អ្នកនាំពាក្យក្រសួងមហាផ្ទៃតាលីបង់ លោក Qari Saeed Khosti បានឲ្យដឹងថា ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅខាងក្រៅវិហារអ៊ីស្លាមសំខាន់មួយនៅទីក្រុងកាប៊ុល បានសម្លាប់ជនស៊ីវិលអាហ្វហ្គានីស្ថាន៥នាក់ និងរបួសយ៉ាងហោចណាស់៤នាក់ទៀត។
នេះជាការវាយប្រហារលើកដំបូងនៅក្នុងរដ្ឋធានីនេះ ចាប់តាំងពីចុងខែសីហានៅពេលក្រុមរដ្ឋអ៊ីស្លាមខេត្ត Khorasan ម្នាក់បំផ្ទុះគ្រាប់បែកអត្តឃាតសម្លាប់មនុស្សប្រហែល២០០នាក់ រួមទាំងយោធាអាមេរិកចំនួន១៣នាក់នៅជិតអាកាសយានដ្ឋានក្រុងកាប៊ុល។
មិនមានការប្រកាសទទួលខុសត្រូវភ្លាមៗចំពោះការវាយប្រហារកាលពីថ្ងៃអាទិត្យលើវិហារ Eid Gah Mosque នៅកណ្តាលទីក្រុងនោះទេ ហើយទំនងជាកំណត់វាយប្រហារលើការជួបជុំធ្វើអធិស្ឋានពិសេសមួយសម្រាប់ម្តាយអ្នកនាំពាក្យតាលីបង់លោក Zabihullah Mujahid ដែលបានទទួលមរណភាពថ្មីៗនេះ។
អ្នកនាំពាក្យតាលីបង់នៅប្រទេសកាតា លោក Suhail Shaheen បាននិយាយថា លោក Mujahid និងសហការីផ្សេងទៀតមានសុវត្ថិភាព ពីព្រោះការផ្ទុះនេះនៅឆ្ងាយពីពួកគេ។
លោក Hamidullah សមាជិកម្នាក់របស់ពួកតាលីបង់បាននិយាយថា គាត់ស្ថិតនៅចម្ងាយ ៣ ម៉ែត្រពីអ្នកបំផ្ទុះគ្រាប់បែកអត្តឃាតនៅក្នុងវិហារអ៊ីស្លាម។
នៅខាងក្រៅមន្ទីរពេទ្យសង្គ្រោះបន្ទាន់ទីក្រុងកាប៊ុលដែលជនរងគ្រោះខ្លះត្រូវបានបញ្ជូនទៅព្យាបាល លោកបានប្រាប់អ្នកសារព័ត៌មានថា៖ «ខ្ញុំប៉ើងដោយដោយសារកម្លាំងផ្ទុះ»។
ពួករដ្ឋអ៊ីស្លាមខេត្ត Khorasan ដែលជាសម្ព័ន្ធរបស់ក្រុមរដ្ឋអ៊ីស្លាមជ្រុលនិយមនៅអាហ្វហ្គានីស្ថាន បានប្រកាសទទួលខុសត្រូវការវាយប្រហារជាបន្តបន្ទាប់នៅខេត្ត Nangarhar និង Kunar ភាគខាងកើតប្រទេសកាលពីសប្តាហ៍មុន ដោយបានសម្លាប់ជនស៊ីវិល និងយុទ្ធជនតាលីបង់រាប់សិបនាក់។
លោក Bilal Karimi អ្នកនាំពាក្យតាលីបង់បាននិយាយថា ជនសង្ស័យ ៣ នាក់ត្រូវបានចាប់ខ្លួន ហើយគ្មានយុទ្ធជនតាលីបង់ណាម្នាក់រងគ្រោះថ្នាក់ឡើយ។
កងកម្លាំងរដ្ឋាភិបាលតាលីបង់បានបំផ្លាញទីតាំងពួករដ្ឋអ៊ីស្លាមនៅភាគខាងជើងទីក្រុងកាប៊ុលកាលពីល្ងាចថ្ងៃអាទិត្យ បន្ទាប់ពីការបំផ្ទុះនេះ។ នេះបើតាមទីភ្នាក់ងារព័ត៌មាន Reuters។
មិនមានការបញ្ជាក់ថា តើប្រតិបត្តិការនេះ ជាប់ទាក់ទងដោយផ្ទាល់ជាមួយការផ្ទុះកាលពីថ្ងៃអាទិត្យដែលហាក់ដូចជាការវាយប្រហារធ្ងន់ធ្ងរបំផុតនៅក្នុងរដ្ឋធានីអាហ្វហ្គានីស្ថានចាប់តាំងពីការដកទ័ពអាមេរិកនៅចុងខែសីហា។
លោក Zabihullah Mujahid បាននិយាយថា អង្គភាពពិសេសរបស់តាលីបង់ បានធ្វើប្រតិបត្តិការប្រឆាំងនឹងក្រុមរដ្ឋអ៊ីស្លាម នៅសង្កាត់ទី ១៧ ក្រុងកាប៊ុលនៅភាគខាងជើង។
លោកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍តាម Twitter នៅព្រឹកថ្ងៃចន្ទនេះថា មូលដ្ឋានរបស់រដ្ឋអ៊ីស្លាមត្រូវបានបំផ្លាញទាំងស្រុង ហើយសមាជិកទាំងអស់ នៅក្នុងនោះត្រូវបានសម្លាប់ ដោយសារតែការវាយប្រហារច្បាស់លាស់ និងជោគជ័យនេះ។ បណ្តាញព័ត៌មានក្នុងស្រុកបានរាយការណ៍ពីការប៉ះទង្គិចគ្នាយ៉ាងខ្លាំងនៅក្នុងតំបន់នោះ ហើយពួកគេបាន ឮស្នូរផ្ទុះនិងស្នូរកាំភ្លើងនៅពេលយប់៕
លោក Ayaz Gul រួមចំណែកក្នុងសេចក្តីរាយការណ៍នេះ ដែលរួមមានព័ត៌មានពីទីភ្នាក់ងារព័ត៌មាន The Associated Press និង Reuters។