ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ស្ត្រី​ជា​ច្រើន​ចាប់ផ្ដើម​រៀន​បើកបរ​នៅ​ភាគ​ខាង​ជើង​ប្រទេស​អាហ្វហ្គានីស្ថាន


រថយន្ត​មួយ​បើក​កាត់​សាកលវិទ្យាល័យ American University of Afghanistan នៅ​ក្នុង​ក្រុង​កាប៊ុល ប្រទេស​អាហ្វហ្គានីស្ថាន កាលពី​ថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៦។
រថយន្ត​មួយ​បើក​កាត់​សាកលវិទ្យាល័យ American University of Afghanistan នៅ​ក្នុង​ក្រុង​កាប៊ុល ប្រទេស​អាហ្វហ្គានីស្ថាន កាលពី​ថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៦។

ស្ត្រី​រាប់​សិប​នាក់​នៅ​ក្នុង​ទីក្រុង Mazar-e-Sharif នៃ​ភាគ​ខាង​ជើង​ប្រទេស​អាហ្វហ្គានីស្ថាន បាន​តម្រង់​ជួរ​គ្នា​ដើម្បី​ធ្វើ​តេស្ត​យក​ប័ណ្ណ​បើកបរ​រថយន្ត។ ពួកគេ​ប្រឆាំង​ទៅ​នឹង​ផ្នត់​គំនិត​សង្គម​ដែល​បាន​ហាម​ឃាត់​ស្ត្រី​មិន​ឲ្យ​បើកបរ។ សកម្មជន​សិទ្ធិ​ស្ត្រី​បាន​និយាយ​ថា ការ​ចេះ​បើកបរ​គឺ​ជា​ផ្នែក​ដ៏​សំខាន់​មួយ​សម្រាប់​ស្ត្រី​អាហ្វហ្គានីស្ថាន​ដែល​ប្រឈម​នឹង​បញ្ហា​ធ្វើ​ដំណើរ​ប្រចាំ​ថ្ងៃ នៅ​ក្នុង​ការ​មាន​សេរីភាព​ឯករាជ្យ​ពី​បុរស។

គេ​ឃើញ​មាន​ស្ត្រី​ជា​ច្រើន​បើកបរ​រថយន្ត​នៅ​តាម​ដង​ផ្លូវ​នានា​នៃ​ទីក្រុង Mazar-e-Sharif នៅ​ភាគ​ខាង​ជើង​ប្រទេស​អាហ្វហ្គានីស្ថាន។ នេះ​ជា​រឿង​មិន​ធម្មតា​នោះ​ទេ ដែល​គេ​ឃើញ​ស្ត្រី​បើកបរ​នៅ​ក្នុង​ទីក្រុង​ដូច្នេះ។ នៅ​ក្នុង​វគ្គ​រៀន​បើកបរ​មួយ​ដែល​មាន​រយៈពេល​ពេញ​មួយ​ខែ ស្ត្រី ៥០ នាក់ បាន​ចូលរួម​នៅ​ក្នុង​វគ្គ​នេះ។ អ្នក​បើកបរ​ថ្មី​ទាំង​នេះ បាន​និយាយ​ថា ការ​បើកបរ​គឺ​ជា​ជំហាន​ឆ្ពោះ​ទៅ​កាន់​ការ​ពឹង​ពាក់​លើ​ខ្លួន​ឯង និង​ភាព​ឯករាជ្យ​ម្ចាស់ការ​ដោយ​ខ្លួន​ឯង។

នាង Rokhsar Noori អ្នក​បើកបរ​ម្នាក់ បាន​និយាយ​ថា៖ «តាម​គំនិត​ខ្ញុំ នេះ​ជា​ឱកាស​ដ៏​អស្ចារ្យ​មួយ​សម្រាប់​ស្ត្រី​រៀន​បើកបរ។ ខ្ញុំ​គិត​ថា មនុស្ស​គ្រប់​គ្នា​គួរតែ​លើក​ទឹកចិត្ត​ស្ត្រី​ឲ្យ​បើកបរ​ជាជាង​ប្រឆាំង​នឹង​សេរីភាព​នេះ»។

នាង Parvanah Noori អ្នក​បើកបរ​ម្នាក់​ទៀត បាន​បញ្ជាក់​ថា៖ «មនុស្ស​ទូទៅ​តែងតែ​មាន​ទស្សនៈ​អវិជ្ជមាន​ចំពោះ​ស្ត្រី​ដែល​បើកបរ។ អ្នក​ទាំង​នោះ​គួរតែ​គាំទ្រ​ស្ត្រី​ទាំង​នោះ​បន្ថែម​ទៀត​ទៅ​វិញ​ទេ»។

