ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ក្រុមហ៊ុន​ផ្ទេរ​បា្រក់​របស់​សូម៉ាលី​ប្រឈម​មុខ​នឹង​ការ​បិទ​ជា​បន្ទាន់


ស្រ្តី​ភាស​ខ្លួន​សូម៉ាលី​ម្នាក់​បី​កូន​និង​ប្រដាប់ប្រដា​ខណៈ​ពេល​គាត់​មក​ដល់​ជម្រក​បណ្ណោះអាសន្ន​នៅ​ក្រោយ​ការ​រត់​ភាស​ខ្លួន​ពី​គ្រោះ​ទុរភិក្ស​នៅ​ក្នុង​តំបន់​ Marka Lower Shebbele ទៅ​កាន់​រដ្ឋធានី Mogadishu កាលពី​ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៤។

ពលរដ្ឋ​សូម៉ាលី​ជាច្រើន​នឹង​បាត់បង់​ជំនួយ​ផ្នែក​ហិរញ្ញវត្ថុ​ ខណៈ​ពេល​ដែល​ធនាគារ​ស.រ.អា​មួយ​បិទ​គណនី​សម្រាប់​ការ​ផ្ទេរ​ប្រាក់​ពី​ស.រ.អា​ទៅ​កាន់​ប្រទេស​សូម៉ាលី។ ភាព​ភ័យខ្លាច​អំពី​ច្បាប់​ប្រឆាំង​នឹង​ភេវកម្ម​និង​បញ្ញាត្តិ​ធានាគារ​ស្មុគស្មាញ​បាន​ធ្វើ​ឲ្យ​ធានាគារ​ខ្លាច​រអា​ក្នុង​ការ​ធ្វើ​ជំនួញ​ជាមួយ​ប្រទេស​សូម៉ាលី​ ប៉ុន្តែ​ការ​បិទ​ជា​បន្ទាន់​នេះ​អាច​នឹង​មាន​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ចំពោះ​ពលរដ្ឋ​សូម៉ាលី​ដែល​ពឹងផ្អែក​លើ​ប្រាក់​បញ្ញើ​ពី​ក្រៅ​ប្រទេស។

ចាប់​តាំង​ពី​ការ​ដួល​រលំ​របស់​រដ្ឋាភិបាល​សូម៉ាលី​នៅ​ក្នុង​ឆ្នាំ​១៩៩១​មក និង​ចលាចល​ដែល​កើត​ឡើង​ជា​បន្ត​បន្ទាប់​ ពលរដ្ឋ​សូម៉ាលី​រាប់​ពាន់នាក់​ពឹង​ផ្អែក​លើ​ប្រាក់​ដែល​ផ្ញើ​ពី​សាច់ញាតិ​និង​មិត្តភក្តិ​ដែល​រស់នៅ​ក្រៅ​ប្រទេស​ដែល​នេះ​ជា​ប្រភព​ធនធាន​តែ​មួយ​គត់​សម្រាប់​ពួកគេ។ ការ​ផ្ទេរ​ប្រាក់​ជា​ជំនួញ​ដ៏​ធំ​មួយ​នៅ​ក្នុង​ប្រទេស​សូម៉ាលី។

កាលពី​ថ្ងៃសុក្រ​ ធ​នាគារ​ Merchants Bank of California ដែល​ជា​ធានាគារ​ចុងក្រោយ​ដែល​មាន​ឆន្ទៈ​ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​ក្រុមហ៊ុន​ផ្ទេរ​ប្រាក់​សូម៉ាលី​និង​អាមេរិក​ ត្រូវ​បាន​រំពឹង​ថា​នឹង​បិទ​គណនី​របស់​ក្រុមហ៊ុន​ទាំងនោះ។

ស្ថាប័ន​ហិរញ្ញវត្ថុ​ជា​ច្រើន​ទៀត​ដែល​មាន​ដូចជា​ធានាគារ Sunrise Community Bank នៅ​សហរដ្ឋអាមេរិក​ និង​ធនាគារ Barclays Bank​ នៅ​ចក្រភព​អង់គ្លេស​បាន​បិទ​គណនី​ផ្ទេរ​ប្រាក់​របស់​ធនាគារ​សូម៉ាលី​ ដោយសារ​តែ​មាន​ការ ព្រួយបារម្ភ​ថា​ក្រុមហ៊ុន​ទាំងនោះ​មាន​ការ​ពាក់ព័ន្ធ​នឹង​ការ​លាង​លុយ​ និង​ការ​ផ្តល់​ប្រាក់​ដល់​សកម្មភាព​ភេវកម្ម។

