ការវាយប្រហារដោយគ្រាប់បែកនៅប្រទេសថៃកាលពីពាក់កណ្តាលខែសីហា អាចជាការដាស់តឿនមួយឱ្យប្រទេសកម្ពុជាមានការប្រយ័ត្នប្រយែងនិងថ្លឹងថ្លែងរវាងការពង្រឹងយន្តការសន្តិសុខ គោលនយោបាយ និងសិទ្ធិពលរដ្ឋ។ នេះបើតាមការបញ្ជាក់របស់អ្នកវិភាគគោលនយោបាយ។
Your browser doesn’t support HTML5
លោកអ៊ូ វីរៈប្រធានវេទិការអនាគតដែលជាស្ថាប័នស្រាវជ្រាវគោលនយោបាយក្នុងតំបន់បានផ្តល់ការវិភាគក្នុងកម្មវិធីហេឡូវីអូអេប្រចាំខែថាព្រឹត្តិការណ៍វាយប្រហារដែលបានបណ្តាលឱ្យមនុស្សស្លាប់២០នាក់និងរបួសជាង១២០នាក់អាចជាប់ទាក់ទងនឹងក្រុមមានសមានចិត្តនឹងជនភៀសខ្លួនវីហ្គ័រជាង១០០នាក់ដែលថៃបានបញ្ជូនទៅចិនវិញកាលពី ខែកក្កដា។
លោកអ៊ូ វីរៈ បានបន្ថែមថាបើដូច្នេះមែនកម្ពុជាក៏ត្រូវមានការប្រយ័ត្នប្រយែងផងដែរព្រោះកម្ពុជាក៏ ធ្លាប់បញ្ជូនជនជាតិវីហ្គ័រទៅចិនវិញជាថ្នូរនឹងកញ្ចប់ជំនួយអភិវឌ្ឍន៍របស់ចិនដែរ។
ការភ្ជាប់ទំនាក់ទំនងជាច្រើនបន្ទាប់ពីការផ្ទុះគ្រាប់បែកនៅប្រទេសថៃកាលពីខែសីហាបានចង្អុលបង្ហាញថាវាគឺជាសកម្មភាពរបស់ក្រុមអន្តរជាតិជាជាងការខិតខំនិយាយបន្ធូរ ស្ថានការណ៍ដោយរដ្ឋាភិបាលថៃថាជារឿងគំនុំឬនយោបាយក្នុងស្រុក។
លោកអ៊ូ វីរៈ បានបញ្ជាក់ថា៖«ព្រោះអ្វី បើតាមទ្រឹស្តីនៃមតិអន្តរជាតិហើយបញ្ហាការបន្ទុះគ្រាប់បែកនៅ ទីក្រុងបាងកកនេះទាក់ទងទៅ នឹងការបញ្ជូនជនជាតិវីហ្គ័រ ជាជនជាតិភាគតិចនៅក្នុងតំបន់ខាងលិចប្រទេសចិនមែន គឺវាមានពាក់ព័ន្ធនឹងប្រទេសកម្ពុជា»។
លោកបានបន្ថែមទៀតថា៖ «ព្រោះអ្វីប្រទេសកម្ពុជាធ្លាប់បានបញ្ជូនជនជាតិវីហ្គ័រដែលបានព្យាយាមគេចពីប្រទេសចិនមក កាលនោះ ឆ្លងកាត់ទេហើយក្នុងករណីដែលឆ្លងកាត់ហ្នឹងប្រទេសកម្ពុជាបានចាប់ខ្លួន ហើយឃុំខ្លួន។ កាលនោះបើទោះបីជាមានការសន្យាថានឹងការពារពួកគាត់ក៏ដោយក៏ក្រោយមកក៏បានបញ្ជូនពួកគាត់ទៅ ប្រទេសចិនវិញ»។
