មនុស្សយ៉ាងហោចណាស់១៣នាក់បានត្រូវសម្លាប់ ហើយ២១នាក់ទៀតបានរងរបួសនៅក្នុងការវាយប្រហារមួយលើយុទ្ធនាការឃោសនាបោះឆ្នោតនៅក្នុងតំបន់ភាគឦសាននៃប្រទេសអាហ្វហ្គានីស្ថានកាលពីរសៀលថ្ងៃសៅរ៍។
ពួកមន្រ្តីនៅក្នុងខេត្ត Takhar បាននិយាយថា ជនរងគ្រោះភាគច្រើនជាជនស៊ីវិល លើកលែងតែប៉ូលិស២នាក់ហើយនិងមនុស្សម្នាក់ទៀតមកពីទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាហ្វហ្គានីស្ថាន (NDS)។
លោក Khalil Aseer អ្នកនាំពាក្យប៉ូលិសខេត្ត Takhar បាននិយាយថា គ្រឿងផ្ទុះភ្ជាប់ទៅនឹងម៉ូតូបានផ្ទុះខណៈដែលហ្វូងមនុស្សបានប្រមូលផ្តុំគ្នាដើម្បីចូលរួមយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោកស្រី Nazefa Yosufi បេក្ខជនស្ត្រីសម្រាប់ការបោះឆ្នោតសភានៅពេលខាងមុខ។ បេក្ខជនរូបនេះមិនបានទទួលគ្រោះថ្នាក់ទេ។
ស្រ្តីជាង៤០០នាក់កំពុងឈរឈ្មោះនៅក្នុងការបោះឆ្នោតសភា ដែលគ្រោងធ្វើឡើងនៅថ្ងៃទី២០ នៅខែតុលានេះ។ បេក្ខជនជាង២,៥០០នាក់កំពុងប្រកួតប្រជែងអាសនៈ២៤៩។ អាសនៈសភាចំនួន៦៨ត្រូវបានគេរក្សាទុកសម្រាប់ស្រ្តី។ រហូតមកទល់ពេលនេះ មិនមានក្រុមណាមួយអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនោះទេ។
ទោះជាយ៉ាងណាក៏ដោយ ពួកតាលីបានអាហ្វហ្គានីស្ថានបានហៅការបោះឆ្នោតនេះថា ក្លែងក្លាយហើយជាការឃុបឃិតដើម្បីបោកប្រាស់ពលរដ្ឋ និងធ្វើឲ្យសម្រេចផលប្រយោជន៍បរទេស ព្រមទាំងបានសុំឲ្យពួកអ្នកគាំទ្របង្អាក់ដំណើរការបោះឆ្នោតនេះ៕