សហរដ្ឋអាមេរិក​ និង​អ្នក​ធ្វើ​ការ​ផ្នែក​មនុស្សធម៌​បាន​ព្រមាន​ថា​ការ​បិទ​ក្រុមហ៊ុន​ទាំងនោះ​នឹង​មាន​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​នៅ​ក្នុង​ប្រទេស​សូម៉ាលី។ អង្គការ​ផ្តល់​ជំនួយ​សង្រ្គោះ​ដែល​មាន​ដូចជា​ អង្គការ​ Oxfam និង​ Adeso ដែល​ជា​អង្គការ​ក្រៅ​រដ្ឋាភិបាល​បាន​ប៉ាន់ស្មាន​ថា ​ពលរដ្ឋ​សូម៉ាលី​ដែល​រស់​នៅ​ក្រៅ​ប្រទេស​បាន​ផ្ញើ​ប្រាក់​មក​ស្រុក​កំណើត​ចំនួន​ច្រើន​ជាង​១ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ។

នាយក​អង្គការ​ Adeso លោកស្រី​ Degan Ali និយាយ​ថា​ យោង​ទៅ​តាម​ប្រវិត្តសាស្រ្ត​របស់​ប្រទេស​សូម៉ាលី​ ក្រុមហ៊ុន​ផ្ទេរ​ប្រាក់​គួរ​តែ​ត្រូវ​បាន​អនុញាតិ​ឲ្យ​ដំណើរការ។​

«យើង​ត្រូវការ​ដំណោះស្រាយ​ភ្លាមៗ​មួយ​ ហើយ​អ្វី​ដែល​យើង​ស្នើសុំ​គឺ​ថា​វា​គួរ​តែ​មាន​ករណី​លើក​លែង​ចំពោះ​ប្រទេស​សូម៉ាលី​នេះ​ពីព្រោះ​ថា​ប្រទេស​នេះ​ជា​ប្រទេស​តែ​មួយ​គត់​ដែល​បាន​ឆ្លង​កាត់​គ្រោះ​ទុរភិក្ស​ពីរ​លើក​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​នានា​ពេល​ថ្មីៗ​របស់​ខ្លួន។ ប្រទេស​នេះ​ជា​ប្រទេស​ដែល​មាន​សង្គ្រាម​ច្រើន​ហើយ​ពលរដ្ឋ​ងាយ​នឹង​ប្រឈម​មុខ​នឹង​កង្វះ​ខាត​ស្បៀងអាហារ»។

ក្រុមហ៊ុន​ផ្ទេរ​ប្រាក់​របស់​សូម៉ាលី​ដើរ​តួ​ដូច​ជា​ Western Union និង​ MoneyGram អញ្ចឹង​ដែរ ប៉ុន្តែ​ក្រុមហ៊ុន​ទាំងនេះ​អាច​ផ្ញើ​ប្រាក់​ទៅ​ដល់​កន្លែង​ដាច់​ស្រយាល​ដែល​ក្រុមហ៊ុន​ផ្សេងៗ​មិន​អាច​ទៅ​ដល់។

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ អង្គការ​ Oxfam ដែល​មាន​មូលដា្ឋន​នៅ​ចក្រភព​អង់គ្លេស​បាន​និយាយ​ជា​ច្រើន​ដង​មក​ហើយ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ថា​ ខ្លួន​បាន​ឲ្យ​យោបល់​ដល់​អ្នក​តាក់តែង​ច្បាប់​និង​ក្រុម​មន្ត្រី​អំពី​ផល​ប៉ះពាល់​ដ៏​ធ្ងន់ធរ​នៃ​ការ​បិទ​ច្រក​ស្រប​ច្បាប់​និង​សុវត្ថិភាព​ចុងក្រោយ​ក្នុង​ការ​ផ្តល់​ប្រាក់​បញ្ញើ​មនុស្សធម៌​ទៅ​កាន់​ប្រទេស​សូម៉ាលី។

អង្គការ​ផ្តល់​ជំនួយ​ក៏​បាន​ឲ្យ​យោបល់​ថា​ ការ​បញ្ចប់​ការ​ផ្ទេរ​ប្រាក់​នេះ​នឹង​ធ្វើ​ឲ្យ​វិបតិ្ត​មនុស្សធម៌​របស់​សូម៉ាលី​កាន់​តែ​យ៉ាប់យឺន​ទៅ​ៗ​ ព្រម​ទាំង​ធ្វើ​បាត់បង់​ការ​ចំណេញ​ទាំងឡាយ​ណា​ដែល​ប្រទេស​មួយ​នេះ​បាន​ទទួល​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ។​

