អ្នកស្រី ជេនីន អាណេ (Jeanine Áñez) ប្រធានាធិបតីបណ្តោះអាសន្ននៃប្រទេសបូលីវីនិយាយថាអ្នកស្រីកំពុងតែនៅដាច់ដោយឡែកពីគេ និងមានសុខភាពស្រួលបួលទេក្រោយពីបានធ្វើតេស្តឃើញថាបានឆ្លងវីរុសកូរ៉ូណា។
អ្នកស្រីអាណេបានប្រកាសកាលពីព្រហស្បតិ៍ថា អ្នកស្រីបានធ្វើតេស្តកាលពីសប្តាហ៍មុនបន្ទាប់ពីមានក្រុមបុគ្គលិកការងារអ្នកស្រីបានឆ្លងវីរុស។ អ្នកស្រីនឹងនៅដាច់ដោយឡែកចំនួន១៤ថ្ងៃមុននឹងធ្វើតេស្តម្តងទៀតដើម្បីពិនិត្យមើលការវិវត្ត។
មេដឹកនាំបូលីវីរូបនេះនិយាយថា អ្នកស្រីមានកម្លាំងខ្លាំងហើយនឹងបន្តធ្វើការងារពីកន្លែងនៅដាច់ពីគេ។
អ្នកស្រីអាណេបានក្លាយជាប្រធានាធិបតីក្នុងខែវិច្ឆិកា បន្ទាប់ពីលោកប្រធានាធិបតី អេវូ ម៉ូរាឡេ (Evo Morales) ចាកចេញពីប្រទេសដោយសារមានបាតុកម្មជាច្រើនសប្តាហ៍តវ៉ានឹងការជាប់ឆ្នោតជាថ្មីរបស់លោកនៅអាណត្តិទី៤ថាមិនមានធម្មនុញ្ញភាព។ ការបោះឆ្នោតជាថ្មីនឹងធ្វើឡើងនៅថ្ងៃទី៦ខែកញ្ញាដើម្បីសម្រេចថាអ្នកស្រីនឹងក្លាយជាប្រធានាធិបតីអចិន្ត្រៃយ៍ ឬយ៉ាងណា។
ប្រទេសបូលីវីមានអ្នកឆ្លងជាង៤៤.០០០នាក់ និងស្លាប់ជាង១.៦០០នាក់៕