របាយការណ៍ថ្មីមួយឲ្យដឹងថា ចក្រភពអង់គ្លេស នឹងប្រឈមនឹងការបង្អាក់ចរាចរណ៍ធ្ងន់ធ្ងរនៅឯកំពង់ផែខ្លួន ហើយនឹងមានការខ្វះម្ហូប ប្រសិនបើអង់គ្លេសខកខានមិនបានធ្វើឱ្យមានកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយសហភាពអឺរ៉ុប មុនដំណាច់ឆ្នាំនេះទេ។ សេចក្តីរាយការណ៍នេះ ក៏បានព្រមានដែរថា ផលប៉ះពាល់ខាងសេដ្ឋកិច្ចបណ្តាលមកពីគ្មានកិច្ចព្រមព្រៀង Brexit (ការចាកចេញរបស់អង់គ្លេសពីសហភាពអឺរ៉ុប) នឹងមានទំហំបីដងធំជាងផលប៉ះពាល់ដោយសារការរាតត្បាតជាសាកលនៃវីរុសកូរ៉ូណា។
ចក្រភពអង់គ្លេស បានចាកចេញពីសហភាពអឺរ៉ុបជាផ្លូវការកាលពីថ្ងៃទី៣១ មករាហើយរយៈពេលអន្តរកាលបច្ចុប្បន្ន មានកំណត់នឹងចប់នៅថ្ងៃទី៣១ ខែធ្នូ។
រដ្ឋាភិបាលអង់គ្លេសបានព្រមានកាលពីថ្ងៃពុធ ទី២៣ ខែកញ្ញាថា ធុរកិច្ចភាគច្រើនដែលធ្វើពាណិជ្ជកម្មជាមួយអឺរ៉ុប ត្រូវប្រុងប្រៀបសម្រាប់ការផ្លាស់ប្តូរដែលនឹងមាន។
របាយការណ៍កាលពីពេលថ្មីៗនេះមកពីមហាវិទ្យាល័យ Kings College ក្នុងក្រុង ឡុងដ៍ នៅក្នុងកម្មវិធីទ្វីបអឺរ៉ុបមានការផ្លាស់ប្តូរ ព្រមានថា៖ «ផលប៉ះពាល់ជាបន្ទាន់និងជាក់ស្តែងបំផុតនៃការគ្មានកិច្ចព្រមព្រៀងជាមួយសហភាពអឺរ៉ុប នឹងឃើញមាននៅឯព្រំដែន ដោយមានរថយន្តបន្តកន្ទុយគ្នា និងការខ្វះម្ហូបអាហារ»។
ផលប៉ះពាល់នេះ នឹងបង្ហាញរូបរាងនៅកំពង់ផែ Dover ដែលនៅទីនោះរថយន្តដឹកទំនិញ ប្រមាណ៤លានគ្រឿង នឹងប្រើនាវាចម្លងនិងផ្លូវរទេះភ្លើងក្រោមដីនៅអឺរ៉ុប គឺ Eurotunnel ដើម្បីឆ្លងទៅមកពីទីក្រុង Calais ប្រទេសបារាំងជារៀងរាល់ឆ្នាំ។ ទោះណាជាមានកិច្ចព្រមព្រៀងពាណិជ្ជកម្មក៏ដោយ ក៏ចក្រភពអង់គ្លេស នឹងចាកចេញពីសហភាពទីផ្សារនិងគយតែមួយរបស់សហភាពអឺរ៉ុបដែលមានន័យថា ការឆែកឆេរថ្មីៗ និងរបាំងពាណិជ្ជកម្មជាការចៀសមិនរួចទេ។ ដោយមិនមានកិច្ចព្រមព្រៀងពាណិជ្ជកម្ម គេនឹងឃើញមានការបង្អាក់កាន់តែខ្លាំងដោយចក្រភពអង់គ្លេស និងសហភាពអឺរ៉ុប នឹងដាក់កំហិតតារាងពន្ធគយលើទំនិញរៀងៗខ្លួន។