អង្គការ​ជំនួយ​ដែល​ធ្វើ​ការ​នៅ​ប្រទេស​សូម៉ាលី​ ក៏​ដូច​ជា​អង្គការ​សហប្រជាជាតិ​ពឹង​ផ្អែក​លើ​ការ​ផ្ទេរ​ប្រាក់​ដើម្បី​ផ្តល់​ប្រាក់​បៀវត្សន៍​ដល់​បុគ្គលិក​របស់​ខ្លួន​ និង​ដើម្បី​អនុវត្ត​គម្រោង​នានា​ជា​ពិសេស​នៅ​ក្នុង​ភូមិ​តូចៗ​និង​ទីប្រជុំជន។

Sahal Hassan ជនជាតិ​សូម៉ាលី​ដែល​រស់នៅ​ក្រុង​ Nairobi​ ប្រទេស​កេនយ៉ា​និយាយ​ថា​ រដ្ឋាភិបាល​អាមេរិក​គួរ​តែ​ជួយ​ប្រទេស​សូម៉ាលី​ក្នុង​ការ​បង្កើត​ប្រព័ន្ធ​ហិរញ្ញវត្ថុ​ស្រប​ច្បាប់​មួយ។

«អាមេរិក​ ពួកគេ​ពិតជា​ជួយ​ពួកយើង​ ប៉ុន្តែ​ហេតុអ្វី​បាន​ពួកគេបិទ​ប្រភព​តែ​មួយ​គត់​នៃ​ជីវភាព​របស់​យើង​ដូច្នេះ​ទៅ​វិញ​?​ វា​នឹង​មាន​ផល​ប៉ះពាល់​ចំពោះ​យើង​ជាក់​ជា​មិនខាន។ ដំណោះស្រាយ​គឺ​ថា​ប្រសិន​បើ​អាមេរិក​សម្រេច​ចិត្ត​បិទ​គណនី​ធានាគារ​ទាំង​នោះ​ ពួកគេ​ត្រូវ​តែ​ជួយ​ពួកយើង​បង្កើត​ប្រព័ន្ធ​ច្បាប់​មួយ​ និង​ធ្វើ​កំណែ​ទម្រង់​ក្រុមហ៊ុន​ផ្ទេរ​ប្រាក់​ មិន​មែន​ទុក​ពួកយើង​ឲ្យ​នៅ​ក្នុង​ភាព​អត់​ឃ្លាន​ និង​ទទួល​រង​ទុក្ខ​វេទនា​ដូច​នេះ​ទេ»។

លោកស្រី Ali ដែល​ជា​នាយក​អង្គការ​ Adeso និយាយ​ថា​ពលរដ្ឋ​គួរ​តែ​ទទួល​បាន​ពេលវេលា​ខ្លះ​ដើម្បី​ត្រៀមខ្លួន​ ខណៈ​ដែល​ប្រទេស​នេះ​ព្យាយាម​លើក​កម្ពស់​ប្រព័ន្ធ​ហិរញ្ញវត្ថុ​របស់​ខ្លួន។​

«សម្រាប់​ពេល​ឥលូវ​នេះ​ ដំណោះស្រាយ​បន្ទាន់​ជា​បណ្ណោះអាសន្ន​ គឺ​ការ​លើក​លែង​លើ​ប្រទេស​សូម៉ាលី​ចំពោះ​ច្បាប់​ទាំងនេះ​ដើម្បី​ចៀសវាង​ផលវិបាក​ ខណៈ​ដែល​យើង​ព្យាយាម​ពង្រឹង​ធនាគារ​កណ្តាល​នៅ​ប្រទេស​សូម៉ាលី»។

រដ្ឋាភិបាល​សូម៉ាលី​កំពុង​ជាប់​នៅ​ក្នុង​បញ្ហា​ជាមួយក្រុម​សកម្មប្រយុទ្ធ​ al-Shabab និង​បាន​ប្រឈម​ជាមួយ​ការ​ប៉ះទង្គិច​ផ្ទៃ​ក្នុង​នយោបាយ​អស់​ជាច្រើន​ខែចុងក្រោយ​នេះ។​

ក្រុម​អ្នក​អង្កេត​ការណ៍​បាននិយាយ​ថា វា​ចាំបាច់​ក្នុង​ការ​ប្រឹងប្រែង​បន្ថែម​ទៀត​ដើម្បី​ស្តារ​និង​ពង្រឹង​ប្រព័ន្ធ​ធនាគារ​របស់​សូម៉ាលី​ ដើម្បី​ជំរុញ​សេដ្ឋកិច្ច​ឡើង​វិញ​និង​ជួយ​សម្រួល​ការ​រង​ទុក្ខ​វេទនា​របស់​ពលរដ្ឋ​សូម៉ាលី៕

ប្រែ​សម្រួល​ដោយ ប៊ុន ប៉េងហ៊ុយ

XS
SM
MD
LG