លោក John Bolton ទីប្រឹក្សាសន្តិសុខជាតិអាមេរិកបាននិយាយកាលពីថ្ងៃអាទិត្យថាសហរដ្ឋអាមេរិកបានចុះហត្ថលេខាលើឯកសារយល់ព្រមបង់ប្រាក់ចំនួន២លានដុល្លារសម្រាប់ការថែទាំសុខភាពរបស់លោក Otto Warmbier ដែលត្រូវបានឃាត់ខ្លួនដោយរដ្ឋាភិបាលក្រុងព្យុងយ៉ាង ប៉ុន្តែមិនដែលបង់ប្រាក់នោះទេ។
លោកបានប្រាប់ Fox News Sunday ថា «វាច្បាស់ណាស់! តាមដែលខ្ញុំ ពិនិត្យមើលរឿងនេះក្នុងពេលប៉ុន្មានថ្ងៃកន្លងទៅនេះថា មិនមាននរណាបង់លុយនេះទេ។ ច្បាស់ណាស់»។
លោក Bolton បានបញ្ជាក់អំពីព័ត៌មានប៉ុន្មានថ្ងៃថ្មីៗនេះដែលថា កូរ៉េខាងជើងបានទាមទារប្រាក់នេះនៅពេលប្រគល់ជានិស្សិតមហាវិទ្យាល័យឈ្មោះ Warmbier ឲ្យអាជ្ញាធរសហរដ្ឋអាមេរិក កាលពីជិតពីរឆ្នាំមុន ដើម្បីឲ្យគាត់អាចត្រឡប់មកសហរដ្ឋអាមេរិកវិញ។លោកបានស្លាប់ប៉ុន្មានថ្ងៃក្រោយមក។
លោក Warmbier និស្សិតសាកលវិទ្យាល័យរដ្ឋ Virginia បានទៅលេងកូរ៉េខាងជើងនៅពេលគាត់ត្រូវបានគេចាប់ដាក់គុកកាលពខែមករាឆ្នាំ២០១៦ ហើយត្រូវបានកាត់ទោសឱ្យជាប់គុក១៥ឆ្នាំពីបទព្យាយាមលួចផ្ទាំងឃោសនាពីសណ្ឋាគារគាត់ស្នាក់នៅ។
មន្ត្រីកូរ៉េខាងជើងបាននិយាយថា លោក Warmbier បាត់បង់ស្មារតីនៅយប់ដែលគាត់ត្រូវបានផ្តន្ទាទោសកាលពីខែមីនាឆ្នាំ២០១៦។ នេះបើតាមកាសែត The Washington Post។ វេជ្ជបណ្ឌិតមិនបានកំណត់មូលហេតុទាក់ទងនឹងបញ្ហាខួរក្បាលរបស់លោកទេហើយថា ពួកគេមិនបានឃើញភស្តុតាងដែលថា លោកត្រូវបានវាយដំនោះទេ។
នៅក្នុងកិច្ចប្រជុំចុងក្រោយរបស់មេដឹកនាំអមេរិកនិងមេដឹកនាំកូរ៉េខាងជើងនៅក្នុងទីក្រុងហាណូយកាលពីខែកុម្ភៈ លោកប្រធានាធិបតីអាមេរិក Donald Trump បានថ្លែងថា លោកបានទទួលយកពាក្យរបស់មេដឹកនាំកូរ៉េខាងជើងលោកគីមជុងអ៊ុនដែលថា លោកមិនដឹងពីអ្វីដែលបានកើតឡើងចំពោះលោក Warmbier ក្នុងពន្ធនាគារនោះទេ៕