នេះ​គឺ​ជា​លើក​ដំបូង​ហើយ​ដែល​ស្ត្រី​ទទួល​បាន​ការ​ជួយ​ជ្រោមជ្រែង​ពី​រដ្ឋបាល​ចរាចរណ៍​ក្នុង​ស្រុក ពី​រដ្ឋបាល​កិច្ចការ​ស្ត្រី និង​ពី​អង្គការ​ឯកជន​មួយ​ដើម្បី​បញ្ចប់​វគ្គ​រៀន​បើកបរ​របស់​ពួកគេ។

នាង Rokhsar Noori ទទួល​បាន​ការ​គាំទ្រ​ពី​ឪពុក​ម្ដាយ​របស់​នាង​ទាក់ទិន​នឹង​ការ​រៀន​បើកបរ​នេះ ដែល​នេះ​ជា​ករណី​ដ៏​កម្រ​មួយ​នៅ​ក្នុង​ស្រុក​កំណើត​របស់​នាង ដែល​ជា​កន្លែង​ដែល​សង្គម​អភិរក្ស​និយម​របស់​ប្រទេស​អាហ្វហ្គានីស្ថាន​មិន​ពេញចិត្ត​ឲ្យ​ស្ត្រី​បើកបរ​នោះ។

នាង Rokhsar Noori បាន​និយាយ​ថា៖ «ជា​រឿយៗ ពួក​យើង​ជា​ស្ត្រី​ទាមទារ​ឲ្យ​មាន​ភាព​ស្មើ​គ្នា ដូច្នេះ​ពួក​យើង​អាច​ដើរ​តួនាទី​ប្រសើរ​ជាង​មុន​នៅ​ក្នុង​សង្គម​របស់​យើង។ ពួក​យើង​ជា​ស្ត្រី​គឺ​មាន​ចំនួន​ពាក់​កណ្ដាល​ទៅ​ហើយ​នៃ​សង្គម​អាហ្វហ្គានីស្ថាន ហើយ​ដើម្បី​ទទួល​បាន​នូវ​ភាព​ស្មើ​គ្នា យើង​ត្រូវតែ​ប្រឆាំង​នឹង​ផ្នត់​គំនិត​សង្គម​ដូច​នេះ។ ពួក​យើង​ជា​ស្ត្រី​ក៏​អាច​បើកបរ​ដូច​បុរស​ដែរ។ ពួក​យើង​ត្រូវតែ​ធ្វើ​គ្រប់​មធ្យោបាយ​ទាំង​អស់​ដើម្បី​បង្ហាញ​ថា ពួក​យើង​អាច​ធ្វើ​អ្វីៗ​បាន​ទាំង​អស់»។

សកម្មជន​សិទ្ធិ​ស្ត្រី​បាន​បញ្ជាក់​ថា ផ្នត់​គំនិត​សង្គម​នេះ​ធ្វើ​ឲ្យ​ស្ត្រី​ពឹង​ផ្អែក​លើ​បុរស​នៅ​ក្នុង​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​ពួកគេ។

នាង Palwasha Paiwandi អ្នក​បើកបរ​ម្នាក់​ទៀត បាន​និយាយ​ថា៖ «ពិតជា​មាន​បញ្ហា​មួយ​ចំនួន​ដែល​ធ្វើ​ឲ្យ​ស្ត្រី​មិន​អាច​បើកបរ​ដោយ​ស្រួល​ចិត្ត។ បញ្ហា​ចម្បង​មួយ​គឺ​ផ្នត់​គំនិត​ពី​បុរាណ​ដែល​នៅ​មាន​បន្ត​រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ ដែល​បាន​រារាំង​ស្ត្រី​មិន​ឲ្យ​បើកបរ»។

កាល​ពី​ឆ្នាំ​មុន ស្ត្រី​ចំនួន ៣ រយ​នាក់ បាន​ទទួល​ប័ណ្ណ​បើកបរ ដែល​ធ្វើ​ឲ្យ​ពួកគេ​ក្លាយ​ទៅ​ជា​អ្នក​បើកបរ​ជា​ស្ត្រី​នៅ​ភាគ​ខាង​ជើង​ប្រទេស​អាហ្វហ្គានីស្ថាន​ដំបូង​គេ​បង្អស់៕

ប្រែ​សម្រួល​ដោយ ភី សុភាដា

វីដេអូថ្មីៗបំផុត

XS
SM
MD
LG