រដ្ឋាភិបាលអង់គ្លេស បានព្រមានកាលពីថ្ងៃពុធ ទី២៣ ខែកញ្ញាថា យានយន្តដឹកទំនិញធ្ងន់ៗហៅ HGVs រហូតដល់៦០ភាគរយ ប្រហែលគ្មានសំណុំឯកសារត្រឹមត្រួវទេ។
លោក Michael Gove សមាជិកខុទ្ទការល័យសភាបាននិយាយប្រាប់ពួកសមាជិកសភាថា៖ «ដូច្នេះ អាជ្ញាធរព្រំដែនបារាំង នឹងបញ្ជូនឡានដឹកទំនិញទាំងនោះឱ្យត្រឡប់ក្រោយវិញ ហើយនាំឱ្យចរាចរណ៍កកស្ទះពី Dover ទៅ ក្រុង Calais។ ហើយក្នុងកាលៈទេសៈបែបនេះ នឹងមានយានយន្ត HGVs បន្តគ្នារហូតដល់៧ពាន់គ្រឿង»។
លោក Jonathan Portes សហអ្នកនិពន្ធនៃរបាយការណ៍នេះរបស់មហាវិទ្យាល័យ Kings College និយាយថា ក្រុមអ្នកធ្វើដំណើរអង់គ្លេសទៅកាន់សហភាពអឺរ៉ុប ក៏នឹងមានការបង្អាក់ដែរ។
លោក Portes បាននិយាយប្រាប់វីអូអេនៅក្នុងសេចក្តីសម្ភាសន៍មួយកាលពីថ្ងៃព្រហស្បតិ៍ទី២៤ ខែកញ្ញាថា៖ «លោកអ្នកនឹងត្រូវការការធានារ៉ាប់រងសុខភាព។ គេដឹងមិនច្បាស់លាស់ទេថា តើអាជ្ញាបណ្ណបើកបរអន្តរជាតិនឹងប្រើការបានឬទេ។ បើលោកអ្នកដាក់ពាក្យដើម្បីធ្វើការ លោកអ្នកត្រូវមានទិដ្ឋាការ»។
៨០ភាគរយនៃសេដ្ឋកិច្ចចក្រភពអង់គ្លេសជាសេវា។ លោក Portes បានថ្លែងថា នៅក្រុងឡុងដ៍ ធនាគារ និងសេវាហិរញ្ញវត្ថុ បានប្រុងប្រៀបរួចស្រេចហើយសម្រាប់ប្រឈមនឹងស្ថានភាពគ្មានកិច្ចព្រមព្រៀង។ លោកបាននិយាយថា៖ «ដូច្នេះពួកគេបានបញ្ជូនអង្គភាពខាងច្បាប់ និងបុគ្គលិកខ្លះទៅកាន់កន្លែងផ្សេងៗវិញដើម្បីដោះស្រាយស្ថានការណ៍នេះ»។
ធនាគារ JP Morgan Chase ជាធនាគារចុងក្រោយបំផុតដែលប្រកាសវិធានការបែបនេះក្នុងសប្តាហ៍ចុងក្រោយនៃខែកញ្ញា ដោយផ្ទេរធនធានចំនួន២៣០ ពាន់លានដុល្លារ ពីក្រុងឡុងដ៍ទៅកាន់ប្រទេសអាល្លឺម៉ង់។
នៅឆ្នាំនេះ សេដ្ឋកិច្ចអង់គ្លេសបានចុះថយមួយភាគប្រាំ ដោយសារការរាតត្បាតនៃវីរុសកូរ៉ូណា។ របាយការណ៍នេះព្រមានថា ផលប៉ះពាល់លើសេដ្ឋកិច្ចដោយសារការគ្មានកិច្ចព្រមព្រៀង Brexit អាចមានធំជាងនេះ។
សេចក្តីរាយការណ៍កត់សម្គាល់ថា៖ «ការខាតបង់សរុបនៃសេដ្ឋកិច្ចចក្រភពអង់គ្លេសក្នុងរយៈពេលយូរ នឹងមានពីពីរទៅបីដងច្រើនជាងផលប៉ះពាល់ដោយជំងឺកូវីដ១៩ទស្សន៍ទាយដោយធនាគារកណ្តាលអង់គ្លេស»៕
ប្រែសម្រួលដោយលោក ឈឹម សុមេធ