កាលពីចុងឆ្នាំ២០០៩ ប្រទេសកម្ពុជាបានបញ្ជូនអ្នកស្វែងរកសិទ្ធិជ្រកកោន ជនជាតិវីហ្គ័រចំនួន២០នាក់ទៅប្រទេសចិនវិញបើទោះបីជាមានការថ្កោលទោសពីអង្គការសហប្រជាជាតិនិងសហរដ្ឋអាមេរិកក៏ដោយ។
លោកអ៊ូ វីរៈ បន្ថែមថា៖ «ដោយសារអញ្ចឹងហើយយើងក៏មានពាក់ព័ន្ធដែរហើយយើងក៏មានការព្រួយបារម្ភដែរ»។
ថៃបានបញ្ជូនជនជាតិវីហ្គ័រជាង១០០នាក់ត្រឡប់ទៅ ប្រទេសចិនកាលពី ខែកក្កដា បើទោះបីជាមានការជំទាស់ពី ប្រទេសតួកគី។
យ៉ាងណាក៏ដោយលោកអ៊ូ វីរៈ សម្តែងការព្រួយបារម្ភថារដ្ឋាភិបាលក្នុងតំបន់អាចយកលេសពីព្រឹត្តិការណ៍មានលក្ខណៈជាអន្តរជាតិនេះមកបម្រើនយោបាយផ្ទៃក្នុងប្រទេសដែលនាំឱ្យប៉ះពាល់ដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ពលរដ្ឋ មានការចេញច្បាប់ឬវិធានការបន្ថែមដែលអាចនឹងឈានទៅដល់ការរឹតត្បិតសេរីភាពពលរដ្ឋ។
«រឿងបន្ទុះគ្រាប់បែកនៅ បាងកកនេះក៏អាចជាលេសមួយរបស់រដ្ឋាភិបាលចិន របស់រដ្ឋាភិបាលថៃ អាចទៅអនាគតជាលេសមួយរបស់រដ្ឋាភិបាលខ្មែរក្នុងការគាបសង្កត់សិទ្ធិសេរីភាពរបស់ជនភៀសខ្លួន ជនជាតិដើមភាគតិចមកពី តំបន់ចិន។ អាចជាជនជាតិវីហ្គ័រឬមួយជនជាតិផ្សេង។ នេះក៏ជាប្រធានបទមួយដែលយើងមានការព្រួយបារម្ភដែរក្នុងវិស័យសិទ្ធិមនុស្ស»
ការព្រួយបារម្ភនេះដោយសារវាបានកើតមានឡើងរួចទៅហើយនៅក្នុងប្រទេសថៃ។ នេះបើតាមការលើកឡើងរបស់លោកអ៊ូ វីរៈ៖
«បើសិនជាយើងមើលពីសាររបស់ប៉ូលិសនិងយោធាវិញពេលផ្ទុះហើយគឺគាត់ចោទទៅ គណបក្សប្រឆាំងឬមួយគាត់ចោទទៅជារឿងនយោបាយផ្ទៃក្នុងស្រុក។ បានន័យថាគាត់ព្យាយាមចង្អុលឱ្យមានការមន្ទិលសង្ស័យទៅក្រុមអាវក្រហមច្រើនជាងប៉ុន្តែរហូតមកដល់ពេលបច្ចុប្បន្ននេះយើងមើលថាទាំងអស់គ្នាប្រហែលជាភស្តុតាងចង្អុលទៅក្រុមអន្តរជាតិជាជាងក្រុមនយោបាយផ្ទៃក្នុងប្រទេសថៃ»។
លោកផ្តល់យោបល់ថាការមានប៉ូលិស ទាហាន និងតុលាការឯករាជ្យទើបឈានទៅការស៊ើបអង្កេតឯករាជ្យនិងធ្វើឱ្យពលរដ្ឋមានជំនឿចិត្តបានហើយមិនត្រូវអ្នកនយោបាយយកមកលាបពណ៍សម្រាប់នយោបាយផ្ទៃក្នុងទេ៕