បំផ្ទុះ​គ្រាប់​បែក​សម្លាប់​ ១៣​ នាក់​នៅ​សណ្ឋាគារ​​ដាក់​ស្ថាន​ទូត​ចិន និង​អេហ្ស៊ីប​នៅ​​សូម៉ាលី

ការ​ខូចខាត​បណ្តាល​ពី​បំផ្ទុះ​គ្រាប់​បែក​ពីរថយន្ត​មួយ​ទៅ​លើ​សណ្ឋាគារ​ Jazeera នៅ​ក្រុង​ Mogadishu ប្រទេស​សូម៉ាលី។

មាន​មនុស្ស​យ៉ាង​ហោច​ណស់​ក៏​១៣នាក់​ដែរ ​បាន​ត្រូវ​សម្លាប់​នៅ​ក្នុង​រដ្ឋ​ធានី​នៃ​ប្រទេស​សូម៉ាលី​កាល​ពី​ថ្ងៃ​អាទិត្យ ​នៅ​ពេល​ដែលគ្រាប់​បែក​ផ្ទុក​ក្នុង​រថយន្ត​បាន​ផ្ទុះ​នៅ​ខាង​ក្រៅ​សណ្ឋា​គារ​មួយ​កន្លែង​ ដែល​ធ្វើជា​ស្ថានទូត​ចិន ​និង​អេហ្ស៊ីប។

​ក្រុម​ជន​សកម្ម​ប្រយុទ្ធ Al- Shababនៃ​ប្រទេស​សូម៉ាលី ​បាន​អះអាង​ទទួល​ខុសត្រូវ​ចំពោះ​ការ​បំផ្ទុះ​គ្រាប់​បែក​ ដែល​បាន​វាយ​ប្រហារ​ទៅ​លើ​សណ្ឋាគារ Jazeera នៅជិត​ចំណត​អាកាសយានដ្ឋាន​រដ្ឋ​ធានីMagadishu។ សណ្ឋាគារ​នោះ​ជារឿយៗ​ត្រូវ​បាន​ប្រើ​ប្រាស់​ដោយ​សមា​ជិក​សភា​ ​ក្រុម​អ្នកកាសែត​ និង​ក្រុម​អ្នកការទូត​បរទេស។ ចំនួន​មនុស្ស​ស្លាប់​នោះ​គឺ​ទទួល​បាន​មក​ពី​សេវាកម្ម​រថយន្ត​សង្គ្រោះ​បន្ទាន់​ ដែល​និយាយ​ថា ​ពួកគេ​បាន​ដឹក​អ្នក​របួស​ជាង​២០​នាក់​ទៅ​កាន់​មន្ទីរពេទ្យ។ ​គ្មាន​ព័ត៌មាន​ភ្លាម​ៗ​ស្តីពី​សញ្ជាតិ​របស់​អ្នក​ត្រូវ​របួស​ ឬ​ស្លាប់​ទាំងអស់​នោះ​ទេ។

ភ្នាក់​ងារ​ស៊ើប​ការណ៍​សម្ងាត់​ម្នាក់​របស់​សូម៉ាលី ​ថ្លែង​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ ​បាន​ប្រាប់ VOA ថា​ រថយន្ត​ម៉ាក្ស​Toyota Dyna ​មួយ​គ្រឿង ផ្ទុក​ទៅ​ដោយ​គ្រឿង​ផ្ទុះ​បាន​ផ្ទុះ​នៅ​ខាង​ក្រៅ សណ្ឋាគារ Sunday ​កាល​ពី​រសៀល​ថ្ងៃ​អាទិត្យ។

សណ្ឋាគារ​មួយ​ចំហៀង បាន​ដួល​រលំ​ទាំងស្រុង ​ហើយ​ក្រុម​អ្នក​ឃើញ​ហតុការណ៍​ផ្ទាល់​នឹង​ភ្នែក​ម្នាក់​និយាយថា ​មាន​មនុស្ស​ជា​ច្រើន​បាន​ជាប់​នៅ​ខាង​ក្នុង​កម្ទេច​បាក់​បែក​ទាំង​នោះ៕