លោក Andrew Cayley សហព្រះរាជអាជ្ញាសាលាក្តីកាត់ទោសខ្មែរក្រហម និងបានបញ្ជាក់ស្រដៀងគ្នាទៅនឹងប្រសាសន៍លោក Cayley ដែរ ដែលជំរុញតាមច្បាប់ឲ្យសំណុំរឿង០០៣និង០០៤ ដំណើការទៅមុខ ហើយបន្ថយបញ្ហាចោទប្រកាន់នានាក្នុងតុលាការ ស្តារជំនឿទុកចិត្តជាដើម។ លោក អ៊ា សុផល បានបញ្ជាក់ថាអ្វីៗគឺស្រេចលើដំណើរការសំណុំរឿង០០៣និង០០៤។ ប្រសិនបើគេមិនដំណើរការពេលនោះ គ្រប់គ្នានឹងមានការសង្ស័យថាគេមិនដំណើរការតាមច្បាប់តែធ្វើតាមហេតុផលនយោបាយ។
«សកម្មភាពនៃសាលាក្តីខ្មែរក្រហមត្រូវតែធ្វើតាមមូលដ្ឋានច្បាប់ មិនត្រូវធ្វើតាម មូលដ្ឋាននយោបាយទេ។ បច្ចុប្បន្ននេះរឿងនេះរំលេចឲ្យឃើញពីការធ្វើតាមមូលដ្ឋាននយោបាយ»។
លោក សុផលបានថ្លែងយ៉ាងដូច្នេះប្រាប់វីអូអេក្រោយពេលដែលលោកបានចូលរួមធ្វើបទបង្ហាញពីបញ្ហាខ្មែរក្រហមប្រាប់ក្រុមនិស្សិត សាស្ត្រាចារ្យនៅមហាវិទ្យាល័យ Bard College ក្នុងរដ្ឋ New York កាលពីសប្តាហ៍មុន។
លោក Peter Maguire អ្នកគ្រប់គ្រងម្នាក់នៃមហាវិទ្យាល័យ Bard College បាន ស្តីបន្ទោសអ.ស.បចំពោះភាពយឺតយ៉ាវក្នុងការកាត់ទោសមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហម។
«ខ្ញុំរន្ធត់ពីដំណើរការយឺតយ៉ាវដែលគេបានធ្វើ ជាពិសេសគឺគេដឹងហើយ ពីការដែលគេមានពេលវេលាតិចតួច ធនធានតិចតួច និងឆន្ទៈនយោបាយតិចតួច។ អារម្មណ៍របស់ខ្ញុំរំពឹងថាគេជំរុញយ៉ាងលឿននិងយ៉ាងខ្លាំងដើម្បីបញ្ចប់ការកាត់ទោសមេដឹកនាំជាន់ខ្ពស់ តែគេមិនបានធ្វើទេ»។
លោក Maguire បានបន្តទៀតថាអសបគួរត្រូវបញ្ចប់សំណុំរឿង០០២ឲ្យបានឆាប់មិនគួរធ្វើឲ្យរឿងដ៏ល្អឥតខ្ចោះក្លាយជាសត្រូវនឹងរឿងល្អទេ។ លោកថ្លែងយ៉ាងដូច្នេះដោយយោងថាមិនគួរព្រោះតែការទាមទារសំណុំរឿង០០៣និង០០៤ធ្វើឲ្យខូចខាតដំណើរការទាំងស្រុងទេ។ លោក Maguire បានអះអាងថាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែនបានបញ្ជាក់ច្បាស់ហើយៗក៏មិនដែលកែប្រែជំហរដែរថាគ្មានសំណុំរឿង០០៣និង០០៤។
«អសបគ្មានជម្រើសផ្សេងណាក្រៅពីទទួលយកអ្វីដែលបានចាប់ផ្តើមទេនិងអ្វីដែលគេគួរនឹងធ្វើទេ។ ដូចខ្ញុំបាននិយាយ ខ្ញុំគឺជាមនុស្សទីមួយដែលសរសើរអសប។ ប្រសិនបើអសបបានជោគជ័យក្នុងការកាត់ទោសពួកមេដឹកនាំខ្មែរក្រហមដែលពួកគេកំពុងរស់នៅ។ ខ្ញុំសង្ឃឹមថាអសបអាចធ្វើបាន។ ដូចខ្ញុំ និយាយខ្ញុំមានការគោរពខ្លាំងណាស់ចំពោះអ្នកធ្វើការក្នុងតុលាការ។ ខ្ញុំដឹងពីការងារលំបាករបស់គេ។ ខ្ញុំមិនយល់ស្របជាមួយពួកគេទាំងស្រុងមែនតែគេត្រូវការបញ្ចប់សំណុំរឿង០០២ទោះជាមានរឿងអ្វីកើតឡើងក្តី។ ប្រសិនបើអសបបញ្ចប់សំណុំរឿង០០២ គេអាចហៅថាជារឿងជោគជ័យ និងមោទនភាព។ តែប្រសិនបើគេមិនបញ្ចប់ សំណុំរឿង០០២ទេ ហើយរអ៊ូរទាំ អំពីសំណុំរឿង០០៣និង០០៤ រឿងនេះបរាជ័យទាំងស្រុង ហើយពួកគេនឹងវេចបង្វេចគេទៅកាន់ទីក្រុងហ្ស៊ឺណែវឬ New York ឬកន្លែងណាដែលពួកគេមក»។
ទោះជាយ៉ាងណាក៏ដោយ លោក Adrew Cayley បានថ្លែងពីសមិទ្ធិផលជាច្រើន ដែលតុលាការបានធ្វើរួមទាំងការរកយុត្តិធម៌ជូនជនរងគ្រោះតាមរយៈការកាត់ទោសកាំង ហ្កេកអ៊ាវ ហៅឌុច ដោយមានការផ្សព្វផ្សាយដល់ពលរដ្ឋនិងការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងដំណើរការកាត់ទោស៕